ខេត្តតាកែវ ៖ យុវជនឈាមរាវម្នាក់ គ្រាន់តែម្តាយស្តីបន្ទោសតិចតួច ស្រាប់តែផ្ទុះកំហឹងលែងស្គាល់ខុសត្រូវ បែរជាស្ទុះទៅទាញកាំបិត និងដែកគាស់ មកដេញកាប់ម្តាយ លុះម្តាយរត់គេចទាន់ ក៏បែរជាបញ្ចោញកំហឹង វាយបំផ្លាញទ្រព្យរបស់ក្នុងផ្ទះបណ្តាលឱ្យខូចខាត ខ្ទេចអស់ រហូតក្រុមគ្រួសារទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
ករណីកូនប្រុសខឹងម៉ែស្តីបន្ទោស បែរជាទាញកាំបិតដេញកាប់ម្តាយនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិរមៀត ឃុំពពេល ស្រុកត្រាំកក់។
ជនសង្ស័យជាកូនអកតញូ ហ៊ានទាញកាំបិតដេញកាប់ម្តាយបង្កើតខ្លួនឯងរូបនេះ មានឈ្មោះសួង ឡាយ អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះង៉ែត ថា អាយុ៤៩ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើ គឺជាកូនដែលមិនសូវស្តាប់បង្គាប់ឪពុកម្តាយនោះទេ ចូលចិត្តដើរលេងផឹកស៊ី ធ្វើខ្លួនជាក្មេងស្ទាវ បងតូចបងធំ និងឧស្សាហ៍អុកឡុកក្រុមគ្រួសារខ្លាំងណាស់។ លុះមកដល់វេលាម៉ោង កើតហេតុខាងលើ ជនសង្ស័យក៏បានរករឿង ឈ្លោះប្រកែកជាមួយនឹងក្រុមគ្រួសារ ទើបស្ត្រីជាម្តាយ បានស្តីបន្ទោស២-៣ម៉ាត់ ស្រាប់តែកូនប្រុសចិត្តកំណាចផ្ទុះកំហឹង បានស្ទុះទៅទាញកាំបិត និងដែកគាស់ មកដេញកាប់ និងវាយទៅលើម្តាយ តែសំណាងល្អត្រូវស្ត្រីជាម្តាយរត់គេចទាន់ ទើបធ្វើឱ្យជនកំណាចកាន់តែខឹង ក៏ធ្វើសកម្មភាពវាយបំផ្លាញពាងទឹកបែកអស់១ និងខាប់ដាក់ស្រាបែកអស់៣។
ក្រោយកើតហេតុ ដោយសារតែឃើញទង្វើឃោរឃៅលែងស្គាល់បុណ្យបាប អ្នកមានគុណ រហូតដល់ហ៊ានលើកដៃទាញកាំបិតដេញកាប់ម្តាយបែបនេះ ទើបក្រុមគ្រួសារទ្រាំលែងបានក៏សម្រេចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យ ដោយដកហូតបានវត្ថុតាងរួមមាន កាំបិតដងឈើចំនួន១ និងដែកគាស់ចំនួន១ផងដែរ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕