Friday, November 29, 2024
Homeតារាខ្មែរលីន លីលី ភ័យខ្លាចបាក់គ្រែធ្លាយពោះស្លាប់ ពេលលោកលី ឧត្តម យកដាវចាក់ពោះ

លីន លីលី ភ័យខ្លាចបាក់គ្រែធ្លាយពោះស្លាប់ ពេលលោកលី ឧត្តម យកដាវចាក់ពោះ

ថ្មីៗនេះ តួឯកស្រី និងតួឯកប្រុស ក្នុងខ្សែភាពយន្តខ្នាតធំរឿង “៣ខែ” ដែលសម្ដែងដោយកញ្ញាលីន លីលី និងលោកលី ឧត្តម បានបង្ហោះឈុតវះយកកូន៣ខែ ដើម្បីធ្វើកូនក្រក ធ្វើឲ្យផ្អើលសង្គមហ្វេសប៊ុក ខណៈដែលតួឯកស្រីបង្ហើបថា នាងលេងឈុតនេះប្រឈមគ្រោះថ្នាក់អាយុជីវិត។

តួឯកប្រុសលោកលី ឧត្តម បានថ្លែងឲ្យដឹងថា រឿង “៣ខែ” បានសម្ដែងចប់១០០ភាគរយហើយ ដែលគ្រោងដាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។ លោកថា រឿងនេះឆ្លុះបញ្ចាំងពីឈុតឆាកអភិនិហារ្យ មន្តអាគម អូមអាម តាមព្យាបាទ ជាមួយនឹងឈុតឆាកភ័យរន្ធត់ ព្រឺព្រួច ។

លោកបានឲ្យដឹងដែរថា មានឈុតឆាកសម្ដែងមួយដែលកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកនិងយូធូប បន្ទាប់ពីក្រុមការបង្ហោះឈុតឆាកទាំងនោះ ខណៈដែលឈុតនោះលោកសម្ដែងជាតួឯកប្រុសដែលកាចសាហាវបំផុត ម៉ឺងម៉ាត់ រៀនមន្តអាគមអាមអូម ហើយស្រលាញ់តួឯកស្រី គ្រាន់តែចង់បានកូនក្រក។ លោកថា ក្នុងឈុតវះយកកូនក្រកនោះ គឺជាឈុតភ័យរន្ធត់ខ្លាំងដែលធ្វើឲ្យតួឯកស្រីប្រឈមគ្រោះថ្នាក់ទៀតផង ព្រោះពេលសម្ដែងបានប្រើកាំបិតមុតស្រួចមែនទែន រហូតជ្រុលដៃមុតពោះតួស្រីទៀតផង។

តួឯកប្រុសដែលមានទំរង់មុខដូចជនជាតិឥណ្ឌា រូបនេះ បានឲ្យដឹងដែរថា ក្រោយពេលឈុតឆាកទាំងនោះទាញបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម លោករំពឹងថា នឹងផ្ទុះការគាំទ្រពេលដាក់បញ្ចាំង ហើយប្រជាប្រិយភាពរបស់លោកអាចនឹងស្ទុះឡើងមួយកម្រិតថែមទៀតផងដែរ។

ដោយឡែកតួឯកស្រី កញ្ញាលីន លីលី ដែលកំពុងលេចធ្លោគួរសមនៅក្នុងសង្គមសិល្បៈ បានថ្លែងឲ្យដឹងថា ឈុតសម្ដែងនៅក្នុងរឿងនេះនាងពិតជាប្រឈមគ្រោះថ្នាក់មែន។ លីលី បន្ថែមថា “ពេលដល់ឈុតសម្ដែង ស្រាប់តែបាត់កាំបិតក្លែងក្លាយ ក៏សម្រេចយកកាំបិតមែនទែនដែលមុតស្រួចមកសម្ដែង ហើយក្នុងពេលសម្ដែងនោះ ដើម្បីចូលតួបានល្អ តួប្រុសប្រើដៃធ្ងន់ៗរហូតមុតពោះខ្ញុំមែនទែន។ ខ្ញុំស្រៀវខ្លាំងណាស់ ព្រោះខ្លាចបាក់គ្រែ ត្បិតអីតួប្រុសបានសង្គ្រប់លើខ្ញុំត្រៀមវះពោះ ហើយពេលនោះប្រសិនបើបាក់គ្រែ ច្បាស់ជាខ្ញុំត្រូវធ្លាយពោះស្លាប់ជាពុំខាន។ តែសំណាងល្អ អាចសម្ដែងបានជោគជ័យដោយគ្រាន់តែមុតពោះបន្តិចបន្តួច។ពោលគឺរឿងនេះខ្ញុំត្រូវប្រថុយច្រើន មានទាំងឈុតត្រូវលូនលើគ្រួស ត្រូវមុតដែកគោលរយះខ្នង និងត្រូវតួប្រុសខ្ទប់មាត់ ប៊ិះនិងត្រូវមុតរយះមុខមាត់ខ្ញុំទៀតផង គឺខ្ញុំលះបង់មែនទែន។ តែយ៉ាងណា ខ្ញុំក៏ទទួលបានតម្លៃខ្លួនគួរសមដែរ ទើបហ៊ានប្រថុយសម្ដែងឈុតលំបាកៗទាំងនោះ ហើយខ្ញុំពិតជារំភើបចិត្តនៅពេលដែលឈុតសម្ដែងរបស់ខ្ញុំ កំពុងទាញបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប”។

លីលី បានឲ្យដឹងដែរថា ការប្រឡូកសិល្បៈប្រមាណជា១ឆ្នាំកន្លងមកនេះ នាងសម្ដែងភាពយន្តបានជាច្រើនរឿងមកហើយ ដូចជារឿង “ផ្កា៤ទង” , “ទីបញ្ចប់នៃស្នេហ៍” , “អាពាហ៍ពិពាហ៍ចម្លែក” , “ច័ន្ទវង្វេងមេឃ” , “មេឃុំក្រមុំ” ដែលរឿងទាំងនោះភាគច្រើននាងសម្ដែងជាតួរងកាចឆ្នាសឆ្នើម តែការសម្ដែងជាតួឯកក្នុងរឿងនេះជាលើកដំបូង ពិតជាប្លែក ដែលនាងត្រូវសម្ដែងជាតួស្លូត និងត្រូវប្រឈមគ្រោះថ្នាក់ទៀតផង។ តែយ៉ាងណា រឿងនេះនាងសម្ដែងបានល្អ ខណៈដែលនាងរំពឹងថា និងមានចូលរួមទស្សនាច្រើនពេលដាក់បញ្ចាំង។ ត្បិតអីគ្រាន់តែបង្ហោះឈុតគួរឲ្យព្រឺព្រួចនៅលើបណ្ដាញសង្គម មានអ្នកចូលទស្សនាខ្ទង់រាប់សែននាក់ទៅហើយ។

លោកលី ឧត្តម និងលីលី បានអះអាងដូចៗគ្នាថា ពួកគេបានប្រឹងប្រែងសម្ដែងរឿងនេះអស់ពីកម្លាំងកាយចិត្ត ហើយរំពឹងថា នឹងមិនធ្វើឲ្យទស្សនិកជនខកបំណងទេ ខណៈដែលត្រៀមដាក់បញ្ចាំងនៅតាមរោងកុននានាក្នុងពេលឆាប់ៗនេះ៕

 

RELATED ARTICLES