ខេត្តត្បូងឃ្មុំ ៖ នារីវ័យក្មេងម្នាក់ បានដឹកគោចេញទៅឃ្វាលនៅវាលស្រែ ស្រាប់តែត្រូវក្រុមក្មេងស្ទាវ៣នាក់ កំពុងអង្គុយផឹកស៊ីជុំគ្នា ប្រទះឃើញ ក៏ដើរតាមពីក្រោយ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបូករហូតដល់បានសម្រេច បន្ទាប់មកដោយខ្លាចនារីរងគ្រោះស្គាល់មុខ នាំឱ្យជាប់ទោសទណ្ឌ ក៏បែកគំនិតព្រួតគ្នា វាយសម្លាប់បំបិទមាត់ចោលតែម្តង។
ករណីរំលោភបូក រួចសម្លាប់នារីរងគ្រោះបំបិទមាត់នេះ បានកើតឡើងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវក្នុងព្រៃឈើទាលភ្លោះ ស្ថិតក្នុងភូមិសុវណ្ណគមន៍ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។ លុះក្រោយ៣ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចក៏ស្រាវជ្រាវកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនដៃដល់ចំនួន២នាក់ ដែលសុទ្ធសឹងតែជាអ្នករស់នៅក្នុងភូមិជាមួយនារីរងគ្រោះ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ទៅហើយ។
នារីរងគ្រោះ ដែលត្រូវក្រុមក្មេងស្ទាវចាប់រំលោភបូក រួចសម្លាប់បំបិទមាត់ មានឈ្មោះសន គន្ធា អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។ ចំណែកជនសង្ស័យជាឃាតករ២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះគួយ ខេណាក់ អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងទី២-ឈ្មោះហេង ភស្ស ហៅភា អាយុ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ ដោយឡែកជនដៃដល់ជាគូកន ដែលកំពុងរត់គេចខ្លួនមានឈ្មោះរស់ សុខា អាយុ២៨ឆ្នាំ រស់នៅភូមិនោបូ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋមកថា បានប្រទះឃើញនារីវ័យក្មេងម្នាក់ដេកស្លាប់នៅតាមផ្លូវក្នុងព្រៃស្ងាត់មួយកន្លែង ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ ក្រោយពីទទួលពត៍មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការឱ្យលោកឧត្តមសេនីយ៍ត្រី ប្រាក់ បុនណុន ស្នងការរងលោកវរសេនីយ៍ទោ ចក់ សុខកៅ នាយការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់ លោកអោម មុន្នីវណ្ណ អធិការនគរបាលស្រុកពញា ក្រែក បានចុះស្រាវជ្រាវកន្លែងកើតហេតុភ្លាមៗ។
លោកចក់ សុខកៅ នាយការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យ និងធ្វើកោសល្យវិច័យសពរួច ឃើញថា នារីរងគ្រោះឈ្មោះសន គន្ធា បានទទួលរងការរំលោភសេពសន្ថវៈ និងសម្លាប់ដើម្បីបំបិទមាត់ ដែលក្រុមជនសង្ស័យ មានគ្នាយ៉ាង តិច ចាប់ពី២នាក់ឡើងទៅ។
ក្រោយការសុបើអង្កេតយ៉ាងក្តៅគគុកអស់រយៈពេល៣ថ្ងៃរួចមក ទីបំផុតសមត្ថកិច្ចក៏កំណត់អត្តសញ្ញាណជនសង្ស័យបាន និងដឹងថាក្រុមជនសង្ស័យមានគ្នាទាំងអស់៣នាក់។ បន្ទាប់មក នៅថ្ងៃទី១១ ខែវិច្ឆិកា ២០១៧ កំលាំងសមត្ថកិច្ច ក៏ចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ គឺឈ្មោះគួយ ខេណាក់ និងឈ្មោះហេង ភស្ស ហៅភា នាំយកមកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេមានគ្នា៣នាក់ ពិតជាបានធ្វើសកម្មភាពរំលោភ សម្លាប់នារីរងគ្រោះប្រាកដមែន។
ជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ពួកគេទាំង៣នាក់បាននាំគ្នាផឹកស៊ីនៅជិត កន្លែងកើតហេតុ លុះក្រោយពីផឹកស្រវឹងស្រឿងៗ ក៏ឃើញនារីរងគ្រោះដឹកគោទៅវាល ដោយដើរកាត់ក្បែរនោះ ទើបនាំគ្នាដើរតាមពីក្រោយ រហូតដល់កន្លែងកើតហេតុជាកន្លែងស្ងាត់ ក៏បាននាំគ្នាចាប់រំលោភបូករហូតដល់បានសម្រេច។ បន្ទាប់មក ដោយសារតែខ្លាចនារីរងគ្រោះស្គាល់មុខ ពួកគេនាំឱ្យមានបញ្ហាទៅថ្ងៃក្រោយ ពួកគេក៏រួមគំនិតគ្នាវាយសម្លាប់នារីរងគ្រោះដើម្បីបំបិទមាត់តែម្តង រួចក៏នាំគ្នារត់គេចខ្លួន។ ស្រាប់តែមក ដល់ថ្ងៃទី១១ វិច្ឆិកា ក្រោយកើតហេតុ៣ថ្ងៃ ក៏មានសមត្ថកិច្ចចុះមកចាប់ខ្លួនពួកគេទាំង២នាក់តែម្តង ខណៈដែលបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ទៅហើយ។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួកម្នាក់ទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕