ភ្នំពេញ៖ ជនសង្ស័យជាកម្មករសំណង់ចំនួនបីនាក់ បានធ្វើសកម្មភាពលួចខ្សែភ្លើងនៅក្នុងការដ្ឋានសំណង់ ពេលចេញពីធ្វើការត្រូវបានសន្តិសុខ ដែលយាមកាមធ្វើការឆែកឆេររកឃើញហើយចាប់ប្រគល់អោយសមត្ថកិច្ច កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចការដ្ឋានសំណង់សាងសង់ផ្សារទំនើបអ៊ីអនទី២ តាមបណ្តោយផ្លូវ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យទី១មានឈ្មោះ វឹន កែវ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់ផ្ទះជួលសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅភូមិអង្គ្រង ឃុំជើងដែក ស្រុកកំពុងត្របែក ខេត្តព្រៃ
វែង។ ទី២មានឈ្មោះ ព្រុំ ការ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅនិងស្រុកកំណើតជាមួយគ្នា។ ទី៣មានឈ្មោះ ស៊ុន ធឿន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើរនៅភូមិឬស្សីស្រុក ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បើតាមសម្តីពីបុរសម្នាក់មានឈ្មោះ ចំរើន សាទ ភេទប្រុស អាយុ៣៥ឆ្នាំ ជាសន្តិសុខដែលយាមនៅក្នុងការដ្ឋានខាងលើបានអោយដឹងថា មុនពេលកើតហេតុ ពេលម៉ោងកម្មករចេញពីធ្វើការគាត់និងសន្តិសុខដទៃទៀតកំពុងតែយាមកាម និងឆែកឆេរលើខ្លួនកម្មករដែលចេញ
ត្រឡប់ទៅផ្ទះនៅខាងមុខច្រកចេញ។ លុះដល់ម៉ោងកើតហេតុស្រាប់តែឃើញជនសង្ស័យទាំងបីនាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០៨ ពណ៌ខ្មៅ ជិះចេញពីក្នុងការដ្ឋានបំរុងត្រឡប់ទៅផ្ទះ។ ពួកគាត់ក៏បានធ្វើការឆែកឆេរក្នុងកាបូបស្ពាយរបស់ជនសង្ស័យទាំងបីនាក់ខាងលើស្រាប់តែប្រទះឃើញខ្សែភ្លើងដែលកាត់ជាកំណាត់ៗប្រវែងបីតឹក ជាប្រភេទខ្សែភ្លើងទំហំធំសរុប២២កំណាត់នៅក្នុងកាបូបជនសង្ស័យទាំងបីនាក់ខាងលើ រួចក៏ធ្វើការឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចភ្លាមៗតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបីនាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេមិនបានធ្វើសកម្មភាពលួចខ្សែភ្លើងខាងលើនេះទេ គឺពួកគេឃើញកំណាត់ខ្សែភ្លើងទាំងនេះដែលគេកាត់ហើយ រួចយកទៅលាក់នៅក្នុងបន្ទប់ទឹកនៅក្នុងអគារដែលកំពុងសាងសងខាងលើ ហើយពួកគេឃើញក៏លួចយក ហើយក៏ត្រូវសន្តិសុខចាប់បានតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធី ៕