Tuesday, January 21, 2025
Homeសន្ដិសុខសង្គមចាប់ខ្លួនប្រពន្ធកូនរបស់មេឃាតករស៊ីឈ្នួលសម្លាប់មនុស្សបានហើយ

ចាប់ខ្លួនប្រពន្ធកូនរបស់មេឃាតករស៊ីឈ្នួលសម្លាប់មនុស្សបានហើយ

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ រួមនិងកូនប្រុសម្នាក់ ដែលត្រូវជាប្រពន្ធកូនរបស់មេឃាតករស៊ីឈ្នួលសម្លាប់មនុស្ស ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង បានចុះចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។

ជនសង្ស័យទាំង២នាក់ម្តាយកូន ដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួននោះ រួមមាន ទី១-ឈ្មោះអ៊ាន ឡៃ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់បន្លែ (ជាម្តាយ) និងទី២-ឈ្មោះ វុន លាង ភេទប្រុស អាយុ២១ឆ្នាំ (ជាកូនប្រុស)។ ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវជាប្រពន្ធកូនមេឃាតករស៊ីឈ្នួលសម្លាប់មនុស្ស ឈ្មោះហ៊ាប ធី អាយុ៤៥ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឱ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនប្រពន្ធកូនមេឃាតករស៊ីឈ្នួលសម្លាប់មនុស្សខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ងួន ទ្ធិរិទ្ធ មេបញ្ជាការមូលដ្ឋានស្រុកអន្លង់វែង និងធ្វើឡើង បន្ទាប់ពីកម្លាំងអាវុធហត្ថបានស្រាវជ្រាវដឹងថា ប្រពន្ធនិងកូនប្រុសជនសង្ស័យខាងលើ មិនបានសហការជាមួយសមត្ថកិច្ច បែរជាមានការសហការសម្ងាត់ជាមួយជនល្មើសត្រូវជាប្តី និងឪពុក ដោយបានយកគ្រាប់បែកចំនួន២គ្រាប់ ពីផ្ទះរបស់ខ្លួន ជិះម៉ូតូយកទៅឱ្យជនល្មើសជាប្តី និងជាឪពុកបោកមកលើក្រុមសមត្ថកិច្ច ដើម្បីរំដោះខ្លួនរត់ចូលព្រៃបានមួយគ្រា និងបានធ្វើឱ្យសមត្ថកិច្ចរងរបួស កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។

គួររំលឹកថាកាលពីម៉ោងប្រមាណ៦ព្រលប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យឈ្មោះ ហ៊ាប ធី ភេទប្រុស អាយុ៤៥ឆ្នាំ ដែលពាក់ព័ន្ធនឹងករណីឃាតកម្មស៊ីឈ្នួលសម្លាប់មនុស្ស កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្បូងដំរី ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

ក្រោយពីជនសង្ស័យឈ្មោះហ៊ាប ធី សម្លាប់ មនុស្សនៅខេត្តកណ្តាល រួចហើយក៏បានរត់មកលាក់ខ្លួននៅចំណុចភូមិអូរតាវែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បន្ទាប់មក សមត្ថកិច្ចក៏តាមរកឃើញមុខសញ្ញា ហើយក៏សហការគ្នាចុះចាប់ខ្លួនជនសង្ស័យ លុះខណៈដែលសមត្ថកិច្ចកំពុងតាមប្រមាញ់ ក៏ប្រទះឃើញជនសង្ស័យនៅចំណុចភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ភ្លាមនោះ កម្លាំងសមត្ថកិច្ច ចម្រុះបានធ្វើការឡោមព័ទ្ធចាប់ជនសង្ស័យ នោះ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពបោកគ្រាប់បែកចំនួន២គ្រាប់ និងបាញ់មកលើកម្លាំងចម្រុះ បណ្តាលឱ្យមន្ត្រីកងរាជអាវុធហត្ថ ខេត្តសៀមរាប ម្នាក់ឈ្មោះអ៊ុយ ចយ រងរបួសស្រាលត្រង់ជើង រីឯជនសង្ស័យ ក្រោយបាញ់តបត រួចក៏បានរត់គេចខ្លួនចូលក្នុងព្រៃបាត់។ ភ្លាមៗនោះដែរ ស្នងការនគរបាលខេត្តសៀមរាប ក៏បានបញ្ជូនកម្លាំងចេញសហការជួយរុករក ជាមួយកម្លាំងអាវុធហត្ថផងដែរ តែដោយព្រៃ ក្រាស់ផង ណាមួយយប់ងងឹតផង ជាហេតុធ្វើឱ្យជនសង្ស័យគេចខ្លួនបាន១យប់ រហូតដល់ស្អែកឡើង ទើបត្រូវកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួនបានតែម្តង។

ដោយឡែក ប្រពន្ធ និងកូនប្រុសរបស់ជនសង្ស័យជាមេឃាតករស៊ីឈ្នួលសម្លាប់មនុស្សខាងលើ ត្រូវបានសមត្ថកិច្ចរកឃើញថា បានឃុបឃិតជាមួយប្តី និងឪពុក ក្នុងការយកគ្រាប់បែក ប្រគល់ឱ្យជនសង្ស័យបោកទៅលើសមត្ថកិច្ច ទើបសមត្ថកិច្ចបានចុះចាប់ឃាត់ខ្លួននាំយកមក សាកសួរ និងបានធ្វើការចោទប្រកាន់ចំនួន២ករណី ទី១លាក់ទុកអាវុធខុសច្បាប់ និងទី២ប៉ុន- ប៉ងមនុស្សឃាតគិតទុកជាមុន។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES