ខេត្ដកណ្តាលៈ ស្ត្រីជនជាតិវៀតណាម តែខ្លួនជាប្រុស បានចង.កធ្វើអត្តឃាតសម្លាប់ខ្លួន នៅក្នុងរោងបាយខាងក្រោយផ្ទះស្នាក់នៅរបស់ខ្លួន ដោយពុំដឹងមូលហេតុ ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។
ប៉ូលិសស្រុកស្អាងបានឲ្យដឹងថា ស្ត្រីរងគ្រោះគិតខ្លីចង.កបញ្ចប់ជីវិតខ្លួនឯងនោះមានឈ្មោះ សុខម៉ី ភេទស្រី (តែងខ្លួនធ្វើជាប្រុស) អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មានឪពុកឈ្មោះ សុខ ចាន់ អាយុ៦៥ឆ្នាំ ជនជាតិវៀតណាម ម្ដាយឈ្មោះ តាំង ថាន់ អាយុ៦១ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ។
ប៉ូលិសបន្តថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរចូលទៅសំងំនៅក្នុងផ្ទះដោយពុំមាននណាម្នាក់ ចាប់អារម្មណ៍ថាស្ត្រីរងគ្រោះគិតខ្លីនោះទេ ។ លុះដល់វេលាម៉ោងកើតហេតុស្ត្រីជាម្តាយបានដើរចូលទៅក្នុងរោងបាយ ក៏បានប្រទះឃើញស្ត្រីរងគ្រោះជាកូនចង.កស្លាប់ ។ ភ្លាមនោះស្ត្រីជាម្តាយបានស្ទុះអោបស្ត្រីរងគ្រោះដាក់ចុះមកក្រោម ស្រែកហៅក្រុមគ្រួសារមកជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចប៉ូលិសមូលដ្ឋានឲ្យបានជ្រាប ។
ប៉ូលិសបច្ចេកទេស និងវិទ្យាសាស្ត្រស្អាងបានបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្តឃាតប្រាកដមែន មិនមានជាប់ពាក់ព័ន្ធបទល្មើសអ្វីឡើយ ។ ស្ត្រីរងគ្រោះបានប្រើប្រាស់ខ្សែក្រវ៉ាត់ចងភ្ជាប់ទៅនឹងធ្នឹមរោងបាយ ។
ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចប៉ូលិសបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
សិលា