លី ម៉ារីណា បានភៀសខ្លួនចេញទៅ រស់នៅសហរដ្ឋអាមេរិក ជាង៥ឆ្នាំ ក្រោយពេលនាងបានរៀបការ ជាមួយអាណិកជនខ្មែរ នៅអាមេរិក លោកសាត ចាន់ថន កាលពីឆ្នាំ២០១០ មក។ ម៉ារីណា បានបោះបង់អាជីពសិល្បៈទាំងស្រុង ហើយកន្លងមក បើមានការមកលេងស្រុក ក៏ម៉ារីណា និងប្តី មិនហ៊ានបង្ហាញខ្លួនជាចំហដែរ ព្រោះភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន គឺតែងតែមកដោយស្ងាត់ៗ ហើយទៅវិញដោយប្រញាប់ប្រញាល់។
ដោយឡែកការលេចមុខមកវិញ នៅក្នុងស្រុកពេលនេះ ម៉ារីណា ហាក់មិនមានការបារម្ភ ពីសុវត្ថិភាពដូចមុនទៀតឡើយ ព្រោះនាងចូលរួម តាមកម្មវិធីអ្នកសិល្បៈ ដោយចំហតែម្តង ដូចជាទៅជប់លៀងខួបកំណើតលោកបញ្ញាសិទ្ធ និងមង្គលការប្អូនស្រីអ្នកនាងចន ច័ន្ទលក្ខិណា ជាដើម ដោយមិនមានប្តីនាងនៅក្បែរខ្លួនទៀតផង។
ម៉ារីណា ត្រូវបានតារាចាស់ក្មេងស្វាគមន៍នាង ហើយផលិតករមួយចំនួនបានសំណូមពរឱ្យនាង វិលត្រឡប់មកសម្តែងសាជាថ្មីទៀតផង តែអតីតតារាល្បីរូបនេះ នៅរារែកចិត្តនៅឡើយ។
ប្រភពបានឱ្យដឹងថា ម៉ារីណា អាចនឹងមិនទទួលការថតឡើយ ប្រសិនបើគេឱ្យនាងលេងជាតួម្តាយនោះ បើទោះជា បានតម្លៃខ្លួនប៉ុន្មានក៏ដោយ។ ម៉្យាងទៀត ស្វាមីម៉ារីណា ដែលកំពុងរស់នៅអាមេរិក នោះ ក៏មិនចង់ឱ្យភរិយា ថតសម្តែងហាលថ្ងៃទៀតដែរ។
អ្នកយកព័ត៌មានយើងបានទាក់ទងទៅលី ម៉ារីណា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ តែត្រូវបងស្រីនាងប្រាប់ថា ម៉ារីណា លើកទូរស័ព្ទជំនួស ហើយប្រាប់ថា អ្នកនាងម៉ារីណា មិននៅក្បែរឡើយ ទើបមិនអាចសុំការបញ្ជាក់បានឡើយ។ ប៉ុន្តែ ក្នុងជំនួបជាមួយ អ្នកថតរូបយើង ក្នុងថ្ងៃខួបបញ្ញាសិទ្ធ អ្នកនាងម៉ារីណា បានឱ្យដឹងថា ពិតជាមានផលិតកម្មមួយចំនួនហៅនាងថតមែន តែពេលនេះ នាងគ្មានគម្រោងវិលត្រឡប់មកថត ឱ្យភាពយន្តសាជាថ្មីវិញទេ ពេលនេះគឺចង់រកស៊ីច្រើនជាង ហើយថែមទាំងមិនមានគម្រោង ត្រឡប់ទៅអាមេរិក វិញឆាប់ៗទេ។
ការថ្លែងរបស់ម៉ារីណា នៅពេលនេះ រឹតតែបញ្ជាក់ថា អ្នកនាងលែងមានការភ័យព្រួយពីសុវត្ថិភាពផ្ទាល់ខ្លួន ឬមានអ្នកតាមព្យាបាទដូចមុនទៀតទេ។
គួររំលឹកថា លី ម៉ារីណា ខណៈកំពុងតែល្បីល្បាញខ្លាំង កាលពីឆ្នាំ២០០៩ នោះ ស្រាប់តែរងពាក្យចចាមអារ៉ាមដ៏រសើបថា នាងមានស្នេហាលួចលាក់ជាមួយមន្ត្រីធំផ្កាយ៣ រហូតត្រូវប្រពន្ធគេតាមព្រមានដល់ផ្ទះទៀតផង តែត្រូវម៉ារីណា ប្រកែក។ ដើម្បីឱ្យរឿងសាបរលាបទៅ ម៉ារីណា បានសម្រេចចិត្តចូលរោងការ កាលពីឆ្នាំ២០១០ ជាមួយ អាណិកជនខ្មែរ នៅអាមេរិក ដែលបម្រើការជាបុគ្គលិកកាស៊ីណូមួយ បន្ទាប់ពីពួកគេបានទាក់ទងគ្នា ត្រឹមជាង១ឆ្នាំប៉ុណ្ណោះ។ ក្រោយក្លាយជាភរិយាបុរសមាឌមាំ សម្បុរស្រអែមខ្ពស់ស្រឡះនោះមក លី ម៉ារីណា ក៏បានចេញទៅរស់នៅតាមប្តីភ្លាមៗ ហើយចេញចូលក្នុងស្រុក ដោយស្ងាត់ៗ ជាង៥ឆ្នាំនេះ។ តែនៅឆ្នាំ២០១៦នេះ ស្រាប់តែលី ម៉ារីណា វិលត្រឡប់ចូលស្រុកដោយចំហ លែងខ្លាចមុខខ្លាចក្រោយ ដូចមុនទៀតហើយ បើទោះជាត្រូវរស់នៅបែកប្តីក្តី។ មហាជនខ្លះនៅតែមានចម្ងល់ថា ហេតុអីបានជា ពេលនេះ ម៉ារីណា ដែលទៅរស់នៅក្រៅស្រុក មួយរយៈធំនោះ ទើបតែហ៊ានវិលចូលស្រុកពេលនេះ ដោយរស់នៅបែកប្តីទៅវិញ? ឬមួយក៏ស្នេហាដែលទទួលបានចំណងដៃកូនប្រុស មួយទៅហើយនេះ មានភាពប្រែប្រួល? ព្រោះមុននេះលេចឮថា ស្វាមីនាងលោកសាត ចាន់ថន នៅមិនទាន់ដាច់ស្រឡះគ្នា ជាមួយប្រពន្ធដើម តែម៉ារីណា ធ្លាប់អះអាងថា ប្តីនាងមិនពាក់ព័ន្ធជាមួយ ប្រពន្ធមុនទៀតឡើយ។
លី ម៉ារីណា ស្ថិតក្នុងចំណោមតារាល្បីៗ ដែលយកប្តី នៅអាមេរិក មានអ្នកនាងអម្ពរ ទេវី, វ៉េត រតនា, គឹម លក្ខិណា, ពេជ្រ សោភា ជាដើម តែពេលនេះ មានតែម៉ារីណា និងសោភា ទេ ដែលរស់បែកប្តី ស្របពេលដែលម៉ារីណា ចង់បញ្ជាក់ឱ្យ មហាជនដឹងថា ពេលនេះនាងគ្មានភ័យខ្លាចប្រពន្ធលោកធំឯណា តាមយាយីដូចការលេចឮទៀតឡើយ…៕ ហឹុម វិចិត្រ