ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែខឹងនឹងអ្នករួមការងារជាមួយគ្នាមិនចេះជួយធ្វើការគ្នា ក៏ចងគំនុំ រួចធ្វើជាល្បួងហៅទៅផឹកស្រា រហូតដល់ស្រវឹងធ្លាក់ភ្នែក ទើបពឹងឱ្យបងប្រុសរបស់ខ្លួនវាយជនរងគ្រោះ១ដបស្រា បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ដេរជាង៣០ថ្នេរ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលមិត្តភក្តិជនសង្ស័យ ជាន់ទី២ ជិតរោងចក្រ QMI ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះដែលត្រូវគេវាយ១ដបស្រា រយះក្បាលដេរ៣០ថ្នេរ មានឈ្មោះអ៊ុន សុផារី អាយុ៣៨ឆ្នាំ មុខរបរបើករថយន្តរោងចក្រ QMI ស្នាក់នៅភូមិជម្ពូវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រពន្ធឈ្មោះ ខាន់ អន អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ចំណែកជនសង្ស័យមានគ្នា២នាក់ រួមមាន ទី១-ឈ្មោះឌី មុខរបរបើករថយន្តរោងចក្រ QMI ជាមួយគ្នា និងទី២-ត្រូវជាបងប្រុសរបស់ឈ្មោះ ឌី (មិនស្គាល់អត្តសញ្ញាណ)។
តាមសម្តីបុរសរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ រូបគាត់បានលើកអីវ៉ាន់ដាក់លើរថយន្តរបស់គាត់ ហើយឈ្មោះឌី ត្រូវជាមិត្តភក្តិធ្វើការជាមួយគ្នា ក៏លើកជាមួយដែរ តែលើកដាក់លើរថយន្តផ្សេងគ្នា បន្ទាប់មករថយន្តរបស់គាត់បានពេញមុន ហើយត្រូវចេញទៅ ស្រាប់តែឈ្មោះឌី បាននិយាយថា “លើកអីវ៉ាន់ដាក់ឡានពេញមុនអញ អត់ជួយលើកអញទេ អែងបានតែអញវ៉ៃទេ” ពេលនោះគាត់ក៏បាននិយាយតបទៅវិញថា អញដល់ម៉ោងចេញហើយ អញអត់បានជួយលើកទេ ថាហើយគាត់ក៏បានបើកឡានចេញបាត់ទៅ។
បុរសរងគ្រោះបន្តថា លុះនៅពេលល្ងាចថ្ងៃដដែល គាត់បានបើកឡានចូលទៅដាក់ក្នុងរោងចក្រវិញ រួចក៏ទៅទិញម្ហូបទុកឱ្យប្រពន្ធ ចេញពីរោងចក្រ លុះទិញបានហើយយកមកដល់បន្ទប់ជួលរួចរាល់ ស្រាប់តែជនសង្ស័យឈ្មោះ ឌី បានមកបបួលគាត់ទៅផឹកស៊ីនៅបន្ទប់ជួលមិត្តភក្តិរបស់គេនៅជាន់ទី២ ដោយផឹកគ្នា៦ និងផឹកស្រាដប។ លុះក្រោយពីផឹកស្រាអស់២-៣ដប ចាប់ផ្តើមផឹកស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ជនសង្ស័យឈ្មោះឌី បាននិយាយឌឺដងដាក់គាត់ថា “អែងលើកអីវ៉ាន់ពេញហើយ មិនជួយលើកអញ សមតែអញវ៉ៃទេហា” ខណៈនោះ ពេលដែលគាត់កំពុងឱន ក៏ត្រូវជនសង្ស័យមិនស្គាល់ឈ្មោះម្នាក់ដែលត្រូវជាបងប្រុសរបស់ជនសង្ស័យ ឈ្មោះឌី បានទាញដបស្រាមកវាយគាត់ចំក្បាល ផ្នែកខាងឆ្វេង បណ្តាលឱ្យមុតបែកយ៉ាងជ្រៅ និងមានអំបែងដបជាប់ក្បាលយ៉ាងច្រើនទៀតផង។ លុះពេលជនដៃដល់វ៉ៃគាត់ហើយ ថែមទាំងបានសម្លុតគំរាមឱ្យគាត់លុតជង្គង់សុំទោសប្អូនប្រុសរបស់គេ (ឈ្មោះឌី) ទៀតផង និងបាននិយាយថា បើមិនសុំទោសទេ អញនឹងវ៉ៃឱ្យ ងាប់។
បុរសរងគ្រោះ បានឱ្យដឹងទៀតថា ក្រោយពីទទួលរងរបួសបែកក្បាល ហើយរូបគាត់ក៏បានលុតជង្គង់ទាំបែកក្បាលឈាមហូរស្រោចពេញខ្លួន នៅចំពោះមុខជនសង្ស័យឈ្មោះឌី ហើយភ្លាមនោះឈ្មោះឌី បានស្រែកថា អែងរត់ទៅ បងអញវ៉ៃងាប់ឥឡូវហើយ ទើបគាត់បានក្រោកដើរត្រឡប់ទៅបន្ទប់ជួលរបស់គាត់វិញ ដោយយកអាវខ្ទប់ឈាម ដែលកំពុងហូរជោក។ លុះទៅដល់បន្ទប់ជួល ក៏ត្រូវប្រពន្ធ រួមនិងអ្នកជិតខាង ជួយដឹកបញ្ជូនទៅកាន់មន្ទីរសម្ភពជម្ពូវន្ត ដើម្បីសង្គ្រោះ និងត្រូវគ្រូពេទ្យ ដេរមុខរបួសជាង៣០ថ្នេរ។
ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធរងគ្រោះ រួមនិងបងប្អូនបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីឱ្យជួយអន្តរាគមន៍ តាមចាប់ខ្លួនជនដៃដល់ និងជនសមគំនិត ដើម្បីយកមកចាត់ការតាមច្បាប់៕