ភ្នំពេញ ៖ យុវជនម្នាក់ព្រោះតែនឹករលឹកដល់នារីជាគូដណ្តឹងពេក ក៏បបួលមិត្តភក្តិជិះម៉ូតូចេញពីភ្នំពេញ បំណងទៅជួបមុខនារីជាគូដណ្តឹង នៅឯខេត្តកំពង់ចាមទាំងយប់ ស្រាប់តែអកុសល មិនទាន់ដល់គោលដៅផង ក៏ត្រូវរថយន្តទំនើប១គ្រឿង បើកបុកបណ្តាលឱ្យស្លាប់យ៉ាងអាណោច អាធ័ម ចំណែកមិត្តភក្តិរួមដំណើរជាមួយ ទទួលរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើស្ពានលីយ៉ុងផាត់ ស្ថិតក្នុងភូមិកណ្កាល់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ យុវជនរងគ្រោះ ដែលត្រូវរថយន្តបុកស្លាប់នៅកន្លែងកើតហេតុ មានឈ្មោះខួច ចាន់ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិវត្តក្តី ឃុំវាលប៉ូង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ជាអ្នកបើកម៉ូតូ)។
ចំណែកយុវជនជាមិត្តភក្តិដែលរងរបួសធ្ងន់មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាមានស្រុកកំណើតនៅខេត្តកំពង់ ចាម។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FY-0047។ ចំណែករថយន្តបង្ក ម៉ាកឡិចស៊ីស LX-570 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2AS-0002។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកឡិចស៊ីស LX-570 ធ្វើដំណើរមកដល់លើស្ពានលីយ៉ុងផាត់ ក្នុងទិសដៅឆ្ពោះចូលរាជធានីភ្នំពេញ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានព្យាយាមបើកវ៉ាជែងខាងឆ្វេងរថយន្ត១គ្រឿងទៀត មិនចាំម៉ាក ហើយក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះ ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ចំពីមុខពេញទំហឹង បណ្តាលឱ្យយុវជនជាអ្នកបើកម៉ូតូខ្ទាតទៅបោកនឹងបង្កាន់ដៃស្ពាន បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុគួរឱ្យរន្ធត់ ចំណែកអ្នករួមដំណើរពីក្រោយ រងរបួសធ្ងន់ធ្ងរ និងត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ រីឯម៉ូតូរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯរថយន្តបង្ករងការខូចខាត បែកចង្កៀង និងកាងផ្នែកខាងមុខចំហៀងខាងស្តាំ ហើយភ្លាមៗនោះអ្នកបើកបរ រថយន្តបានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ គេឃើញនៅក្នុងរថយន្តបង្កខាងលើ មានឯកសណ្ឋានមន្ត្រីនគរបាលមួយកំផ្លេផងដែរ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានស្រាវជ្រាវទាក់ទងរកសាច់ញាតិរបស់ជនរងគ្រោះ រហូតបងស្រីរបស់ជនរងគ្រោះខាងលើបានមក ដល់កន្លែងកើតហេតុ ស្រែកទ្រហោយំឱបសពប្អូនប្រុសរបស់ខ្លួនគួរឱ្យសង្វេគ។
តាមសម្តីបងស្រីរបស់ជនរងគ្រោះដែលបាត់បង់ជីវិត បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះដែលជាប្អូនប្រុសរួមទាំងមិត្តភក្តិម្នាក់ទៀត បានទៅសុំលុយពីនាងចំនួន២០ដុល្លារ ដោយប្រាប់ថា ធ្វើសោហ៊ុយទៅលេងផ្ទះនៅឯខេត្តកំពង់ស្ពឺ លុះក្រោយពីនាងហុចលុយឱ្យហើយ ប្អូនប្រុសក៏បានជិះចេញទៅ ប៉ុន្តែជនរងគ្រោះមិនមែនទៅផ្ទះនៅឯស្រុកកំណើតនោះទេ បែរជាជិះម៉ូតូសំដៅទៅលេងផ្ទះគូដណ្តឹងរបស់គេ នៅឯខេត្តកំពង់ចាមទៅវិញ តែមិនទាន់ដល់គោលដៅផង ក៏មកជួបគ្រោះថ្នាក់ ត្រូវរថយន្តបុកស្លាប់នៅលើស្ពាន លីយ៉ុងផាត់បែបនេះតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងហៅនគរបាលចរាចរណ៍រាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការ ដោះស្រាយគ្នានៅពេលក្រោយ។
ដោយឡែកសាកសពយុវរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើត៕