Thursday, September 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូផ្ញើបន្ទប់មិត្តភក្តិ ជាប់ខ្នោះ២នាក់

លួចម៉ូតូផ្ញើបន្ទប់មិត្តភក្តិ ជាប់ខ្នោះ២នាក់

ខេត្តកណ្តាល ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច រួចជិះយកទៅផ្ញើទុកនៅក្នុងបន្ទប់មិត្តភក្តិម្នាក់ លុះក្រោយមកសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជន សង្ស័យ ជាម្ចាស់បន្ទប់ និងរកឃើញវត្ថុតាងជាក់ស្តែង (ម៉ូតូជនរងគ្រោះ) ក៏ឈានដល់ការឃាត់ខ្លួនជន សង្ស័យម្នាក់ទៀត។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាទៀបភ្លឺថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

ជនសង្ស័យ មានគ្នាចំនួន៣នាក់ (ឃាត់ខ្លួន២នាក់) រួមមាន ទី១-ឈ្មោះថន ដាវីត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ (ជាម្ចាស់បន្ទប់)។ ទី២-ឈ្មោះកឹម សីហា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររើសអេតចាយ (អ្នកលួច) និងទី៣-ឈ្មោះជេ ភេទប្រុស (បក្ខពួកកំពុងរត់គេចខ្លួន)។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AJ-0844 ជារបស់ជនរងគ្រោះឈ្មោះប៊ន គីមឆាយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស នៅបន្ទប់ជួល ក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា  ឆ្នាំ២-២៥ ជនរងគ្រោះបានចាក់សោម៉ូតូត្រឹមត្រូវ ហើយចូលសម្រាកក្នុងបន្ទប់។ លុះព្រឹកឡើងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ពេលភ្ញាក់ពីដេក បាត់ម៉ូតូ ក៏បានមកដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលពាក្យបណ្តឹង លោកអធិការបានបញ្ជាលោកវរសេនីយ៍ទោ ហេង សុផាណ្ណារិទ្ធ អធិការរង សហ ការជាមួយកម្លាំងប៉ុស្តិ៍កំពង់សំណាញ់ ដើម្បីស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ថន ដាវីដ នៅក្នុងបន្ទប់ជួល និងបានរកឃើញម៉ូតូរបស់ជនរងគ្រោះ នៅក្នុងបន្ទប់របស់ជនសង្ស័យ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ថន ដាវិត បានឆ្លើយសារភាពថា បក្ខពួកឈ្មោះជេ និងកឹម សីហា បានយកម៉ូតូនេះមកផ្ញើ។ ភ្លាមៗនោះ សមត្ថកិច្ច បានតាមទៅឃាត់ខ្លួនឈ្មោះកឹម សីហា បានម្នាក់ទៀត ខណៈឈ្មោះជេ បានរត់គេចខ្លួនបាត់។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ម៉ូតូជនរងគ្រោះ ១គ្រឿង ឧបករណ៍សម្រាប់ដោះម៉ូតូ និងសម្ភារៈប្រើប្រាស់គ្រឿងញៀន មួយចំនួន។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES