បុរសម្នាក់ឌុបសង្សារចេញពីក្លឹបឈប់ម៉ូតូរង់ចាំមិត្តភក្តិ ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ និងកាបូបលុយរបស់នារីជាសង្សារទៅបាត់ដោយសុវត្ថិភាព បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខវត្តឥដ្ឋបុរី តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ យ៉ង់ សូវៀត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរចុងភៅនៅហាងផឹកស៊ីមួយកន្លែង ស្នាក់នៅកន្លែងធ្វើការម្តុំអង់តែនទួលគោក សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិព្រែកជីហាយ ស្រុកកោះធំ ខេត្តកណ្តាល និងជនរងគ្រោះជាសង្សារមានឈ្មោះ នៅ សុវណ្ណារត័ ភេទស្រី អាយុ២០ឆ្នាំ មុខរបរមេការនៅខារ៉ាអូខេ
បេស្តារ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បាអំពៅ ខណ្ឌច្បាប់អំពៅ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ប្រាប់អោយដឹងថា មុនពេលកើតហេតុពួកគេទាំងពីរនាក់ រួមទាំងមិត្តភក្តិប្រុសស្រី៧នាក់ទៀត ជិះម៉ូតូ៣គ្រឿង បានទៅរាំលេងនៅក្លឹបកំសាន្តយីហោ រីលុច្ស នៅម្តុំផ្សារស៊ិនជូរី ។ លុះដល់វេលាកើតហេតុរូបគេបានចេញពីក្លឹបក្នុងបំណងជូនសង្សារទៅផ្ទះវិញដោយជិះម៉ូតូម៉ាក និក ពណ៌ស ពាក់ស្លាកលេខ ៥៩២៦ តាមបណ្តោយផ្លូវសហពន្ធរុស្ស៉ី ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុកើតហេតុក៏ឈប់រងចាំមិត្តភក្តិដែលជិះមកតាមក្រោយ ខណៈពេលនោះស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៧នាក់ ជិះម៉ូតូ៣គ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីម, ម៉ាកលែត និងមួយគ្រឿងទៀតម៉ាកស្កុបពី បានជិះមកពីក្រោយ ហើយជនសង្ស័យដែលជិះម៉ូតូម៉ាកហុងដាឌ្រីម បានធ្វើសកម្មភាពដកកាំភ្លើងខ្លីមួយដើម ភ្ជង់ប្លន់យកម៉ូតូ និងកាបូបស្ពាយរបស់ជនរងគ្រោះបានសម្រេច រួចក្រុមជនសង្ស័យក៏ជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ជនរងគ្រោះបានឲ្យដឹងថា នៅក្នុងកាបូបរបស់នារីរងគ្រោះដែលត្រូវក្រុមជនសង្ស័យប្លន់យកទៅមានលុយចំនួន៣ម៉ឺនរៀល និងគ្រឿងផាត់មុខមួយចំនួន។
ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍គនរបាលរដ្ឋបាលទឹកថ្លា ដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនសង្ស័យយកទៅដាក់ទោសទៅតាមផ្លូវច្បាប់៕