តារាចម្រៀងរូបស្រស់ទឹកដមសំឡេងក្រអួនក្រអៅកញ្ញាអេនណា បានបង្ហើបឲ្យដឹងថា នៅថ្ងៃទី៦ ធ្នូ ២០១៧ ខាងមុខនេះនាងនឹងត្រូវហោះទៅបង្អួតសម្រស់រកប្រាក់នៅលើទឹកដីអូស្ត្រាលីជាលើកទី៣ ខណៈដែលនាងរំពឹងថា នឹងទទួលបានជោគជ័យនៅលើទឹកដីកោះដ៏ត្រជាក់នោះជាថ្មី។
ស្រីស្រស់អេនណា បានថ្លែងឲ្យដឹងថា ឱកាសទៅសម្ដែងនៅអូស្ត្រាលី ជាលើកទី៣នេះគឺមានខាងសមាគមធំមួយជាអ្នកធានានាងទៅរួមជាមួយតារាចម្រៀងនិងសម្ដែង៥រូបទៀតដែលនិងត្រូវសម្ដែងនៅទីនោះរយៈពេលពីមួយខែកន្លះទៅ២ខែ។នាងថា តាមគម្រោងនិងត្រូវសម្ដែងជាច្រើនរដ្ឋ ព្រោះត្រូវចំកម្មវិធីធំៗមួយចំនួនដូចជាChristmas កម្មវិធីឆ្លងឆ្នាំសកលជាដើម ហើយឱកាសទៅលើកនេះនាងបានត្រៀមបទចម្រៀងជាច្រើនដើម្បីកំដអារម្មណ៍បងប្អូនទស្សនិកជននៅទីនោះទាំងបទពីដើមៗ និងបទសម័យដោយមិនឲ្យបងប្អូនខកបំណងទេ។ដូច្នេះតាមរយៈបទពិសោធន៍ដែលធ្លាប់ទៅនាងរំពឹងថា នឹងទទួលបានការគាំទ្រ ក៏ដូចជាជោគជ័យមិនចាញ់កាលទៅលើកមុនៗ។ម្យ៉ាងនាងត្រូវបានបងប្អូននៅទីនោះស្គាល់និងគាំទ្រច្រើនគួរសមដែរហើយ។
អេនណា បានឲ្យដឹងដែរថា កន្លងមកក៏មានខាងសមាគមចង់ធានាឲ្យនាងទៅសម្ដែងនៅសហរដ្ឋអាមេរិក និងបារាំងផងដែរប៉ុន្តែពុំទាន់មានឱកាសបានទៅគឺហាក់មាននិស្ស័យបានទៅតែខាងអូស្ត្រាលី ជាបន្តបន្ទាប់។អេនណា បានសារភាពថា ឱកាសទៅ២លើកមុនក៏មានបុរសៗមួយចំនួននៅអូស្ត្រាលី តាមចែចង់ ចង់បាននាងជាដៃគូជីវិតដែរប៉ុន្តែនាងមិនហ៊ានបើកបេះដូងទទួលក្ដីស្រលាញ់ពីបុរសណាម្នាក់ទេក៏ព្រោះតែនាងពុំទាន់ស្គាល់និងពិសោធន៍ចិត្តបុរសនៅទីនោះច្បាស់ដោយត្រឹមស្គាល់ថាជាអ្នកក្រៅប្រទេស។ណាមួយក៏ស្ថិតក្នុងការពិចារណាថាត្រូវទទួលឬក៏អត់ផងដែរ។អេនណា បន្តថា«សម្រាប់ចិត្តខ្ញុំមិនងាយបើកចំហទទួលការស្រលាញ់ពីបុរសណាទេព្រោះខ្ញុំខ្លាចជួបបុរសមិនស្មោះត្រង់នាំឲ្យគ្រាំចិត្ត។ដូច្នេះខ្ញុំមិនហ៊ានសម្រេចចិត្តដោយប្រថុយប្រថានក្នុងរឿងស្នេហាទេ»។
នៅពេលសួរថា ការទៅសម្ដែងនៅអូស្ត្រាលី ជាលើកទី៣នេះប្រសិនបើមានបុរសអូស្ត្រាលី ពេញចិត្តចង់បានអេនណា ជាភរិយាស្របច្បាប់តើគិតយ៉ាងណា?អេនណា តបថា«ដូចខ្ញុំប្រាប់អីចឹងមុននឹងខ្ញុំសម្រេចចិត្តជ្រើសរើសបុរសណាម្នាក់ទាល់តែខ្ញុំស្វែងយល់ពីបុរសនោះច្បាស់លាស់សិនគឺមិនហ៊ានសម្រេចចិត្តភ្លាមៗទេ។ម្យ៉ាងក្នុងដំណាក់កាលនេះខ្ញុំចង់ផ្ដោតលើអាជីពសិល្បៈច្រើនជាងគិតពីរឿងស្នេហា»។
អេនណា បញ្ជាក់ថា ចំពោះរឿងដៃគូជីវិតនាងមិនប្រកាន់ថា ទាល់តែជាបុរសនៅក្នុងឬក្រៅស្រុកទេសំខាន់ឲ្យតែនាងស្រលាញ់ពេញចិត្តនិងគិតថាជាបុរសល្អអាចផ្ដល់សុភមង្គលឲ្យនាងបាន។
អេនណា អះអាងថា ឱកាសចេញទៅសម្ដែងនៅអូស្ត្រាលី ជាលើកទី៣នៅម៉ោង៦ល្ងាច ថ្ងៃទី៦ ធ្នូ ២០១៧ ខាងមុខនេះនាងនឹងប្រឹងប្រែងសម្ដែងបម្រើអារម្មណ៍បងប្អូនទស្សនិកជនដោយមិនឲ្យខកបំណងទេហើយពេលនាងត្រលប់មកពីអូស្ត្រាលី វិញនាងនឹងប្រឹងពង្រឹងអាជីពចម្រៀងដណ្ដើមការគាំទ្របន្ថែមទៀត៕