ភ្នំពេញ ៖ បុរសម្នាក់ជាជាងកាត់សក់ម្នាក់ បានឈ្លោះប្រកែកជាមួយនារីម្នាក់ ដែលត្រូវជាប្រពន្ធរបស់មិត្តភក្តិរបស់ខ្លួន រហូតដល់ផ្ទុះកំហឹងខ្លាំងពេក ទប់ចិត្តមិនបាន ក៏ស្ទុះទៅហក់ធាក់នារីរងគ្រោះ១ជើងពេញទំហឹង បណ្តាលឱ្យចំលើថ្ងាសប្រដាប់ភេទ ធ្វើឱ្យនារីរងគ្រោះ ចុកឆ្អល់អង្គុយឱបពោះយំ ផ្អើលដល់សមត្ថកិច្ច ចុះឃាត់ខ្លួនប្រុសជើងខ្លាំងយកទៅសាកសួរ។
ករណីហិង្សាដែលបង្កឡើងដោយបុរសម្នាក់ ស្ទុះទៅហក់ធាក់ប្រពន្ធមិត្តភក្តិ១ជើងចំថ្ងាសប្រដាប់ភេទ បណ្តាលឱ្យចុកឆ្អល់និយាយលែងចេញនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៥៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាងក្រោយទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
ជនបង្កហេតុខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានមុខរបរជាជាងកាត់សក់ និងមានវ័យប្រមាណជាង២០ឆ្នាំ។ ចំណែកនារីរងគ្រោះ ក៏មិនត្រូវស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា ប្តីរបស់នាង គឺជាជាងកាត់សក់ ធ្វើការជាមួយនឹងជនបង្ក។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនបុរសខាងលើ គឺកម្លាំងសមត្ថកិច្ចបានឃើញភាគីខាងបុរស និងនារីខាងលើ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងនៅចំណុចខាងក្រោយ ទីស្តីការគណៈរដ្ឋមន្ត្រី តែមិនដឹងថា អ្នកទាំងពីរមានជម្លោះអ្វីនឹងគ្នាឱ្យពិតប្រាកដនោះទេ។ លុះពេលកម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ស្រាប់តែភាគីខាងប្រុស ក៏ស្ទុះទៅហក់ធាក់នារីរងគ្រោះ១ជើងចំពោះ បណ្តាលឱ្យនារីរងគ្រោះ ចុកពោះយ៉ាងខ្លាំង។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏ចាប់វាយខ្នោះបុរសខាងលើ បញ្ជូនមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ ទាំងកំពុងចុកឆ្អល់ថា នៅមុនពេលកើតហេតុ ជនសង្ស័យដែលជាមិត្តភក្តិធ្វើការនៅហាងកាត់សក់ជាមួយប្តីនាង បានជិះម៉ូតូដឹកសង្សារ ប្រដេញតាមមករករឿងពួកនាង២នាក់ប្តីប្រពន្ធ លុះមកដល់ចំណុចខាងក្រោយទីស្តីការគណៈរដ្ឋមន្ត្រី ជនសង្ស័យក៏ស្ទាក់ពីមុខជាប់ រួចក៏ចុះមករករឿងឈ្លោះប្រកែកជេរបញ្ចោរនាងយ៉ាងខ្លាំង បន្ទាប់មក ក៏ស្ទុះមកទះកំផ្លៀងនាង តែនាងគេចផុត ស្រាប់តែជនសង្ស័យបានហក់ធាក់នាង១ជើងចំពោះ ធ្វើឱ្យនាងចុកឆ្អល់យ៉ាងខ្លាំង ហើយភ្លាមនោះប្តីរបស់នាងបានចូលមកឃាត់ ស្រាប់តែជនសង្ស័យរករឿងចង់វាយប្តីនាងទៀត។ ឃើញបែបនេះ សង្សាររបស់ជនសង្ស័យ ក៏បានចូលមកឃាត់ទៀត ស្រាប់តែជនសង្ស័យថែមទាំងបានចាប់គ្រវែង និងចង់វ៉ៃសង្សាររបស់ខ្លួនឯងទៀតផង។ ក្រោយមក សមត្ថកិច្ចបានចុះមកជួយអន្តរាគមន៍តែជនសង្ស័យនៅតែកញ្ជ្រោលស្ទុះមកធាក់នាងទៀត តែធាក់មិនត្រូវ ទើបសមត្ថកិច្ចសម្រេចចាប់ វាយខ្នោះយកទៅប៉ុស្តិ៍ដោះស្រាយគ្នាតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុដែលទំនងជាស្រវឹងជោកផងនោះ បាននិយាយទាំងទឹកភ្នែកថា រវាងរូបគេនិងនារីរងគ្រោះធ្លាប់ជាបងប្អូនធម៌នឹងគ្នា តែពេលនេះឈ្លោះគ្នាហើយ រីឯប្តីរបស់នារីរងគ្រោះ ត្រូវជាមិត្តភក្តិ (ជាងកាត់សក់ក្នុងហាងជាមួយគ្នា)។
ជនបង្កហេតុបានបន្តថា រូបគេទទួលស្គាល់ថា ពិតជាបានហក់ធាក់នារីរងគ្រោះមែន តែធាក់មិនត្រូវទេ ព្រោះត្រូវសមត្ថកិច្ចចាប់ឃាត់ តែអ្វីដែលនារីរងគ្រោះស្រែកថា រូបគេធាក់ត្រូវនាងធ្វើឱ្យឈឺចាប់នោះ គឺជាល្បិចរបស់នាងប៉ុណ្ណោះ ហើយបន្ទាប់មកក៏មានសមត្ថកិច្ចចុះមកចាប់វាយខ្នោះគេ ធ្វើដូចរូបគេជាចោរឆក់ ប្លន់ ឬអារកសម្លាប់អ្នកណាម្នាក់អ៊ីចឹង។
ជុំវិញករណីហិង្សាខាងលើនេះ ភាគីនារីរងគ្រោះ បានសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាត់ការជនបង្កហេតុតាមច្បាប់។ រីឯជនបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងឃុំខ្លួន ដើម្បីចាត់ការបន្តតាមនីតិវិធី៕