ភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងចេញពីផ្ទះ បំណងទៅដឹកមិត្តស្រី ត្រូវជនសង្ស័យមួយក្រុមស្ទាក់វាយប្លន់យកម៉ូតូទៅបាត់ បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខហាងសាច់អាំងសែនសុខ តាមបណ្តោយផ្លូវហាណូយកែងនិងផ្លូវលំ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះជនម្ចាស់ម៉ូតូមានឈ្មោះ ស៊ួស ហ្សា ភេទប្រុស អាយុ២១ឆ្នាំ ជាបុគ្គលិកសណ្ឋាគារសុខា ស្នាក់សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ ទី២មានឈ្មោះ ហូសេន ហ្វារ៉ុកភេទប្រុស អាយុ១៨ឆ្នាំ ជាបុគ្គលិកសណ្ឋាគារសុខា ស្នាក់នៅផ្ទះក្បែរគ្នា។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅពេលកើតហេតុពួកគេបានជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GC-8738 ទើបតែចេញមកពីផ្ទះនៅម្តុំជ្រោយចង្វារ គោលបំណងទៅយកមិត្តស្រីម្នាក់ទៀតនៅម្តុំកន្លែងកើតហេតុដើម្បីទៅផឹកស៊ីនៅសូរិយ៉ាម៉ល ដោយធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុក៏បត់ឆ្វេងចូលទៅក្នុងផ្លូវលំ ខណៈពេលនេះស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៦ទៅ៧នាក់ ជិះម៉ូតូបីគ្រឿងមិនចាំម៉ាក បានជិះមកពីក្រោយហើយបានធ្វើសកម្មភាពយកថ្មមកវាយទៅលើជនរងគ្រោះទាំងពីរនាក់
បណ្តាលអោយជនរងគ្រោះភ័យ ក៏ផ្តួលម៉ូតូចោលរត់យកគេចខ្លួន ភ្លាមៗនោះក្រុមជនសង្ស័យឃើញឱកាសល្អក៏នាំគ្នាលើកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុចជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីទាំងសោកស្តាយម៉ូតូជាពន់ពេក ៕