ភ្នំពេញ៖ យុវជនមួយក្រុម មានប្រុសស្រី ចេញពីក្លឹបប្លូឡាញ ជិះម៉ូតូចុចស៊ីផ្លេដាក់គ្នាដេញវាយគ្នា សង្ស័យថាជាករណីវាយប្លន់យកម៉ូតូ ត្រូវបាននគរបាលប៉ុស្តិ៍ទំនប់ទឹក ឃាត់បាន២នាក់ និងម៉ូតូ២គ្រឿង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែ
វិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដាយផ្លូវ២៧១ មុខផ្សារទំនើបសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចឃាត់បាន ទី១មានឈ្មោះ លី រិទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជិះម៉ូតូម៉ាក PCX, ជនសង្ស័យទី២មានឈ្មោះ ផល រស្មី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ណែកជនរងគ្រោះមានឈ្មោះ លាង សេងឃាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៣២២ ផ្លូវលំ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ជាអ្នកបើកម៉ូតូឌុបបងស្រីធម៌មានឈ្មោះ សម ស្រីលីន អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងមិត្តភក្តិម្នាក់ទៀតរួមដំណើរជាមួយគេចខ្លួនបាត់មានឈ្មោះ ឡាយ តាំង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
បើតាមសម្តីរបស់ជនរងគ្រោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុពួកគេទាំងបីនាក់គោលបំណងទៅក្លឹបប្លូឡាញ ប៉ុន្តែពួកគេមានប្រាក់តិចពេក ក៏បានត្រឹមនាំគ្នាញុំាអាហារ នៅជិតក្លីបប្លូឡាញ ខណៈពេលជិះម៉ូតូម៉ាក Let ពណ៍ស ពាក់ស្លាកលេខ 1FM-8553 និងម៉ាកសង់ប៊ិច ពណខ្មៅ ត្រឡប់មកវិញតាមបណ្ដាយផ្លូវ២៧១ លុះជិះមកជិតដល់ផ្សារទំនើប
សុវណ្ណា ស្រាប់តែមានម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FM-5218 និងម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាក់ភ្នំពេញ 1CQ-6431 បានជិះមកពីក្រោយ ហើយចុចស៊ីផ្លេដាក់ ពេលនោះគេក៏ងាកមើល ហើយត្រូវក្រុមទំនើងទាំងពីរនោះស្រែកថាងាកមើលអី! ភ្លាមនោះក៍ជនសង្ស័យបានជិះម៉ូតូដេញវាយរហូតដល់មុខផ្សារសុវណ្ណា ត្រូវនគរបាលប៉ុស្តិ៍ទំនប់ទឹកដែលជិះល្បាតក្នុងមូលដ្ឋានឃើញក៍ឃាត់បាន២នាក់និងម៉ូតូ២គ្រឿងយកទៅសួរនាំ។
ក្រោយពេលកើតហេតុជនរងគ្រោះអះអាងថា ជាករណីប៉ុនប៉ងវាយប្លន់យកម៉ូតូមិនបាន សម្រេច ចំណែកជនសង្ស័យបានអះអាងថា គ្រាន់តែជិះម៉ូតូមើលមុខគ្នាឌឺដងដាក់គ្នាតែប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ពីបទវាយប្លន់យកម៉ូតូមិនបាន
សម្រេច ។ ចំណែកជនសង្ស័យទាំងពីរនាក់រួមនិងម៉ូតូ២គ្រឿងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ ទំនប់ទឹកប្រគល់អោយព្រហ្មទណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕