Wednesday, December 25, 2024
Homeព័ត៌មានជាតិព្រឹទ្ធាចារ្យគង់ ណៃ ប្រតិកម្ម "បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក" ចំពោះអ្នកឃោសនារៀនចាបុីពិការភ្នែក

ព្រឹទ្ធាចារ្យគង់ ណៃ ប្រតិកម្ម “បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក” ចំពោះអ្នកឃោសនារៀនចាបុីពិការភ្នែក

ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ រហូតបាន ទទួលមេដាយលំដាប់ពិភពលោកពីប្រទេសជប៉ុន បានសម្តែងនូវការមិនសប្បាយ ចិត្តចំពោះបុគ្គលខ្លះ ដែលនិយាយថា ការរៀនសិល្បៈចាប៉ីដងវែង នឹងពិការភ្នែក ដូចគ្រូ។ ការនិយាយបែបនេះ នាំឱ្យអ្នកចង់ចេះដឹងស្ទាក់ស្ទើរមិនចង់រៀន នាំឱ្យសិល្បៈ មួយនេះ ប្រឈមការបាត់បង់ទៅអនាគត…។

លោកតាព្រឹទ្ធចារ្យ គង់ ណៃ សព្វថ្ងៃរស់នៅ ឯស្រុកកំណើតនាខេត្តកំពត ប៉ុន្តែលោកមានកូនច្រើន តែងមកលេងកូននៅភ្នំពេញ ឬមានការអញ្ជើញ លោកឱ្យច្រៀងក្នុងកម្មវិធីអ្វីមួយផ្សាយតាមទូរទស្សន៍ ទើបទស្សនិកជនបានឃើញលោក។ ជាចៃដន្យ អ្នកយកព័ត៌មានយើង បានជួបលោកនៅផ្ទះកូន ឯភូមិ សន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ក៏បានបទសម្ភាសន៍របស់លោកមកចុះផ្សាយ នៅពេលនេះ។

លោកតាព្រឹទ្ធចារ្យ គង់ ណៃ និងភរិយា

ជាមួយស្នាមញញឹមមានធ្មេញពេញមាត់ និង ពាក់វ៉ែនតាខ្មៅ បិទបាំងភាពពិការភ្នែកនោះ លោក តាព្រឹទ្ធាចារ្យគង់ ណៃ បានរៀបរាប់ថា បន្ទាប់ពីលោក បានចូលជាមរតកមនុស្សរស់ផ្នែកវប្បធម៌ជាតិមក ក៏ត្រូវបានព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជា “ព្រឹទ្ធាចារ្យកោសល្យមហាគង់ ណៃ” ដោយមានប្រាក់បៀវត្ស ឬប្រាក់ ចិញ្ចឹមរហូតមួយជីវិត។ សិល្បៈចាប៉ីដងវែង បានដាក់បញ្ចូលជាសម្បត្តិវប្បធម៌ បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ទោះជាយុវវ័យស្រករក្រោយមិនសូវចូលចិត្ត ចម្រៀងចាប៉ីដងវែង ក៏លោក

លោកតាព្រឹទ្ធចារ្យ គង់ ណៃ ពេលផ្តល់បទសម្ភាសន៍

នៅតែព្យាយាមកៀងគរ អប់រំបណ្តុះបណ្តាលសិស្សគណមួយចំនួន ដើម្បីបន្តវេនពីរៀមច្បង។ សិល្បៈចាប៉ីដងវែងមិនសាបសូន្យទេ ហេតុនេះសូមកុល-បុត្រខ្មែរ មេត្តាជួយអភិរក្ស កុំបោះបង់ឱ្យសោះ ព្រោះរូបលោកមានវ័យជាង៧០ឆ្នាំ ទៅហើយ មិននៅយូរប៉ុន្មានទៀតទេ សន្យាចែកចំណេះនេះដល់ក្មេងស្រករក្រោយ ដោយមិនលាក់លៀម។

លោកគង់ បូរាណ ជាកូនប្រុសលោកតា គង់ ណៃ

ព្រឹទ្ធាចារ្យគង់ ណៃ បន្តទៀតថា កន្លងមក ក៏មានសិស្សគណមួយចំនួន មកសុំរៀនពីលោកដែរ ហើយបើគិតពីឆ្នាំ២០០៣ មក មានសិស្សប្រុសស្រីជាច្រើនរូប ក្នុងនោះក៏មានកូនប្រុស របស់លោកម្នាក់ឈ្មោះគង់ បូរាណ ផងដែរ។ សព្វថ្ងៃមានសិស្សខ្លះចេញមុខច្រៀងក្នុងកម្មវិធីនានា ចាប់ផ្តើមល្បីឈ្មោះជាបណ្តើរៗហើយ ក្នុងនោះមានឈ្មោះពេជ្រ សារ៉ាត់ និងនាងអ៊ូច សាវី ជាដើម។ ពួកគេសុទ្ធតែមានទេពកោសល្យពីកំណើត លុះបានបណ្តុះបណ្តាលថែមទៀត កាន់តែបែកជ្រៅជាងមុន អាចច្រៀងរាយទំនុកជួនរណ្តំ ពីរោះ គ្រលួច ទាំងការដេញចាប៉ីក៏ស៊ីចង្វាក់នឹងទំនុកច្រៀង។ សិស្សទាំងអស់នេះ នឹងមានអនាគតមិនខាន បើពួកគេព្យាយាមដុសខាត់ សំលៀងមិនឈប់ ដូចកាំបិតអីចឹង បើប្រឹងសំលៀង វាច្បាស់ជាមុតរហូត មិនច្រេះស៊ីនោះទេ។


លោកតាព្រឹទ្ធាចារ្យកោសល្យ មហាគង់ ណៃ បន្តទៀតថា កន្លងមក ក៏មានបុគ្គលមួយចំនួន បានឃោសនាថា កុំរៀនចាប៉ីដងវែងពីគ្រូពិការភ្នែកឱ្យសោះ ប្រយ័ត្នរៀនចេះទៅពិការភ្នែកដូចគ្រូ។ តាមពិតមិនអីចឹងទេ រូបលោក ក៏ដូចលោកតាភិរម្យ ប្រាជ្ញ ឈួន សុទ្ធតែពិការភ្នែកពីកុមារ មុនពេលរៀនចាប៉ីទៅទៀត។ តាមរយៈទស្សនាវដ្តី “អង្គរធំ” លោកសូមជម្រាបបងប្អូនប្រជាពលរដ្ឋ ជាពិសេស អ្នកដើរឃោសនានោះថា រូបលោកពិការភ្នែកតាំងពីអាយុ៤ឆ្នាំម៉្លេះ ដោយសារជំងឺអុតធំវាចេញតាមភ្នែក។ ចំណែកលោកតាព្រឹទ្ធចារ្យ ប្រាជ្ញ ឈួន ខូចភ្នែក កាលពីអាយុ៧ឆ្នាំ ដោយសារកើតជំងឺពិសអាចម៍កុក វាចេញតាមភ្នែក ដែលជំនាន់នោះ មិនទាន់មានថ្នាំព្យាបាលស័ក្តិសិទ្ធិដូចសម័យនេះ។ នៅពេលលោកធំពេញកំលោះ ដោយចង់រកអនាគត ចៀសផុតពីការដើរសុំទានគេ ក៏ស្វែងរកគ្រូសុំរៀនចាប៉ី ម៉្យាងទៀត ដោយសារខ្លួនមានវោហារសាស្ត្រផ្នែកកំណាព្យឃ្លោងឃ្លាពីកំណើត លុះបានរៀនពីគ្រូ មិនយូរប៉ុន្មាន ក៏បែកប្រាជ្ញាថ្លាគំនិតក្លាយជាសិល្បករចាប៉ីដងវែងល្បីឈ្មោះប្រចាំខេត្តកំពត។


លោកព្រឹទ្ធាចារ្យ បន្តទៀតថា គ្រូចាស់ៗជំនាន់ មុន ដូចជាលោកតាចង្កូម៨ លោកតាពូថៅដៃ, ស្មៀន ឈិន, វោហារសែម, វោហារសិន, ស្មៀនទៀន, អាចារ្យទ្រី គឺពួកគាត់អត់ពិការភ្នែកទេ ហើយសិស្សពួកគាត់មួយចំនួនសុទ្ធតែមានភ្នែកភ្លឺ។ ចំពោះរូបលោក ក៏ដូចលោកតាប្រាជ្ញ ឈួន ដែលពិការភ្នែកនេះ អាចចាត់ទុកថា ជាកម្មពៀរទេ ពុំមែនមកពីរៀនចាប៉ីដងវែង ស្រាប់តែធ្លាក់ខ្លួនពិការនោះឡើយ។ ហេតុនេះអស់ លោកដែលឃោសនាថា អ្នករៀនចាប៉ី នឹងក្លាយជាជនពិការនោះ មិនត្រឹមត្រូវទេ គួរតែជួយបំផុសបំផុលប្រសើរជាង មិនជួយចូកជួយចែវយកជើងរាទឹក។ បើរៀនចាប៉ីនេះទៅវាពិការភ្នែក ម៉្លេះសមរូបលោកមិនឱ្យកូនប្រុសឈ្មោះគង់ បូរាណ រៀនទេ ប៉ុន្តែមាន ឯណា សព្វថ្ងៃកូនប្រុសនេះអាចបន្តមរតកឪពុកបានហើយ និងមានភ្នែកភ្លឺក្រឡែត។


លោកព្រឹទ្ធាចារ្យគង់ ណៃ បន្តថា បើជឿលើ បាបកម្ម ឬពីជាតិមុនខ្លួនធ្វើបាបគេមិនឱ្យគេបានសុខ ទើបជាតិនេះពិការភ្នែក។ ទោះជាពិការ ក៏លោកព្យាយាមរៀនសិល្បៈនេះ រហូតមានឈ្មោះល្បីល្បាញ មានអ្នកតូចអ្នកធំ រហូតដល់ព្រះមហាក្សត្រ ព្រះរាជទានការសរសើរនិងឥស្សរិយយស សូម្បីជនជាតិជប៉ុន ក៏សរសើរដែរ។ ដោយសារតែចំណេះនេះជួយយឹតយោង ទើបលោកអាចរកបានភរិយាតាំងពីអាយុ១៨ឆ្នាំ ឈ្មោះតាក់ ឆេន រហូតបង្កើតបានកូនប្រុសស្រី១១ នាក់ឯណោះ (ស្លាប់១)។ សព្វថ្ងៃលោករស់នៅឯស្រុក កំណើត ភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្ត កំពត ទើបនឹងបានទទួលពានរង្វាន់ជ័យលាភីចាប៉ី ដងវែង នៅប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។
គួរបញ្ជាក់ថា លោកតាព្រឹទ្ធាចារ្យគង់ ណៃ ចាប់ ផ្តើមល្បីខ្លាំងនៅពេលលោកទៅប្រលងចម្រៀងចាប៉ី នៅមហោស្រពសិល្បៈ ខេត្តកំពត (មិនចាំឆ្នាំ) ដែល កាលនោះ លោកបានច្រៀងរឿង “ប្រយូរវង្ស” ជាប់ លេខ១។ ក្រោយមកក៏បានឯកឧត្តមសំរាំង កំសាន្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពត (បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងវប្បធម៌) បញ្ជូន លោកមកប្រលងនៅភ្នំពេញ ជាប់លេខ១ទៀត ក៏ល្បី រន្ទឺតាំងពីពេលនោះមក…”៕

RELATED ARTICLES