ភ្នំពេញ ៖ យុវជនម្នាក់ ទើបតែស្គាល់ជាមួយយុវជនម្នាក់ទៀត បានរយៈពេល៤ខែ មិនទាន់ស្គាល់ចិត្តថ្លើមនិងលំនៅគ្នាស្រួលបួលផង ក៏បបួលគ្នាចូលក្លឹប ផឹកស៊ីរហូតស្រវឹងធ្លាក់ភ្នែក ហើយក៏នាំគ្នាមកដេកបន្ទប់ជួល របស់ជនរងគ្រោះរួមគ្នាទៀត តែដឹងអីត្រូវមិត្តភក្តិជើងល្អនោះ ងើបភ្ញាក់មុន ហើយធ្វើសកម្មភាពលួចយកម៉ូតូបើករត់គេចខ្លួនបាត់ លុះជនរងគ្រោះដឹងថា បាត់ ទើបដាក់ពាក្យបណ្តឹងសមត្ថកិច្ច ប៉ុស្តិ៍ដង្កោ ឱ្យជួយអន្តរាគមន៍ កាលពីវេលា ម៉ោង៧ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។
ជនរងគ្រោះ ដែលត្រូវមិត្តភក្តិថ្មោងថ្មីស៊ី ដាច់ម៉ូតូនោះ មានឈ្មោះអួញ ចក់ អាយុ២០ឆ្នាំ មុខរបរកម្មករស៊ីនទ្រី ស្នាក់នៅផ្ទះជួលភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកមិត្តភក្តិជនសង្ស័យយកទៅម៉ាកស៊ុយហ្ស៊ុយគីឡែត ពណ៌ស លាយផ្កាឈូក ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ តាកែវ ១1N-1797។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា រូបគេ និងជនសង្ស័យ ទើបតែស្គាល់សុំរាប់អានគ្នាជាមិត្តភក្តិ៤ថ្ងៃប៉ុណ្ណោះ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ពួកគេទាំង២នាក់ នាំគ្នាដើរ និងបានចូលក្លឹបឌឹរមីង លុះដល់ម៉ោង១២រំលងអធ្រាត្រ គេទាំង២នាក់ បានចេញពីក្លឹបវិញ គិតថា ត្រឡប់មកបន្ទប់ជួល ស្រាប់តែពេលនោះ ក៏មានស្ទាវមួយក្រុមចេញពីក្លឹបដូចគ្នា ហើយបានយកដុំថ្មមកគប់មកលើរូបគេទាំង២ បណ្តាលឱ្យរូបគេជាម្ចាស់ម៉ូតូរងរបួសកញ្ចឹងក ពេលនោះ គេទាំង២នាក់ អត់មានលុយចូលពេទ្យមើលរបួស ក៏នាំគ្នាយកគ្រឿងម៉ូតូទៅបញ្ចាំយកលុយ មកលាងរបួស ពេលដែលលាងរបួសរួច ពួកគេទាំង២នាក់ បានមកដេកនៅបន្ទប់របស់ខ្លួននៅ ចំណុចកើតហេតុខាងលើ លុះដល់ព្រឹកឡើងវេលាម៉ោង៦និង៣០នាទី ពេលដែលរូបគេក្រោកពីដេក អត់ឃើញសម្លាញ់ឈ្មោះឡាយ និងម៉ូតូ ទើបភ្ញាក់ខ្លួនថា មិត្តសម្លាញ់រូបនេះ បានស៊ីដាច់ម៉ូតូគេបាត់ទៅហើយ មិនដឹងជាមិត្តជើងល្អនេះ ធ្វើសកម្មភាពលួចម៉ូតូរបស់គេតាំងពីថ្មើរណា ព្រោះតែរូបគេ ស្រវឹងស្រាពេក ដូចលង់លក់ ដូចងាប់ និងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងចាប់ជនសង្ស័យមកចាត់ការ តាមផ្លូវច្បាប់។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗ បំណងរកម៉ូតូរបស់ជនរងគ្រោះ និងតាមចាប់ខ្លួនជនសង្ស័យ តែរហូតមកដល់ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចមិនទាន់ទទួលបានពន្លឺអ្វីពីជនសង្ស័យឡើយ៕