បន្ទាប់ពីអតីតគូដណ្ដឹងបិទសិទ្ធិមិនឲ្យទៅសម្ដែងនៅក្រៅប្រទេសរយៈពេល២ឆ្នាំ នៅល្ងាចថ្ងៃទី១១ ធ្នូ ម្សិលមិញនេះធីណាតា បានហោះទៅសម្ដែងបង្អួតសម្រស់រកប្រាក់នៅលើទឹកដីអូស្ត្រាលី ជាថ្មីក្រោយពេលប្រេះឆាស្នេហ៍ ខណៈដែលនាងបង្ហើបថា បើជួបបុរសល្អអាចផ្ដល់សុភមង្គលឲ្យនាងបាន នាងចង់ផ្ញើរវាសនានៅលើដីកោះដ៏ត្រជាក់នោះតែម្ដង។
ធីណាតា បានថ្លែងឲ្យដឹងមុនពេលឡើងយន្តហោះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា នាងបានខកខានចេញទៅសម្ដែងនៅក្រៅប្រទេសរយៈពេល២ឆ្នាំ មកហើយដោយសារតែអតីតគូដណ្ដឹងលោកម៉ន គង់ ឃាំងផ្លូវប៉ុន្តែក្រោយចែកផ្លូវគ្នានាងចាប់ផ្ដើមមានឱកាសលេងសិល្បៈពេញទំហឹងជាថ្មីហើយក៏ក្រសោបបានទីផ្សារចេញទៅសម្ដែងនៅអូស្ត្រាលី។ធីណាតា បន្ថែមថា ការទៅសម្ដែងនៅអូស្ត្រាលី លើកនេះជាលើកទី៦ ហើយដែលគ្រោងសម្ដែងជាច្រើនរដ្ឋ ក្នុងរយៈពេលបីខែជាមួយតារាចម្រៀងតារាសម្ដែងចំនួន៣នាក់ទៀតដូចជាលោកផាយ៉ត កញ្ញាខារ៉ា និងលោកពួ សុខគា ហៅញ៉ាញ់។
ធីណាតា ក៏បានឲ្យដឹងដែរថា ក្រៅពីប្រទេសអូស្ត្រាលី កន្លងមកនាងធ្លាប់ទៅសម្ដែងនៅប្រទេសបារាំង អង្គគ្លេស អាល្លឺម៉ង់ និងប្រទេសជប៉ុន ផងដែរហើយការចេញទៅសម្ដែងនៅអូស្ត្រាលី លើកនេះនាងរំពឹងថា នឹងទទួលបានជោគជ័យដូចការទៅសម្ដែងលើកមុនៗដែរ។ត្បិតអីការចេញទៅសម្ដែងលើកនេះនាងបានត្រៀមបទចម្រៀងពីដើមៗជាច្រើនដើម្បីឲ្យបងប្អូននៅទីនោះរាំលេងកម្សាន្តខណៈដែលនាងក៏បានត្រៀមសម្លៀកបំពាក់បែបប្រពៃណីខ្មែរជាច្រើនឈុត។ណាតាបន្តថា ក្រោយបញ្ចាប់ការសម្ដែងរយៈពេល៣ខែ នាងគ្រោងបន្តវីសារយៈពេល៣ខែបន្ថែមទៀតផងដែរដើម្បីបើកហាងកាហ្វេជាទ្រង់ទ្រាយតូចមួយជាមួយមិត្តភក្ដិនៅអូស្ត្រាលី ។ពោលគឺនាងចង់រកស៊ីបើកមុខជំនួញនៅទីនោះតែម្ដង។
តារាសម្បូរប្រុសចោមស្នេហ៍រូបនេះអះអាងថា ទំនាក់ទំនងរវាងនាងជាមួយអតីតគូដណ្ដឹងលោកម៉ន គង់ មិនអាចផ្សះផ្សារបានទេពោលគឺការចេញទៅសម្ដែងនៅអូស្ត្រាលី លើកនេះប្រសិនបើជួបបុរសល្អអាចមើលថែផ្ដល់សុភមង្គលឲ្យនាងបាននាងនឹងពិចារណាក្រាបផ្ទឹមបង្កើតគ្រួសារនៅទីនោះតែម្ដង។ម្យ៉ាងឱកាសចេញទៅសម្ដែងនៅក្រៅប្រទេសកន្លងមកនាងហាក់ពេញចិត្តចង់រស់នៅនិងរកស៊ីនៅទីនោះ ខណៈដែលដីកោះដ៏ត្រជាក់មួយនេះក៏មានប្រជាពលរដ្ឋខ្មែររស់នៅច្រើនផងដែរ៕