នាយប់ថ្ងៃទី១០ ធ្នូ កន្លងទៅនេះព្រឹត្តិការណ៍ភាពយន្តជាតិលើកទី៥ ឆ្នាំ២០១៧ បានប្រកាសបិទនៅសាលមហោស្រពចតុមុខរាជធានីភ្នំពេញ ក្រោមវត្តមានលោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានប្រកាសប្រគល់ពានទាំង៩ ដល់ផលិតករនិងតារាសម្ដែងគួរឲ្យភ្ញាក់ផ្អើល។
បើទោះបីភាពយន្តដែលដាក់ប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តថ្នាក់ជាតិលើកទី៥ ឆ្នាំ២០១៧ ចម្រុះដោយស្នាដៃផលិតករបរទេសនឹងខ្មែរប៉ុន្តែផលិតករខ្មែរក៏ទទួលបានពានឆ្នើមលើការផលិតភាពយន្តដ៏គួរឲ្យមោទនៈផងដែរដែលចាត់ទុកថា ស្នាដៃផលិតករខ្មែរកាន់តែបោះជំហ៊ានទៅមុខ។
លទ្ធផលដែលអ្នកលើកពានទទួលបានរួមមាន ៖ ពានរង្វាន់តុបតែងឆាកឆ្នើមបានទៅលើលោក អួក អ៊ីវ នៃរឿង “ការពារឧក្រិតជន”។ ពានរង្វាន់ប្រព្រឹត្តិកម្មភាពយន្តឆ្នើម បានទៅលើផលិតកម្មខ្មែរមេគង្គនៃរឿង”តម្លៃស្នេហ៍”។ ពានរង្វាន់តួសម្តែងស្រីឆ្នើមបានទៅលើកញ្ញា ស៊ីន យូប៊ីន(រឿងតម្លៃស្នេហ៍)។ ពានរង្វាន់តួសម្តែងបុរសឆ្នើមបានទៅលើលោក អ៊ួ តារា សម្តែងក្នុងរឿងការពារឧក្រិដជន។ ពានរង្វាន់អ្នកថតរូបឆ្នើម បានទៅលើលោក មឿន វណ្ណា។ ពានរង្វាន់អ្នកដឹកនាំរឿងឆ្នើមបានទៅលើលោក ជុំ វិចិត្រ ក្នុងស្នាដៃរឿង”ស៊ុបពើមាំ”របស់ផលិតកម្មមហាហង្ស។ ពានរង្វាន់អ្នកនិពន្ធឆ្នើមអ្នកស្រី ពាន់ ភួងបុប្ជា ក្នុងរឿង”ទឹកចិត្តម្តាយសម័យថ្មី”។ ពានរង្វាន់ខ្សែភាពយន្តទស្សនិកជនគាំទ្រខ្លាំងបានទៅលើរឿង “ទឹកចិត្តម្តាយសម័យថ្មី”។ ប័ណ្ណកិត្តិយសសម្រាប់តួសម្តែងមាន សុខ សោម៉ាវត្តី សម ថារត្ន័ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិវឌ្ឍនា និងពានរង្វាន់រឿងឆ្នើមឆ្នាំ២០១៧ បានទៅលើរឿង”តម្លៃស្នេហ៍”របស់ខ្មែរមេគង្គ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថាវត្តមានភាពយន្តខ្មែរដែលជាស្នាដៃរបស់បរទេស មិនមែនជារឿងខុសឆ្គងនោះទេ សំខាន់អោយតែភាពយន្តនោះមានលក្ខណៈជាខ្មែរនិងជាអត្តសញ្ញាណរបស់ខ្មែរ។ អ្វីដែលសំខាន់គឺបានលើកទឹកចិត្តអោយជនបរទេសនិងអ្នកដែលមានស្នាដៃបន្តប្រឹងប្រែងផលិតភាពយន្តដើម្បីអោយខ្មែរកាន់តែមានកិត្តិយស និងដើម្បីចែករំលែកដល់ក្រុមផលិតករដែលត្រូវការទទួលចំណេះដឹង ជាច្រើនក្នុងប្រទេសក្នុងពេលមហោស្រពបើកអោយភាពយន្តរបស់ស្នាដៃខ្មែរ និងស្នាដៃរបស់បរទេសបានប្រកួតជាមួយគ្នា។
លោកស្រីថា យ៉ាងហោចណាស់ក៏ជំរុញអោយផលិតករបរទេសអោយមកធ្វើសកម្មភាពផលិតកុនដើម្បីផ្ដល់ចំណេះដឹង និងការងារអោយតារាសម្ដែងកម្ពុជា និងផលិតករនៅកម្ពុជា។ ក្នុងនោះលោកស្រីក៏បានលើកទឹកចិត្តដល់ភាពយន្ត និងផលិតករកម្ពុជា ដែលដាក់រឿងប្រកួតប្រជែងហើយមិនទទួលបានពាន និងប័ណ្ណសរសើរណាមួយនៅក្នុងព្រឹត្តិការណ៍នោះផងដែរខណៈដែលព្រឹត្តិការណ៍មហោស្រពភាពយន្តថ្នាក់ជាតិលើកទី៦និងត្រូវប្រកួតនៅអំឡុង២ឆ្នាំខាងមុខ៕