ខេត្តកណ្តាល ៖ ប្រធានក្រុមហ៊ុនមជ្ឈមណ្ឌលបណ្តុះបណ្តាល ភាសាជប៉ុន ស៊ី អិល ជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនសិក្ខាកាម ទៅកម្មសិក្សានៅប្រទេសជប៉ុនដែលគំរាមសម្លាប់ស្ត្រីម្នាក់ ពេលនេះកំពុងប្រឈមមុខចំពោះផ្លូវច្បាប់ហើយ ដោយដើមបណ្តឹងសំណូមពរដល់ស្ថាប័នតុលាការ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ កុំមានការលើកលែង។
តាមប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា លោកហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តកណ្តាល បានកោះហៅឈ្មោះឆៀង ឆុម អាយុ៤១ឆ្នាំ មានលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ពីដំណើររឿង “គំរាមកំហែងថា នឹងសម្លាប់” ស្ត្រីម្នាក់ឈ្មោះសុខ សោភ័ណ្ឌ។
យោងតាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ចែងថា “ការគំរាមកំហែងថានឹងសម្លាប់ កាលបើការគំរាមកំហែងនេះ ធ្វើឡើងម្តង ហើយម្តងទៀត ឬសម្តែងចេញតាមលិខិតរូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល”។
ពាក់ព័ន្ធករណីខាងលើនេះ លោកស្រីសុខ សោភ័ណ្ឌ ជាដើមបណ្តឹង បានអះអាងថា ពេលសមត្ថកិច្ចចាប់ខ្លួនឈ្មោះអៀត សារឹម បញ្ជូន មកស្នងការដ្ឋាននគរបាលខេត្តកណ្តាល គេឃើញ វត្តមានបុរសឈ្មោះឆៀង ឆុម ជាប្រធានក្រុមហ៊ុនមជ្ឈមណ្ឌល បណ្តុះបណ្តាលភាសាជប៉ុន ស៊ី អិល ជ្រើសរើសបណ្តុះបណ្តាល និងបញ្ជូនសិក្ខាកាមទៅកម្មសិក្សានៅប្រទេសជប៉ុន បាននិយាយគំរាមជាច្រើន និងស្រែកឡូឡា ជុំវិញការចាប់ខ្លួនឈ្មោះអៀត សារឹម។
ប្រធានក្រុមហ៊ុនរូបនេះ បានគំរាមដើមបណ្តឹងថា ចាំជួបគ្នានៅសាលាឧទ្ធរណ៍ម្តងទៀត ហើយនឹងធ្វើឱ្យដើមបណ្តឹងជាប់គុកម្តង និងប្រើពាក្យប្រមាថអាយុជីវិតមួយចំនួនទៀត។ ទង្វើបែបនេះ ត្រូវបានលោកស្រីសុខ សោភ័ណ្ឌ អះអាងថា ពុំមានការខ្លាចញញើតឡើយ ហើយសង្ឃឹមថា តុលាការនៅតែផ្តល់ភាពយុត្តិធម៌ដល់លោកស្រី។
ទោះជាយ៉ាងណា មកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ពុំទាន់អាចស្វែងរកប្រភពព័ត៌មាន ទាក់ទងប្រធានក្រុមហ៊ុនរូបនេះ ជុំវិញការចោទប្រកាន់ពីសំណាក់ដើមបណ្តឹងបាននៅឡើយទេ៕