ខេត្តពោធិ៍សាត់ ៖ យុវជនឈាមរាវម្នាក់ បានធ្វើសកម្មភាពចាប់រំលោភនារីវ័យក្មេង រស់នៅក្នុងភូមិជាមួយគ្នាម្នាក់ រហូតដល់បានសម្រេច រួចក៏ព្យាយាមរត់គេចខ្លួន ទីបំផុតក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចឃុំ អូរសណ្តាន់ ស្រុកក្រគរ តាមដីការបស់សាលា ដំបូងខេត្តពោធិ៍សាត់។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីកានោះ មានឈ្មោះណៃ សុធីម អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិពុទ្ទ្រាម ឃុំអូរសណ្តាន់ ស្រុកក្រគរ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ណៃ សុធីម នេះ ធ្វើឡើងតាមដីការបស់តុលាការខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស។
ប្រភពដដែលបន្តថា ជនសង្ស័យខាងលើ ត្រូវចោទប្រកាន់ពីបទរំលោភសេពសន្ថវៈមាន ស្ថានទម្ងន់ទោសប្រព្រឹត្តនៅភូមិពុទ្ទ្រាម ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លុះក្រោយពេលធ្វើសកម្មភាព រួចជនសង្ស័យក៏ព្យាយាមរត់គេចខ្លួនចេញពីមូលដ្ឋានរស់នៅរបស់ខ្លួន។ចំណែកក្រុមគ្រួសារនារីរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍កសាងសាវតាជាតិជនសង្ស័យបញ្ជូនទៅកាន់សាលាដំបូងខេត្ត រហូតត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងត្រូវសមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧តែម្តង។
ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕