Saturday, January 11, 2025
Homeព័ត៌មានជាតិមេម៉ាយអាយុ៦៥ឆ្នាំ លែងប្តី៣ ប្រកាសរកប្តីទី៤ ហើយថា "ចូលវត្តមិនបានស្រួល ឬបាត់អផ្សុកនោះទេ"

មេម៉ាយអាយុ៦៥ឆ្នាំ លែងប្តី៣ ប្រកាសរកប្តីទី៤ ហើយថា “ចូលវត្តមិនបានស្រួល ឬបាត់អផ្សុកនោះទេ”

ស្ត្រីវ័យចំណាស់ម្នាក់ បន្ទាប់ពីលែងប្តី៣នាក់ ដែលសុទ្ធតែជាមនុស្សប្រមឹកនិងចូលចិត្តប្រើហិង្សាវាយដំ ទ្រាំរស់នៅក្នុងស្ថានភាពជាស្ត្រីមេម៉ាយកាយរងាអផ្សុកពេក បានសម្រេចចិត្តប្រកាសរកមិត្តប្រុស ឬប្តីទី៤ ដោយដាក់ស្លាកប្រកាសនៅទ្វាររបងផ្ទះតែម្តង រហូតមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។

ស្ត្រីចំណាស់ដែលលែងប្តី៣ អផ្សុកពេក ប្រកាសរកមិត្តប្រុស ឬប្តីទី៤នោះ មានឈ្មោះ ស៊ុមប៉ង ជម្ពូប្រះភេទ អាយុ៦៥ឆ្នាំ ជាជនជាតិថៃ រស់នៅក្នុងប្រទេសថៃ។

ស្ត្រីមេម៉ាយរូបនេះបានដាក់ស្លាកប្រកាសស្វែងរកមិត្តប្រុស ឬប្តីទី៤ នៅទ្វាររបងផ្ទះរបស់គាត់ ដែលមានខ្លឹមសារថា “ស្ត្រីអាយុ៦៥ឆ្នាំ ត្រូវការរកមិត្តប្រុស អាយុរវាង៦០-៧០ឆ្នាំ (ពោះម៉ាយ) ជាមនុស្សល្អ ចិត្តស្មោះ សុខភាពល្អ អស់លោកណាចាប់អារម្មណ៍សូមទាក់ទងនៅទីនេះ”។

តាមប្រភពបណ្តាញព័ត៌មានថៃ បានឱ្យដឹង កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា បន្ទាប់ពីបិទប្រកាសរកមិត្តប្រុស ឬប្តីទី៤នោះ ស្ត្រីវ័យចំណាស់ឈ្មោះស៊ុមប៉ង ជម្ពូប្រះភេទ បានផ្តល់សម្ភាសដល់ទូរទស្សន៍ក្នុងស្រុកមួយថា មូលហេតុដែលគាត់ប្រកាសរកមិត្តប្រុស ឬប្តីទី៤នេះ គឺដោយសារតែគាត់រស់នៅក្នុងស្ថានភាពជាស្ត្រីមេម៉ាយប៉ុន្មានឆ្នាំមកនេះ មានអារម្មណ៍ឯកាអផ្សុកពេក ក្រោយពេលគាត់បានលែងប្តីអស់៣នាក់មកហើយ ដោយសារតែរស់នៅមិនចុះសម្រុងគ្នា ព្រោះតែប្តីមុនទាំង៣នាក់នោះ សុទ្ធតែជាមនុស្សប្រមឹក និងចូលចិត្តប្រើហិង្សា វាយដំគាត់សឹងតែរាល់ថ្ងៃពេក ក្នុងនោះ ប្តីទី១ មានមុខរបរជាទាហាន មានកូនជាមួយគ្នា២នាក់។ ប្តីទី២ ជាជនជាតិអាល្លឺម៉ង់ រស់នៅជាមួយគ្នាបាន៥ឆ្នាំ ក៏លែងគ្នាទៅ។ រីឯប្តីទី៣ ជាជនជាតិបរទេសដូចគ្នាដែរ រស់នៅជាមួយគ្នាបាន៥ឆ្នាំ ក៏ចែកផ្លូវគ្នាទៀតទៅ ដោយសារតែគាត់មិនអាចទ្រាំនឹងនិស្ស័យមិនល្អរបស់ប្តីទាំង៣នាក់នោះ ដែលសុទ្ធតែជាមនុស្សប្រមឹក និងចូលចិត្តប្រើហិង្សាវាយដំគាត់សឹងតែរាល់ថ្ងៃ។ លុះពេលរស់នៅម្នាក់ឯងមានអារម្មណ៍ឯកាអផ្សុកពេក ទើបគាត់ប្រកាសស្វែងរកមិត្តប្រុស ឬប្តីថ្មី តែបើមិនបានទេ ក៏មិនដឹងធ្វើម៉េចដែរ មានតែទ្រាំរស់នៅបែបនេះបន្តទៀត។

ស្ត្រីចំណាស់ដដែលបានឱ្យដឹងបន្តថា ក្រោយពេលដែលគាត់ប្រកាសស្វែងរកមិត្តប្រុស ឬប្តីថ្មីនោះមក ក៏មានបុរសមួយចំនួនបានទាក់ទងសួរនាំគាត់ដែរ តែចុងក្រោយគាត់បានបដិសេធមិនទទួលទាំងអស់ ដោយសារតែបុរសទាំងនោះ ពេលនិយាយគ្នាទៅហាក់គ្មាននិស្ស័យ ពោលគឺ មិនត្រូវចិត្តគាត់សោះ ក្នុងនោះ មានម្នាក់គាត់ហាក់ត្រូវចិត្តខ្លះៗដែរ តែដោយសារគ្មានទ្រព្យសម្បត្តិអ្វីសោះ ទើបគាត់មិនទទួលយក ព្រោះខ្លាចរស់នៅជាមួយគ្នាទៅនាំឱ្យលំបាកទៅថ្ងៃក្រោយ។

ស្ត្រីមេម៉ាយដដែល បានបន្តថា នៅពេលគាត់ប្រកាសស្វែងរកមិត្តប្រុស ឬប្តីថ្មីបែបនេះ មានអ្នកខ្លះថា គាត់ចាស់ហើយនៅតែងប់ងុលរឿងផ្លូវភេទ មិនគិតទៅវត្តទៅវ៉ាអីទេ តែការពិតទៅគាត់មិនមែនបែបនោះទេ គឺគ្រាន់តែចង់មានគ្នាសម្រាប់មើលថែក្នុងវ័យចុងក្រោយនេះតែប៉ុណ្ណោះ តែបើមានគូ មានការរួមភេទ ក៏ជារឿងធម្មជាតិដែរ។ ចំណែកអ្នកដែលថា គាត់ចាស់ហើយ មិនគិតទៅវត្តទៅវ៉ាអីនោះ គាត់សូមឆ្លើយតបយ៉ាងខ្លីថា ចូលវត្តមិនបានស្រួល ឬបាត់អផ្សុកនោះទេ៕

RELATED ARTICLES