ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូ ទើបនឹងទាក់ទងស្នេហាគ្នាបាន១ខែ ស្រាប់តែជួបគ្រោះអកុសលត្រូវព្រាត់ប្រាស់និរាសចោលគ្នា គ្មានថ្ងៃត្រឡប់ ដោយសារតែខាងប្រុសទើបនឹងត្រឡប់មកពីជួបមុខនារីជាសង្សារវិញ ជិះម៉ូតូសំដៅទៅផ្ទះវិញ ស្រាប់តែអកុសល ត្រូវរថយន្តបុក និងកិន បណ្តាលឱ្យបែកក្បាលធ្លាយ ខួរ បាក់ដៃបាក់ជើងខ្ទេចស្លាប់យ៉ាងអាណោចអាធ័ម។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទី ព្រលប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខអគ្គបញ្ជាការកងទ័ពជើងគោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។
សពជនរងគ្រោះដំបូងឡើយមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែក្រោយពីសមត្ថកិច្ចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ទើបលេចមុខនារីវ័យក្មេងម្នាក់ ឈ្មោះគុយ ចិន្តា អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងមានស្រុកកំណើតនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានមកដល់ទីតាំងកើតហេតុ រួចអះអាងថា នាងត្រូវជាសង្សាររបស់ជនរងគ្រោះ និងបានបញ្ជាក់ថា សពមានឈ្មោះចាន់ណា អាយុ២០ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល បើកម៉ូតូ១គ្រឿង ម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-3522។
តាមសម្តីនារីជាសង្សារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ពួកគេជាសង្សារនឹងគ្នា ដោយទើបនឹងស្គាល់គ្នាបានជាង១ខែកន្លងប៉ុណ្ណោះ តាមរយៈលេងហ្វេសប៊ុក ហើយជនរងគ្រោះ ក៏បានសុំស្នេហ៍សុំស្រឡាញ់នាង ចំណែកនាងដោយមាននិស្ស័យ ក៏ទទួលយកស្នេហ៍ពីជនរងគ្រោះវិញដែរ។ នារីជាសង្សារបន្តទៀតថា នៅក្នុងរយៈពេល៤ថ្ងៃជាប់ៗគ្នានេះ ជនរងគ្រោះបានមកលេងនាងដល់បន្ទប់ជួល នៅភូមិបែកចាន លុះមកដល់រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនរងគ្រោះបានធ្វើដំណើរតាំងពីបន្ទប់ជួលរបស់គេនៅសង្កាត់ស្ទឹងមានជ័យ មកជួបមុខនាងដល់បន្ទប់ជួលសារជាថ្មី រហូតដល់វេលាល្ងាចទៅហើយ ទើបជនរងគ្រោះ បានវិលត្រឡប់បំណងទៅបន្ទប់ជួលរបស់ខ្លួននៅស្ទឹងមានជ័យវិញ តែពេលជិះទៅតាមផ្លូវ ដោយសារភ្លេចកូនសោបន្ទប់ ទើបជនរងគ្រោះ បានជិះម៉ូតូត្រឡប់មកយកកូនសោដែលភ្លេច នៅបន្ទប់របស់នាង ស្រាប់តែអកុសល ពេលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិចមកដល់ចំណុចខាងលើ ក៏ជួបគ្រោះថ្នាក់ ដល់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបែបនេះតែម្តង។
តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះខាងលើ ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ពីកើតទៅលិច ដោយវ៉ាជែងរថយន្តដឹកកម្មករជាបន្តបន្ទាប់ លុះពេលដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះក៏ ព្យាយាមវ៉ាជែងរថយន្តមួយគ្រឿង ដោយចូលទៅចំណែកផ្លូវម្ខាងទៀត រួចក៏ត្រូវរថយន្ត១គ្រឿងមិនស្គាល់ម៉ាក បើកបរក្នុងទិសដៅពីលិចទៅកើត បញ្ច្រាសទិសគ្នា ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះផ្លោង ខ្ទាតជិត១០ម៉ែត្រ បាក់ដៃបាក់ជើងខ្ទេច និងបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកម៉ូតូរងការខូចខាតខ្ទេចស្ទើរទាំងស្រុង រីឯរថយន្តបង្កហេតុបានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល។
ក្រោយកើតហេតុថ្វីបើគូសង្សារស្គាល់គ្នា ពិតមែនតែពុំច្បាស់អត្តសញ្ញាណជនរងគ្រោះ ជាផ្លូវការនៅឡើយ ហេតុនេះសមត្ថកិច្ចបានសម្រេចដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រួចបន្តធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិ មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋាន ខណ្ឌជាបណ្តោះអាសន្ន៕