ក្រោយសម្រិតសម្រាំងការផលិតអស់រយៈពេលជាច្រើនខែ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ រឿង “សសរកន្លោង” ដែលជាភាពយន្តខ្នាតធំ បែបភ័យរន្ធត់ បានបើកសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយ ខណៈដែលមានការរំពឹងថា នឹងផ្ទុះការគាំទ្រមិនចាញ់រឿង “កំណត់ហេតុនាងនាថ” ដែលទទួលបានចំណូលជាង៣០ម៉ឺនដុល្លារ នាពេលកន្លងទៅ។
នៅក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងរឿង “សសរកន្លោង” នៅផ្សារទំនើបអ៊ីអន ដែលមានតារាសិល្បៈល្បីៗជាច្រើនចូលរួមយ៉ាងច្រើនកុះករ ផ្អើលអាជីវករ និងអ្នកដើរកម្សាន្តនោះ លោកចាន់ណា រ៉ូណាន់ ដែលជាផលិតករវ័យក្មេង បានថ្លែងឲ្យដឹងថា “រឿងនេះជាភាពយន្តបែបភ័យរន្ធត់ ព្រឺព្រួច មានខ្មោចតាមលងបន្លាច និងបានឆ្លុះបញ្ចាំងពីសម័យកាលអាណានិគមនិយមបារាំង រួមបញ្ចូលជាមួយសម័យកាលបច្ចុប្បន្ន ហើយរឿងនេះគឺមានឈុតឆាកភ័យរន្ធត់៧០ភាគរយ និងកំប្លែង៣០ភាគរយ។
លោកថា រឿងនេះជាស្នាដៃទី២របស់ផលិតកម្ម “ឥន្ទ្រានិម្មិត” បន្ទាប់ពីរឿង “កំណត់ហេតុនាងនាថ” ហើយលោកមានជំនឿចិត្តថា រឿងនេះនឹងមិនធ្វើឲ្យទស្សនិកជនខកចិត្តនោះទេ ដោយហេតុក្រុមផលិតកររបស់លោកបានសម្រិតសម្រាំងជាខ្លាំង ទាំងសាច់រឿង ការដឹកនាំសម្ដែង រចនាប្លង់ និងមានរូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក ជាដើម។ ពោលគឺរឿងនេះមានគុណភាពល្អ និងទាក់ទាញជាងរឿង “កំណត់ហេតុនាងនាថ” ទៅទៀត។
លោករ៉ូណាន់ ក៏បានបង្ហើបឲ្យដឹងដែរថា “កាលស្នាដៃទី១ រឿង “កំណត់ហេតុនាងនាថ” ទាញបានចំណូលពីការលក់សំបុត្រជាង៣០ម៉ឺនដុល្លារ ហើយក្រោយពេលបែកចែកការចំណាយ និងចែកជាមួយរោងភាពយន្តរួចរាល់ បានចំណេញជាង១៤ម៉ឹនដុល្លារ។ដូច្នេះសម្រាប់រឿង “សសរកន្លោង” លោករំពឹងថា នឹងផ្ទុះការគាំទ្រកើបបា្រក់មិនចាញ់រឿង “កំណត់ហេតុនាងនាថ” ខណៈដែលស្នាដៃទី២នេះ លោកចំណាយទុនផលិតអស់ជាង៧ម៉ឺនដុល្លារ។
យ៉ាងណា លោករ៉ូណាន់ បង្ហើបថា រឿង “សសរកន្លោង” នេះ ជាស្នាដៃចុងក្រោយរបស់លោកហើយ គឺលោកនឹងដកថយពីការផលិតភាពយន្តមួយរយៈ ដោយត្រូវងាកទៅបើកមុខជំនួញមួយចំនួន ដែលគ្រោងបើកហាងការហ្វេ និងហាងកាត់សក់ ជាដើម។ លោកថា មិនទាន់ច្បាស់ពីគម្រោងវិលមកផលិតភាពយន្តជាថ្មីនោះទេ បើទោះបីលោកទាញបានចំណូលពីវិស័យភាពយន្តយ៉ាងក្រាស់ក្រែលក្ដី។
លោករ៉ូណាន់ នៅតែបង្ហាញក្ដីរំពឹងថា ភាពយន្តបែបភ័យរន្ធត់រឿង “សសរកន្លោង” ដែលដាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា តទៅ នឹងមិនធ្វើឲ្យទស្សនិកជនខកចិត្តនោះទេ៕