ភ្នំពេញ ៖ បុរសម្នាក់៣នាក់ស្រវឹងស្រា ជិះម៉ូតូខឹងរថយន្តកៀរឱ្យដួល ខណៈដែលម្ចាស់ រថយន្តឈប់បត់ជើងតូច ក៏ជិះម៉ូតូទៅវាយមួយដៃ ត្រូវម្ចាស់រថយន្តខឹងដកកាំភ្លើងបាញ់មេឃ មួយគ្រាប់ ហើយវាយមួយស្វាយកាំភ្លើង បែកក្បាលហូរឈាម។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨នឹង១៥នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៥៩៨ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលា ក្បែរនឹងស្នងការរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរះ២ ខណ្ឌប្ញស្សីកែវ។
ប្រភពព័ត៌មានពីម្ចាស់រថយន្ត BMW សុំមិនបញ្ចញឈ្មោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បើករថយន្តមួយគ្រឿង ម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-7898 ធ្វើដំណើរមកតាមបណ្តោយផ្លូវ ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ជិតនឹងកន្លែងកើតហេតុ គាត់ក៏ឈប់រថយន្តចុះបត់ជើងតូច ស្រាប់តែមានបុរស៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ ក្នុងនោះម្នាក់ជិះកណ្តាលស្រវឹងស្រា មិនដឹងថាមានរឿងអីទេ បានវ៉ៃគាត់មួយដៃ បណ្តាលឱ្យបែកមាត់ គាត់បានដកកាំភ្លើងបាញ់មេឃមួយគ្រាប់ ដើម្បីការពារខ្លួន និងគំរាមពួកគេឱ្យដកថយតែប៉ុណ្ណោះ។
ចំណែកយុវជនដែលរងរបួសជិះម៉ូតូមានឈ្មោះសឿន សុផៃ អាយុ១៩ឆ្នាំ ស្នាក់នៅផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរះ២ ខណ្ឌប្ញស្សីកែវ បានរៀបរាប់ថា មុនពេលកើតហេតុ គាត់ជិះម៉ូតូជាមួយមិត្តភក្តិមកពីផឹកស៊ីនៅម្តុំស្ពានព្រែកព្នៅ រួចក៏ធ្វើដំណើរមកតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមានរថយន្តខាងលើ បើកមកកៀរគាត់បណ្តាលឱ្យដួលម៉ូតូ ប៉ុន្តែសំណាងល្អមិនមានរងរបួសធ្ងន់អីនោះទេ ក៏លើកម៉ូតូជិះទៅមុខទៀត ចៃដន្យអីក៏ឃើញអ្នកកៀរនោះឈប់រថយន្តបត់ជើងតូចគាត់ ខឹងពេកទើបវ៉ៃម្ចាស់រថយន្តមួយដៃ ស្រាប់តែម្ចាស់រថយន្តដកកាំភ្លើងបាញ់បញ្ឆិតក្បាលមួយគ្រាប់ ហើយយកកាំភ្លើងវៃគាត់ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន។ ភ្លាមៗនោះ មិត្តភក្តិគាត់បានលើកម៉ូតូជិះរត់គេចខ្លួនចោលគាត់បាត់ស្រមោល។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីចាត់ការទៅតាមនីតិវិធី ពីករណីបាញ់បោះសេរី កាន់កាំភ្លើងមានច្បាប់ឬអត់?៕