ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីកាំកុងត្រូលចេញមកពីញុំាការមិត្តភ័ក្តិនៅកោះពេជ្រ បើករថយន្តហួសផ្លូវចូលផ្ទះ បានឈប់រថយន្តដេកកណ្តាលផ្លូវតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចមុខមន្ទីរពេទ្យព្រះកេតុមាលា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX-300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2U-8448 បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីកាំកុងត្រូល ធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹងខ្លំាងពេក ខណៈពេលមកដល់ចំណុចកើតហេតុខាងលើបើករថយន្តទៅមុខលែងរួច បានឈប់រថយន្តដេកនៅកណ្តាលផ្លូវ បង្កអោយផ្អើលដល់សមត្ថកិច្ចចុះទៅដល់ បានឲ្យដាស់អោយភ្ញាក់ដឹងខ្លួនវិញ គិតតែពីអង្គុយក្អួតចង្អោរ ទើបសមត្ថកិច្ចប៉ុស្តិ៍ស្រះចក សួរនាំ ត្រូវបានអ្នកបើករថយន្តបានប្រាប់ថា ទំនាក់ទំនងរកសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះ ដល់ពេលសមត្ថកិច្ចសួរនាំ បុរសខាងលើប្រាប់ថា រូបគាត់ទើបនឹងមកពីញុំាការមិត្តភក្តិនៅកោះពេជ្រ គោលបំណងត្រឡប់ទៅផ្ទះនៅបាក់ទូក ដោយសារតែគាត់ស្រវឹងស្រាខ្លាំងពេក បើកហួសផ្លូវក៏ឈប់រថយន្តដេកតែម្តង ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចបានទាក់ទងទៅសាច់ញាតិមកដឹកយកត្រឡប់ទៅផ្ទះវិញ បន្ទាប់មកកូនប្រុសបានមកដឹកយកត្រឡប់ទៅផ្ទះវិញ ៕