ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ទៅទិញខោអាវនៅផ្សារស្ទឹងមានថ្មី បែរជាបន្លំលួចខោពីតូបអ្នកលក់ចំនួន២តូប ត្រូវបានសន្តិសុខផ្សារ ឃាត់ខ្លួនប្រគល់សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ បែរជាអាណាព្យាបាលមកដល់ មានការខឹងសម្បារួចប្រាប់ថា កូនស្រីគាត់មានបញ្ហាខួរក្បាលធ្លាប់វះកាត់ ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងផ្សារស្ទឹងមានជ័យថ្មី ស្ថិតនៅក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ម្ចាស់ខោទាំងពីរតូបមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ចំណែកនារីសង្ស័យក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដែរ ព្រោះសមត្ថកិច្ចមិនចង់ឱ្យសួរនាំទេ ដោយនារីសង្ស័យមានសាច់ញាតិខ្សែអ្នកធំ បែរជាមកធ្វើចោរនាំឱ្យប៉ះពាល់កិត្តិយស។
ប្រភពព័ត៌មានពីសន្តិសុខផ្សារស្ទឹងមានជ័យថ្មី បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នារីវ័យក្មេងជាជនសង្ស័យបានដើរទៅទិញខោអាវ ស្រាប់តែពេលនោះ នារីសង្ស័យបានយក ខោខូវប៊យពីតូបលេខ៩B ហើយបានដើររំលង៣ទៅ៤តូប ទើបបានធ្វើសកម្មភាពយកខោអាវពីតូបមួយទៀត ក៏ត្រូវអ្នកជិតខាងឃើញ បានស្រែកឱ្យម្ចាស់ខោអាវដឹងថា នារីសង្ស័យខាងលើលួចខោ នាំគ្នាឃាត់ខ្លួនប្រគល់ឱ្យសន្តិសុខផ្សារស្ទឹងមានជ័យថ្មី រួចហើយសន្តិសុខផ្សារ បានប្រគល់ទៅឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ១ យកទៅសួរនាំតែម្តង។
បន្ទាប់ពីសមត្ថកិច្ចសួរនាំហើយ បានហៅអាណាព្យាបាលមកដល់ប៉ុស្តិ៍នគរបាល បែរជាផ្ទុះកំហឹងទៅលើម្ចាស់ខោទាំង២តូបថា ជាអ្នកមួលបង្កាច់បង្ខូចកិត្តិយសកូនស្រីរបស់គាត់ទៅវិញ តែក្រោយពីមានអ្នកឃើញហេតុការណ៍ច្បាស់នឹងភ្នែក និងមានខោរបស់ជនរងគ្រោះនៅជាប់នឹងកូនស្រីដែរ ទើបឪពុកម្តាយនារីសង្ស័យទទួលថា កូនស្រីរបស់ខ្លួនពិតជាបានធ្វើសកម្មភាព លួចខោរបស់គេមែន។ បន្ទាប់មក សមត្ថកិច្ចបានណែនាំ ទើបម្តាយឪពុករបស់នារីសង្ស័យបានប្រាប់ថា កូនគាត់មានជំងឺខួរក្បាល និងធ្លាប់វះកាត់ម្តងមកហើយ។
ចុងក្រោយអាណាព្យាបាលបានសុំទោស និងសងសំណងទៅលើម្ចាស់ខោអាវវិញ ដើម្បីបញ្ចប់រឿង រួចក៏នាំកូនស្រីត្រឡប់ទៅផ្ទះវិញបាត់ទៅ៕