ខេត្តកំពង់ចាម ៖ បុរសម្នាក់ បានធ្វើដំណើរ ទៅលេងផ្ទះម្តាយមីងរបស់ខ្លួន រួចក៏ខ្ចីម៉ូតូមីងជិះ ស្រាប់តែយកទៅបាត់ មិនព្រមយកម៉ូតូមក ប្រគល់ឱ្យម្តាយមីងវិញសោះ ទើបធ្វើឱ្យស្ត្រីជា ម្ចាស់ម៉ូតូខឹងក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចស្រុកកំពង់សៀម។
ជនសង្ស័យដែលចង់ស៊ីដាច់ម៉ូតូម្តាយមីង តែត្រូវម្តាយមីងប្តឹងប៉ូលិសចាប់ក្របួចជាប់ មានឈ្មោះអឿន សុខខេង អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិអូដូនញា ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ បច្ចុប្បន្នស្នាក់នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាមុខសញ្ញាចេញពីពន្ធនាគារខេត្តព្រៃវែង កាល ពីឆ្នាំ២០១៣ ពីបទលួចកង់។ ចំណែកស្ត្រីរងគ្រោះជាម្ចាស់ម៉ូតូ និងត្រូវជាម្តាយមីងរបស់ ជនសង្ស័យផងនោះ មានឈ្មោះឃ្លោក ខុម អាយុ ៤៦ឆ្នាំ រស់នៅភូមិអូដូនញា ឃុំត្រពាំងព្រះ ស្រុក ព្រៃឈរ។ រីឯម៉ូតូដែលជនសង្ស័យចង់ស៊ីដាច់ ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅលាយក្រហម លេខតួ និងលេខម៉ាស៊ីន ២៨៤០៤៦៣ គ្មានស្លាកលេខ។
លោកសួន រស់ អធិការរងនគរបាលស្រុក ព្រៃឈរ បានបញ្ជាក់ប្រាប់ថា នៅមុនពេល កើតហេតុ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្យ័យឈ្មោះអឿន សុខខេង បានធ្វើដំណើរ ចេញពីខេត្តកណ្តាល មកលេងផ្ទះម្តាយមីងឈ្មោះ ឃ្លោក ខុម នៅចំណុចភូមិកើតហេតុខាងលើ បន្ទាប់មកជនសង្ស័យក៏ខ្ចីម៉ូតូរបស់ម្តាយមីងជិះ រួចក៏ជិះចេញទៅបាត់រហូតដល់ល្ងាចទៅហើយ នៅតែមិនឃើញយកម៉ូតូមកប្រគល់ឱ្យម្តាយ មីងវិញសោះ ជាហេតុធ្វើឱ្យម្តាយមីងខឹង ក៏បាន ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចស្រុកព្រៃឈរ ជួយអន្តរាគមន៍ តាមរកក្មួយប្រុសជើងល្អរូប នោះត្រឡប់មកវិញ។
លោកអធិការរងបន្តថា ក្រោយពីទទួល បានពាក្យបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចស្រុក ព្រៃឈរ បានទាក់ទងផ្តល់ដំណឹងទៅតាមបណ្តា អធិការដ្ឋាននគរបាលស្រុកនានាក្នុងខេត្តកំពង់ចាម ដើម្បីស្ទាក់ និងឃ្លាំមើលមុខសញ្ញាជនសង្ស័យខាងលើ។ លុះដល់វេលាម៉ោង១០និង ១០នាទីយប់ថ្ងៃដដែល ជនសង្ស័យក៏បានជិះ ម៉ូតូម្តាយមីងចេញទៅដល់ស្រុកកំពង់សៀម ហើយស្របពេលដែលសមត្ថកិច្ចស្រុកកំពង់សៀម កំពុងធ្វើរដ្ឋបាលចំហ បានប្រទះឃើញជនសង្ស័យ ក៏ឃាត់សាកសួរ រួចក៏ប្រគល់ទៅនគរបាលស្រុក ព្រៃឈរ ដើម្បីចាត់ការបន្ត។
ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបាននាំទៅ កាន់អធិការដ្ឋាននរគបាលស្រុកព្រៃឈរ ដើម្បី ធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីវិធី៕