ភ្នំពេញ ៖ ព្រះសង្ឃ២អង្គ គង់នៅវត្តទួលសំរោង ធ្លាប់បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា កាលពីកន្លងមក តែមិនឈានដល់ការប្រើអំពើហិង្សានោះទេ ប៉ុន្តែត្រូវបានព្រះសង្ឃមួយ អង្គចងគំនុំទុក លុះមានឱកាសល្អ ក៏ហៅបងប្អូនជីដូនមួយម្នាក់ទៀត មកព្រួតវាយទៅលើព្រះសង្ឃជាគូទំនាស់ដែលកំពុងគង់ទន្ទេញធម៌ បណ្តាលឱ្យបែកចិញ្ចើម និងពកព្រះកេសខាង ក្រោយ រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តទួលសំរោង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ព្រះសង្ឃរងគ្រោះដែលទទួលរងអំពើហិង្សានោះ មានព្រះនាម វ៉ា សែម ព្រះជន្ម៤៦វស្សា គង់នៅក្នុងវត្តទួលសំរោង (របួសចិញ្ចើម ដេរ១២ថ្នេរ និងពកព្រះកេសពីក្រោយយ៉ាងធំ)។ ចំណែកព្រះសង្ឃបង្កហេតុ មានព្រះនាម អ៊ី វ៉ាហៃ ព្រះជន្ម២៥វស្សា គង់នៅក្នុងវត្តទួលសំរោង និងបក្ខពួកម្នាក់ទៀត មិនស្គាល់ឈ្មោះ គ្រាន់តែដឹងថា ត្រូវជាបងប្អូនជីដូនមួយរបស់ព្រះសង្ឃបង្កហេតុ។
ព្រះសង្ឃរងគ្រោះបានមានសង្ឃដីកាថា នៅមុនពេលកើតហេតុ ព្រះអង្គកំពុងតែគង់ទន្ទេញធម៌ នៅមុខជិតខ្លោងទ្វារចូលវត្ត ខណៈនោះក៏ស្រាប់តែឃើញព្រះសង្ឃដែលជាជនបង្កហេតុ រួមនិងបងប្អូនជីដូនមួយម្នាក់ទៀត បាននាំគ្នាយកបន្ទះក្តាមកព្រួតវាយលើព្រះអង្គទាំងកំរោល បណ្តាលឱ្យរងរបួសរយះចិញ្ចើមខាងស្តាំ និងពកព្រះកេសខាងក្រោយប៉ុនក្បាលជង្គង់តែម្តង។
ព្រះសង្ឃរងគ្រោះ មានសង្ឃដីកាបន្តថា ក្រោយពីត្រូវព្រះសង្ឃបង្កហេតុ រួមនិងបក្ខពួក ព្រួតវាយទាំងមិនមានមូលហេតុច្បាស់លាស់បែបនេះ ព្រះអង្គក៏បានរត់ចេញមកក្រៅវត្ត និងបានស្រែកឆោឡោ ហៅឱ្យគេជួយ ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរវត្ត ជួយទាក់ទងហៅរថយន្តសង្គ្រោះ ឱ្យមកដឹកយកព្រះអង្គទៅព្យាបាលរបួសនៅគ្លិនិកឯកជនសួគ៌ា។ ដោយឡែក សង្ឃបង្កហេតុបានគេចចូលសម្ងំក្នុងវត្តបាត់។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយពីកើតមានអំពើហិង្សារវាងព្រះសង្ឃ និងព្រះសង្ឃក្នុងវត្តទួលសំរោងរួចមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដែរ ដើម្បីធ្វើការសួរនាំពីដំណើររឿង និងស្វែងរកមុខជនបង្កហេតុ ប៉ុន្តែភ្លាមនោះវត្តទួលសំរោង ត្រូវបានគេចាក់សោរបងជាប់មិនអនុញ្ញាតឱ្យសមត្ថកិច្ចចូលទៅសាកសួរបានឡើយ។
យ៉ាងណាក្តី ព្រះសង្ឃរងគ្រោះបានរំលឹកប្រាប់ថា កន្លងមក ព្រះអង្គ និងព្រះសង្ឃបង្កហេតុធ្លាប់មានទំនាស់ពាក្យសម្តីជាមួយគ្នាបន្តិចបន្តួចម្តងរួចមកហើយ តែមិនដល់ថ្នាក់ប្រើអំពើហិង្សានោះទេ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ ទំនងជាព្រះសង្ឃបង្កហេតុ មានគំនិតគុំកួនទើបធ្វើបែបនេះ មកលើព្រះអង្គតែម្តង។
ក្រោយពេលកើតហេតុព្រះសង្ឃរងគ្រោះ បានដាក់ពាក្យបណ្តឹងសុំឱ្យសមត្ថកិច្ចចាត់ការជនបង្កហេតុតាមផ្លូវច្បាប់។ តែយ៉ាងណាករណីមួយនេះ សមត្ថកិច្ចមិនទាន់អាចធ្វើអ្វីបាននៅឡើយទេ គឺបានត្រឹមឈរនៅមុខខ្លោងទ្វារវត្តប៉ុណ្ណោះ រង់ចាំទាល់តែព្រឹកទើបអាចដោះស្រាយបាន៕