ភ្នំពេញ ៖ រថយន្តប្រភេទយីឌុបដឹកឥវ៉ាន់ចាប់ហួយមួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេកហើយ បានជាបើកចុះពីលើស្ពានព្រែកសំរោងវិញ រេចង្កូតជ្រុលទៅបុកចូលផ្ទះលក់ឈើ បណ្តាលអោយមានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល4នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅជិតនិងគល់ស្ពានព្រែកសំរោង ស្តង់យីហោម៉ែអារ៉ូ លក់ឈើសំរាប់សង់ផ្ទះគ្រប់ប្រភេទ ផ្លូវរោងចក្រថៃហ្គ័រ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
សពជនរងគ្រោះមានឈ្មោះ ហន ហ៊ាន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករយាមរោង ឈើ ស្នាក់នៅកន្លែងធ្វើការ មានស្រុកំណើតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅមានប្រពន្ធឈ្មោះ សុន ចន្នី ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅជាមួយប្តី មានកូន៦នាក់ ប្រុសបីនាក់ ស្រី៣នាក់ ។ ចំណែកអ្នករងរបួសធ្ងន់ស្រាលចំនួន៧នាក់ទៀតមិនទាន់បានអោយដឹងឈ្មោះ ។
តាមប្រភពពត៌មានពីកម្មករដែលរងរបួសស្រាល ហើយស្នាក់នៅកន្លែងកើតហេតុ បាន
អោយដឹងថា មុនពេលកើតហេតុពួកគាត់មានគ្នា៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ រួមទាំងសពជនរងគ្រោះផងនោះ បានដេកយាមនៅផ្ទះខាងលើ លុះដល់វេលាកើតហេតុ ក៍ស្រាប់តែមានរថយន្តប្រភេទយីឌុប ម៉ាក HINO ពាក់ស្លាកលេខ ភ្នំពេញ 3B-0207 បានបុកចូលទាំងកំរោលតែម្តង បណ្ដាលអាយអ្នកដេកយាមនៅក្នុងនោះរងរបួស ធ្ងន់២នាក់ និងស្លាប់ម្នាក់នៅក្រោមរថយន្ត ហើយអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅ
ព្យាបាលនៅគ្លិនិក សុខលាភមេត្រី ។
ដោយឡែកតាមសម្តីពីខាងជំនួយការរថយន្តបង្កដែលរងរបួសស្រាលបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់មានគ្នា៤នាក់ បានបើករថយន្តដឹកឥវ៉ានចាប់ហួយ ចេញពីខេត្តតាកែវចូលមកភ្នំពេញ លុះមកដល់ចំណុចកើតហេតុ មិនដឹងថាអ្នកបើកបររថយន្តយ៉ាងម៉េចនោះទេ ស្រាប់តែចុះពីលើស្ពានព្រែកសំរោង វិញ ធ្វើអោយរថយន្តរេចង្កូតជ្រុលទៅបុកចូលផ្ទះលក់ឈើ ទាំងកំរោល បណ្ដាលអាយរថយន្តក្រឡាប់ផ្ងារជើងមួយចំហៀង និងធ្វើអោយមានមនុស្សរងរបួសធ្ងន់ម្នាក់ និងស្រាលបីនាក់ ចំណែកអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ ។ ចំណែកម្ចាស់ផ្ទះវិញបានអោយដឹងថា ចំពោះការខូចខាតវិញ គឺអស់រថយន្តម៉ាកទីតាន់មួយគ្រឿង ម៉ូតូមួយគ្រឿង ឈើកែច្នៃរួច និងមិនទាន់កែច្នៃអស់មួយធំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះទៅដល់កន្លែងកើតហេតុ រួចហើយបានហៅរថយន្តស្ទូចអោយមកស្ទូចយករថយន្តបង្កចេញ ដើម្បីយកសពជនរងគ្រោះប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ។
ចំណែករថយន្ត ព្រមទាំងមនុស្ស២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីអោយដឹងថាមួយណាជាអ្នកបើកបរអោយពិតប្រាកដ ៕