ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីចុះបង្ក្រាបផ្ទះលក់ចាបហួយមួយកន្លែង មានលួចលាក់កត់កន្ទុយលេខ ឃាត់ខ្លួនបានបុរសជាអ្នកកត់កន្ទុយលេខ និងស្រ្តីម្នាក់ ជាអ្នកទៅចាក់ឆ្នោត កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១០៣ នៅចំណុចផ្ទះលេខ217GA ស្ថិតនៅក្នុងក្រុម១១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
មេកត់កន្ទុយលេខដែលឃាត់ខ្លួនមាន ទី១-ឈ្មោះ ម៉ឺន សារិន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅទីតាំខាងលើ ជាអ្នកកត់កន្ទុយលេខ ទី២-ឈ្មោះ ម៉ែន ធាង ភេទស្រី អាយុ១៧ឆ្នាំ មុខរបរលក់កាហ្វេ ជាអ្នកចាក់ឆ្នោត ស្នាក់នៅហាងលក់កាហ្វេ ផ្លូវ១០៣ ក្រុម១១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ។
តាមប្រភពពត៌មានបានអោយដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវបាន ធ្វើការចុះទៅបង្ក្រាបផ្ទះលក់ចាបហួយមួយកន្លែង ដែលលួចបើកកត់កន្ទុយលេខបន្លំភ្នែកសមត្ថកិច្ច ។
យុទ្ធនាការចុះបង្រ្កាបនេះឃាត់ខ្លួនបានស្ត្រីម្នាក់ជាអ្នកចាក់ និងបុរសម្នាក់ទៀត ជាមេកត់ឆ្នោតយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ព្រមទាំងដកហូតបានវត្ថុតាងរួមមានក្រដាសសំរាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង។ បន្ទាត់ចំនួន០១ ស៊េរីចេញឆ្នោតមួយចំនួន និងប្រាក់ចំនួនប្រាំពីរម៉ឺនប្រាំពាន់រៀល ។
ក្រោយពេលកើតហេតុជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕