Monday, January 20, 2025
Homeសន្ដិសុខសង្គមផឹកស៊ីទាស់សម្តី វ៉ៃ១ដំបងប្ញស្សីស្លាប់ រួចសែងសពទម្លាក់ទឹក

ផឹកស៊ីទាស់សម្តី វ៉ៃ១ដំបងប្ញស្សីស្លាប់ រួចសែងសពទម្លាក់ទឹក

ខេត្តក្រចេះ ៖ បុរស៤នាក់ បានជួបជុំគ្នា ផឹកស៊ីរហូតដល់ស្រវឹងជោក ក៏កើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតធ្វើឱ្យភាគីម្ខាងមានគ្នា៣នាក់ទប់ចិត្តមិនបាន ក៏ទាញដំបងឈើជ្រុងវាយសំពងចំក្បាលបុរសជាគូទំនាស់ បណ្តាលឱ្យស្លាប់ បន្ទាប់មកជនសង្ស័យទាំង៣ ក៏បែកគំនិតនាំគ្នាសែងយកសពជនរងគ្រោះ ទម្លាក់ចូលទៅក្នុងទឹកព្រែក បំណងបំបាត់ភ័ស្តុតាង ទីបំផុត ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់ឃាត់ខ្លួន បានទាំង៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីឃាតកម្មខាងលើ បានកើតឡើង កាលពីវេលាយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចព្រែកទេ ខាងលិចភូមិសំស្រែនន ប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងឃុំសកន្ទួត ស្រុកចិត្របុរី។

បុរសរងគ្រោះដែលត្រូវអ្នកផឹកស៊ីរួមវង់ ព្រួតវ៉ៃរហូតដល់ស្លាប់ រួចសែងយកសពបោះចោលក្នុងទឹកព្រែក មានឈ្មោះប៊ីវ និល អាយុ៤៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

ចំណែកជនសង្ស័យជាឃាតករ ទាំង៣នាក់ រួមមាន ទី១-ឈ្មោះតឹក វេត អាយុ៣១ឆ្នាំ ទី២-ឈ្មោះត្រុំ ជី អាយុ២៧ឆ្នាំ និងទី៣-ឈ្មោះស៊្រីម ស្រស់ អាយុ២៩ឆ្នាំ រស់នៅភូមិខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងក្រុមជនសង្ស័យទាំង៣នាក់ បានជួបជុំគ្នាផឹកស៊ី យ៉ាងសប្បាយក្អាកក្អាយ តាំងពីថ្ងៃរសៀល រហូតដល់កប់ព្រលប់ ចាប់ផ្តើមស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតឈានដល់ការប្រតាយប្រតប់គ្នាទៀតផង។ បន្ទាប់មក ជនសង្ស័យទាំង៣នាក់ បានស្ទុះទៅទាញដំបងប្ញស្សី មកព្រួតវាយទៅលើជនរងគ្រោះចំក្បាល និងដងខ្លួន រហូតដល់ស្លាប់។

ប្រភពដដែលបន្តថា ក្រោយពីសម្លាប់ជនរងគ្រាះរួចហើយ ក្រុមជនដៃដល់បាននាំគ្នា សែងយកសពរបស់ជនរងគ្រោះទៅបោះប្លុងចោលក្នុងទឹកព្រែកទេ ខាងលិចភូមិប្រមាណ ១០០ម៉ែត្រ បំណងបំបាត់ភ័ស្តុតាង។ តែចុងក្រោយសមត្ថកិច្ចនៅតែធ្វើការស្រាវជ្រាវរហូត ប្រទះឃើញសពជនរងគ្រោះ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យដៃដល់ទាំង៣នាក់ នាំយកមកសាកសួរ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ច បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ចិត្របុរី ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។

ដោយឡែក សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពីណី៕

RELATED ARTICLES