កវីនិពន្ធនិងជាអ្នកដឹកនាំសម្ដែងលោកសុខ ជំនោរ បានចូលរោងការហើយ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ ជាមួយកូនក្រមុំឈ្មោះស្រី សុរង្សី ខណៈដែលតារាចម្រៀងល្បីឈ្មោះសុគន្ធ និសា ដែលជាអតីតសង្សារ៨ឆ្នាំរបស់លោក ក៏ត្រៀមចូលរោងការនៅថ្ងៃទី0១ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខផងដែរ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ទាំងលោកសុខ ជំនោរ និងសុគន្ធ និសា ដែលមានដៃគូជីវិតរៀងៗខ្លួននោះ បានអះអាងដូចគ្នាថា ពួកគេចង់បានកូនឆាប់ៗគ្រាន់ប្រឡែងលេងដូចគ្នា។
នៅក្នុងពិធីជប់លៀងមង្គលការរបស់កវីសុខ ជំនោរ ជាមួយកូនប្រមុំដ៏ស្រស់សោភា ឈ្មោះ ស្រី សុរង្សី នៅមជ្ឈមណ្ឌលកោះពេជ្រ អគារF ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម ដែលធ្វើឲ្យកូនកម្លោះកូនក្រមុំត្រេកអរញញឹមបិតមាត់មិនជិតទេ។ លោក ជំនោរ បានថ្លែងឲ្យដឹងថា ក្នុងកម្មវិធីដ៏ពិសេសបំផុតរបស់លោកនេះលោកបានអញ្ជើញភ្ញៀវកិត្តិយសចូលរួមចំនួន៦០០នាក់ (៦០តុ) ក្នុងនោះលោកបានអញ្ជើញភ្ញៀវជាអ្នកសិល្បៈខ្ទង់៦០នាក់ផងដែរ តែតារាៗបានមកចូលរួមមានចំនួនតិចតួចប៉ុណ្ណោះ។
នាវេលាកាត់នំ កវី សុខ ជំនោរ បានថ្លែងអរគុណដល់ភ្ញៀវកិត្តិយសដែលបានចូលមង្គលការរបស់ខ្លួន ហើយអ្វីដែលធ្វើឲ្យភ្ញៀវកិត្តិយសខ្ទង់៥០០ទៅ៦០០នាក់ ភ្ញាក់ផ្អើលនោះ លោកបានថ្លែងឲ្យដឹងថា «ខ្ញុំចង់បញ្ជាក់ថា គិតរហូតមកទល់ពេលនេះ ខ្ញុំបាននិពន្ធបទចម្រៀងមិនតិចជាង១០០០បទទេ តែសម្រាប់ថ្ងៃដ៏ពិសេសនេះ ខ្ញុំបានសម្រិតសម្រាំងបទចម្រៀងយ៉ាងពិសេសសម្រាប់ជូនដល់ភរិយារបស់ខ្ញុំដែលមានចំណងជើងថា «៣ម៉ឺនថ្ងៃ» ដែលចាត់ទុកថា ជាបទដែលខ្ញុំយកចិត្តទុកដាក់បំផុត»។ ភ្ញៀវកិត្តិយសជាច្រើនបានសម្ដែងការអបអរសាទរខណៈដែលបទចម្រៀងដែលបន្លឺឡើងក៏មានអត្ថន័យជ្រាលជ្រៅនិងពិរោះរន្តំចិត្ត។
ដោយឡែកកូនក្រមុំក៏រំភើបចិត្តណាស់ដែរ នៅពេលកវីសុខ ជំនោរ ថ្លែងបញ្ជាក់ពីក្ដីស្រលាញ់នៅចំពោះមុខភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ហើយកូនក្រមុំក៏បានប្រកាសថា អ្នកនាងក៏ស្រលាញ់កវី សុខ ជំនោរ ណាស់ដែរ ដែលផ្ដល់ក្ដីស្រលាញ់ឲ្យអ្នកនាងពិតប្រាកដ ស្មោះត្រង់ និងមិនធ្លាប់កុហកអ្នកនាង ខណៈដែលពួកគេក៏មានគម្រោងទៅក្រេបទឹកឃ្មុំសម្រាកលំហែកាយមួយរយៈផងដែរ តែមិនទាន់ច្បាស់ថា ទៅប្រទេសណានៅឡើយទេ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះលោកជំនោរ អះអាងថា លោកនិងភរិយា ក្រោយរៀបការរួច គឺចង់បានកូនភ្លាមតែម្ដង ដើម្បីបង្កើនភាពកក់ក្ដៅនៅក្នុងគ្រួសារ ទោះកូនស្រីក៏បានប្រុសក៏បាន ស្របពេលដែលតារាចម្រៀងល្បីឈ្មោះ សុគន្ធ និសា ដែលជាអតីតសង្សារកវីសុខ ជំនោរ ដែលគ្រោងចូលរោងការនៅថ្ងៃទី១ ធ្នូ ខាងមុខនេះ ក៏បានទម្លាយព័ត៌មានឲ្យដឹងផងដែរថា ក្រោយរៀបការរួច និសា និងអនាគតស្វាមី លោកពៅ សម្បតិ្ត អ្នកជំនួញធំនៅក្រុមហ៊ុនManulife ក៏គ្រោងទៅក្រេបទឹកឃ្មុំនៅកោះម៉ាឌីវ ផងដែរ ថែមទាំងចង់បានកូនជាចំណងដៃស្នេហ៍ក្នុងពេលឆាប់ៗទៀតផង ខណៈដែលវ័យរបស់ និសា ក៏កាន់តែច្រើនផងនោះ។ ដូច្នេះ ទាំង និសា និងលោកសុខ ជំនោរ គឺចង់បានកូនជាចំណងដៃ ដើម្បីពង្រឹងសុភមង្គលគ្រួសារដូចគ្នា ស្របពេលដែលមិត្តភក្ដិនៅក្នុងចង្កោមសិល្បៈ រួមទាំងអ្នកគាំទ្រផង ក៏ចង់ឃើញអ្នកទាំង២មានសុភមង្គលគ្រួសាររៀងៗខ្លួនផងដែរ៕