Tuesday, January 21, 2025
Homeសន្ដិសុខសង្គមមួរម៉ៅក្តៅចិត្តរឿងប្រពន្ធសុំលែង ប្តីទាញកាំបិតកាប់ របួសធ្ងន់

មួរម៉ៅក្តៅចិត្តរឿងប្រពន្ធសុំលែង ប្តីទាញកាំបិតកាប់ របួសធ្ងន់

ខេត្តក្រចេះ ៖ បុរសជាប្តីម្នាក់ ព្រោះតែមួម៉ៅក្តៅចិត្តនឹងរឿងប្រពន្ធសុំលែង ទប់កំហឹងមិនបាន ក៏ទាញកាំបិតកាប់ប្រហារប្រពន្ធជាច្រើនកាំបិត ដោយគ្មានញញើតដៃ បណ្តាលឱ្យស្ត្រីជាប្រពន្ធទទួលរងរបួសយ៉ាងធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិខ្វាន់ជាល ឃុំស្រែចារ ស្រុកស្នួល។

បុរសដៃដល់ជាប្តីដែលកាប់ចិញ្ច្រាំប្រពន្ធឱ្យរងរបួសធ្ងន់ ព្រោះតែខឹងនឹងរឿងប្រពន្ធសុំលែងលះនេះ មានឈ្មោះពៅ សុខខឿន អាយុ ២៤ឆ្នាំ មុខរបរកម្មករ។ ចំណែកស្ត្រីរងគ្រោះ ជាប្រពន្ធ មានឈ្មោះហម សុភី អាយុ២២ឆ្នាំ រងរបួសពេញខ្លួន។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីអ្នកជិតខាងបានឱ្យដឹងថា ប្តីប្រពន្ធខាងលើ រស់នៅមិនសូវចុះសម្រុងនឹងគ្នាទេ ដោយសារតែបុរសជាប្តីគឺជាមនុស្សប្រើប្រាស់ថ្នាំញៀន និងតែងផឹកស្រាស្រវឹងជាប់ជាប្រចាំ ហើយរាល់ពេលស្រវឹងស្រា ឬបែកថ្នាំ ម្តងៗចេះតែរករឿងប្រចណ្ឌប្រពន្ធដាក់អ្នកនេះ ដាក់អ្នកនោះពេញភូមិ ទើបធ្វើឱ្យចេះតែកើតមានជម្លោះនឹងគ្នាជាញឹកញាប់។

ប្រភពដដែលបន្តថា ដោយសារតែទ្រាំនឹងប្តីប្រមឹក ញៀនថ្នាំ និងប្រចណ្ឌខុសរឿងមិនបាន ទើបស្ត្រីរងគ្រោះសម្រេចចិត្តសុំប្តីនេះ លែងលះគ្នា តែត្រូវបុរសជាប្តីបដិសេធមិនព្រមលែងដាច់ខាត។ លុះមកដល់ថ្ងៃកើតហេតុ ក៏កើតមានរឿងរ៉ាវកាប់ចិញ្ច្រាំប្រពន្ធស្ទើរស្លាប់ ស្ទើររស់បែបនេះតែម្តង។

ប្រភពខាងលើបញ្ជាក់ថា នៅមុនពេលកើតហេតុ បុរសជាប្តីទំនងជាទើបនឹងមកពីប្រើប្រាស់ថ្នាំញៀនផង ផឹកស្រាស្រវឹងផង ទើបគ្រាន់តែចូលដល់ផ្ទះវិញ ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ហើយខណៈនោះ ស្ត្រីជាប្រពន្ធក៏លើកយករឿងលែងលះគ្នាមករំលឹកឡើងវិញទៀត ទើបធ្វើឱ្យជនដៃដល់ជាប្តីទ្រាំមិនបានក៏ទាញកាំបិតស្ទុះទៅកាប់ចិញ្ច្រាំប្រពន្ធទាំងកំរោល ធ្វើឱ្យស្ត្រីរងគ្រោះបានព្យាយាមស្រែកហៅគេឱ្យជួយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សាច់ញាតិ និងអ្នកជិតខាងស្ទុះទៅដល់ទីតាំងកើតហេតុ រួចក៏ប្រទះឃើញស្ត្រីរងគ្រោះដេក ដួលក្នុងថ្លុកឈាមរងរបួសស្ទើរសុសខ្លួនទៅហើយ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋក្បែរខាង បានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយ អន្តរាគមន៍ និងជួយដឹកបញ្ជូនស្ត្រីរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ។ ចំណែកជនដៃដល់ជាប្តី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅសាកសួរ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES