ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យប្រុសស្រី ចំនួន៥នាក់ បានរួមគំនិតគ្នាធ្វើសកម្មភាពគាស់ផ្ទះ អាជីវករលក់ភេសជ្ជៈម្នាក់ លួចយកស្រាបៀរចំនួន៣០កេស រួមនិងទឹកសុទ្ធចំនួន៨កេស តាំងពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចផ្ទះអាជីវករលក់ភេសជ្ជៈមួយកន្លែង ស្ថិតក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន លុះក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវ ក៏ឈានដល់ការចាប់ឃាត់ខ្លួនក្រុមជនសង្ស័យទាំង៥នាក់បាន កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ រួមមាន ទី១-ឈ្មោះកែវ នី ភេទស្រី អាយុ៣៩ឆ្នាំ ទី២-ឈ្មោះងួន មេសា ភេទប្រុស អាយុ១៩ឆ្នាំ ទី៣-ឈ្មោះកា ដាវី ភេទស្រី អាយុ២០ឆ្នាំ ទី៤-ឈ្មោះខឹម ទូច ភេទស្រី អាយុ៦០ឆ្នាំ និងទី៥-ឈ្មោះអ៊ុ ស្រីនាង ភេទស្រី អាយុ២៥ឆ្នាំ។ ជនសង្ស័យទាំង៥នាក់ មានលំនៅក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ជាមួយគ្នា។ ចំណែកស្ត្រីរងគ្រោះ ជាម្ចាស់ផ្ទះ មានឈ្មោះមឿន សោភា អាយុ ៤០ឆ្នាំ ជាអាជីវករលក់ភេសជ្ជៈ រស់នៅភូមិ រលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ជនសង្ស័យទាំង៥នាក់ខាងលើ បានរួមគំនិតគ្នាធ្វើសកម្មភាពគាស់ផ្ទះ លក់ភេសជ្ជៈមួយកន្លែងរបស់ស្ត្រីឈ្មោះមឿន សោភា រស់នៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន និងបានលួចយកស្រាបៀរ កម្ពុជាចំនួន៣០កេស ព្រមទាំងទឹកសុទ្ធចំនួន៨កេស។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ បន្ទាប់មក សមត្ថកិច្ចក៏ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនក្រុមជនសង្ស័យទាំង៥នាក់ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅអធិការដ្ឋាន នគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕