ភ្នំពេញ ៖ បុរសជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ ទើបនឹងចេញពីកម្មវិធីស៊ីផឹកនៅផ្ទះមិត្តភក្តិ ក៏កើតមានទំនាស់ពាក្យសម្តីជាមួយបុរសពិការជើងទាំងសងម្នាក់ ពីរឿងចតរ៉ឺម៉កនៅលើផ្លូវមុខផ្ទះ រហូតដល់បុរសជាមន្ត្រីប៉េអឹមខឹងពេក ក៏ដកកាំភ្លើងមកគំរាមបុរសពិការ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅតាមផ្លូវលំ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ភាគីបុរសពិការមិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា មានរបរជាអ្នករត់រ៉ឺម៉កម៉ូតូ ស្នាក់នៅទីតាំងកើតហេតុខាងលើ។ ចំណែកភាគីបុរសជាមន្ត្រីប៉េអឹម ក៏មិនត្រូវបានស្គាល់ឈ្មោះដូចគ្នា គ្រាន់តែដឹងថា ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បម្រើការនៅក្នុងអង្គភាពសន្តិសុខ ជិះម៉ូតូម៉ាកនិក ពណ៌ស អត់ពាក់ស្លាកលេខ។
តាមសម្តីបុរសពិការជាអ្នករត់រ៉ឺម៉កម៉ូតូ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់បានរ៉ឺយ៉ែរ៉ឺម៉កម៉ូតូដាក់មុខផ្ទះជួល ស្រាប់តែបុរសដែលអះអាងថា ខ្លួនជាប៉េអឹមបានស្រែកដាក់គាត់ ធ្វើឱ្យគាត់ខឹងក៏ស្រែកតបទៅវិញ បង្កឱ្យក្លាយជាជម្លោះពាក្យសម្តីដាក់គ្នាទៅវិញទៅមក។ ស្រាប់តែក្រោយមក បុរសជាប៉េអឹមខាងលើ បានដកកាំភ្លើងខ្លីប្រភេទរ៉ូឡូ មកគំរាមរូបគាត់ថា “អញប៉េអឹម ឯងចង់ខ្លាំងអី” តែរូបគាត់មិនខ្លាចឡើយ ទោះគាត់ពិការជើងទាំង២ក៏ដោយ ក៏គាត់មិនខ្លាចដែរ ហើយបានឱ្យប្រពន្ធរត់ទៅប្តឹងសមត្ថកិច្ចតែម្តង។
ចំណែកបុរសជាមន្ត្រីកងអាវុធហត្ថលើផ្ទៃប្រទេសវិញ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់ទើបចេញមកពីកម្មវិធីផ្ទះមិត្តភក្តិ ហើយបានត្រឡប់ទៅគោលដៅនៅទួលគោកវិញ តែពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញបុរសរត់រ៉ឺម៉កម៉ូតូមានជម្លោះជាមួយគ្រួសារ ហើយគាត់បានលាន់មាត់ថា “ហ៊ឺដាក់រ៉ឺម៉កម៉ូតូ បិទទទឹងផ្លូវម៉ង” ស្រាប់តែបុរសរត់រ៉ឺម៉កម៉ូតូបានស្រែកដាក់គាត់ថា “មិញឯងថាម៉េច មើលឈប់សិន” បន្ទាប់មករូបគាត់បានឈប់ម៉ូតូ ហើយដើរទៅសាកសួរថា ចង់ម៉េច! រួចក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នាតែម្តង និងត្រូវភាគីបុរសរត់រ៉ឺម៉កម៉ូតូ បានទាញដុំថ្មរកគប់គាត់ ទើបគាត់ដកកាំភ្លើង តែមិនបានគំរាមឡើយ។
តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរនោះ ដែលបានឃើញហេតុការណ៍ច្បាស់លាស់តាំងពីដើមដល់ចប់ បានលួចខ្សឹបប្រាប់ថា ភាគីទាំងសងខាង សុទ្ធតែបោះពាក្យសម្តីដាក់គ្នាមិនណយដូចគ្នា ចង់ឈ្នះចង់ចាញ់រៀងខ្លួន ចំណែកភាគីបុរសជាប៉េអឹមវិញ ក៏មិនណយដែរ ស្លៀកពាក់ស៊ីវិល តែសៀតកាំភ្លើងចេញក្រៅសំញ៉ែងគេឯង។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានចុះទៅដល់ទីតាំងកើតហេតុ ជួយធ្វើការសម្របសម្រួល ប៉ុន្តែភាគីទាំងសងខាងនៅតែមិនព្រមចុះញ៉មគ្នា ចង់ឈ្នះរៀងខ្លួន រហូតដល់ស្ត្រីជាប្រពន្ធបុរសអ្នករត់រ៉ឺម៉កម៉ូតូបានស្នើឱ្យសមត្ថកិច្ចជួយសម្រួល ដោយមិនចង់ប្តឹងផ្តល់គ្នាឡើយ ក្រោយមកទើបភាគីទាំងពីរត្រជាក់ចិត្ត ព្រមបែកផ្លូវគ្នារៀងៗខ្លួន៕