អុីរ៉ាក់៖ ប្រភពពីទីភ្នាក់ងារ សន្តិសុខនិង ក្រុមហ៊ុនប្រេងឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធរដ្ឋអុីស្លាម បានវាយលុក ចូលរោងចក្រថាមពលពីរ កន្លែងនៅតំបន់ភាគខាងជើង ប្រទេសអុីរ៉ាក់កាលពី ថ្ងៃអាទិត្យដែលបាន សម្លាប់កម្មករយ៉ាង ហោច៥នាក់និងធ្វើឲ្យស្ថានីយបង្ហូរប្រេង ធំជាងគេមួយ បង្ខំចិត្តបិទទ្វារ។
ការវាយប្រហារទី១ គឺនៅស្ថានីយបង្ហាប់ ឧស្ម័ន AB2 ដែលស្ថិត នៅចម្ងាយប្រមាណ ជា១៥គីឡូម៉ែត្រនៃ ភាគពាយព្យក្រុង Kirkuk ហើយការបាញ់ប្រហារ នោះបានចាប់ផ្តើម ឡើងក្នុងរង្វង់ម៉ោង ០៣និង០០នាទីក្នុងស្រុក នៅពេលដែលខ្មាន់កាំភ្លើង៤នាក់ ប្រដាប់ដោយគ្រាប់បែកក្នុងដៃបានគប់ ចូលទៅលើទ្វារខាងក្រៅ ដើម្បីវាយប្រហារកំទេចច្រក នោះដែលនាំឲ្យអ្នកយាមពីរនាក់ស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប្រភពបន្តថាក្រោយ មក ពីខ្មាន់កាំភ្លើងទាំងនោះបាន បាញ់សម្លាប់កម្មករនិយោជិត ៤នាក់ នៅក្នុងបន្ទាប់ត្រួតពិនិត្យខាងក្នុងអគារ រោងចក្រហើយបានរៀបចំ សកម្មភាពបំផ្ទុះ គ្រឿងផ្ទុះ៥ទីតាំង នៅបរិវេណជុំវិញ រោចក្រនោះតែម្តង។
ចំណែកកម្លាំង មកពីក្រុមបង្ក្រាប ភេរវកម្មពិសេស បានវាយលុកចូលរោងចក្រ គ្រប់គ្រងស្ថានការណ៍ឡើង វិញនិងបានរំដោះកម្មករនិយោជិត ១៥នាក់ផ្សេងទៀតដែលបាន លាក់ខ្លួនតាមបន្ទប់ដែលគេបាន បែកចែកមួយផ្នែកៗ។ប្រភពពីទីភ្នាក់ងារសន្តិសុខ ជឿជាក់ថាពួកភេរវករបានគេចខ្លួន ទៅកាន់ស្ថានីយប្រេង Bai Hassan ដែលស្ថិតនៅ២៥គីឡូម៉ែត្រទៀតនៃទិស ពាយព្យក្រុងខាងលើនេះ។
នៅទីនោះដែរពួកគេ បានបើកការវាយប្រហារ ស្រដៀងគ្នានេះ ដោយការធ្វើឲ្យផ្ទុះនៅច្រកទ្វារខាងក្រៅ ដើម្បីអនុញ្ញាតឲ្យ បក្សពួកដទៃទៀតរបស់ពួកគេ សម្រុកចូលទៅ ក្នុងទីតាំងនៃរោចក្រនោះ។ នៅពេលចូលដល់ផ្នែក ខាងក្នុងរោងចក្រ ពួកសកម្មប្រយុទ្ធពីរនាក់ទៀតបាន បំផ្ទុះគ្រឿងផ្ទុះកំទេចធុងស្តុកប្រេងមួយ។ក្រោយមកពួកសកម្ម ប្រយុទ្ធទី៤ត្រូវ បានបាញ់សម្លាប់នៅក្នុងការប៉ះទង្គិចជាមួយនិងកម្លាំងសន្តិសុខទីនោះ។ វិស្វករប្រេងម្នាក់ក៏ត្រូវ បានសម្លាប់និងប៉ូលិស៦នាក់រងរបួស។
ទោះជាយ៉ាងណាទីភ្នាក់ងារព័ត៌ មាន Amaq ដែលគាំទ្រក្រុមរដ្ឋអ៊ីស្លាម បានឲ្យដឹងនៅក្នុងសារមួយ ដែលត្រូវបានបញ្ជូនតាមបណ្តាញអុីនធើរណេត ថាក្រុមសកម្មប្រយុទ្ធរដ្ឋអុីស្លាម បានវាយលុកចូល រោងចក្រ Bai Hassan ប៉ុន្តែពុំការកត់សម្គាល់អំពីការវាយ ប្រហារកាលពីមុននេះឡើយ។