គម្ពីរ “ស្រីហិតោបទេស” ស្តីពីការធ្វើសង្គ្រាម ត្រង់កថាខណ្ឌទី១៣៨ បានសរសេរថា “ញុះញង់បំបែកឱ្យកើតក្បត់១ ឡោមព័ទ្ធទុកឱ្យបានយូរ១ ចូលលុកចោមវាយ១ ក្លាហានក្រៃលែង១ ទាំង៤ប្រការនេះ លោកពោល ថា ជាមធ្យោបាយ សម្រាប់វាយបន្ទាយឱ្យបែក” យុទ្ធសាស្ត្រនេះ សូម្បីការធ្វើនយោបាយ ក៏អាចយកមកអនុវត្តបានដែរ ដែល “នគរធំ” សូម លើកយកពី “យុទ្ធសាស្ត្រវាយលុក និងវាយបក” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ជាទូទៅ ការធ្វើសង្គ្រាម ក្រៅពីការប្រើប្រាស់គ្រឿងសព្វាវុធ លុះត្រាតែមេបញ្ជាការកងទ័ព ចេះប្រើល្បិចកលផ្សំផង ទើបយកជ័យជម្នះបាន ប៉ុន្តែ បើមេទ័ពនោះល្ងង់ខ្លៅ អាងតែកម្លាំងទ័ពនោះនឹងចាញ់ប្រៀបគេមិនខានឡើយ។ យុទ្ធសាស្ត្រ ៤ប្រការ មានចារទុកក្នុងសៀវភៅ “ស្រីហិតោបទេស” មានខ្លឹមសារល្អណាស់ ក្នុងការវាយលុក ដែលយើងសូមបកស្រាយ តាមលំដាប់លំដោយដូចខាងក្រោម ៖
១–ញុះញង់បំបែកឱ្យកើតក្បត់ ៖ ចំណុចនេះ គេមិនប្រើគ្រឿងអាវុធនោះទេ ប៉ុន្តែ ជាសង្គ្រាមចិត្តសាស្ត្រស៊ីរូងផ្ទៃក្នុង យ៉ាងមានប្រសិទ្ធភាព។ ចង់ឱ្យមនុស្សកំពុងស្រឡាញ់គ្នា បែកបាក់សាមគ្គីគ្នា លុះត្រាតែប្រើវិធីញុះញង់អុជអាលឱ្យមនុស្ស ធ្លាប់ស្រឡាញ់គ្នានោះ ស្អប់គ្នា លែងទុកចិត្តគ្នា នៅជិតគ្នាមិនបាន។ នៅក្នុងរឿង “សត្វហង្សក្បាល២” ក្នុងប្រជុំនិទានជាតក បានតំណាលពីព្រះមហាក្សត្រ បានត្រាស់បង្គាប់ឱ្យសេនាជំនិតម្នាក់ រកមធ្យោបាយយ៉ាងណាបំបែកហង្ស ដែលមានខ្លួនព្រែក ជាប់គ្នា មានក្បាល២ ឬជាសត្វភ្លោះជាប់ខ្លួនគ្នា។ អាមាត្យនោះ ប្រើវិធី “ខ្សឹបខ្សៀវ” ដាក់ត្រចៀកហង្សម្ខាង ធ្វើឱ្យហង្ស ម្ខាងទៀតសង្ស័យ កើតជាជម្លោះចឹកគ្នា រហូតដល់ខ្លួនបែកចេញពីគ្នា ដាក់ជិតគ្នាមិនបាន។ ជំនាន់សង្គ្រាមស្តេចកន និងព្រះចន្ទរាជា ក៏ដូចជាព្រះអង្គតន់ និងព្រះអង្គនន់ សុទ្ធតែមានការញុះញង់បំបែកឱ្យកើតអំពើក្បត់ ដោយភាគីម្ខាងរត់ទៅចុះចូល ភាគីម្ខាងទៀត រួចអ្នកចុះចូលនោះក៏នាំព័ត៌មានសម្ងាត់ ឬផែនការសម្ងាត់របស់ចៅហ្វាយចាស់ ទៅប្រាប់ចៅហ្វាយថ្មីអស់ គ្មានសល់។ ការញុះញង់បំបែកមានប្រសិទ្ធភាពណាស់ អាចធ្វើឱ្យកម្លាំងគូប្រជែងដែលគេបំបែកបាននោះចុះខ្សោយ ឈាន ទៅដល់បរាជ័យ។
២–ឡោមព័ទ្ធឱ្យបានយូរ ៖ ចំណុចនេះ គេធ្វើដើម្បីបញ្ចៀសកុំឱ្យស្លាប់មនុស្សច្រើនពេក ពោលគឺបើកាលណាបន្ទាយ មួយ រងការឡោមព័ទ្ធយូរ បណ្តាលឱ្យអ្នកជាប់ក្នុងបន្ទាយដាច់ស្បៀង អាចនឹងលើកទង់សសុំចុះចាញ់។ កងទ័ពព្រះចន្ទរាជា ដែលបោះបន្ទាយរាយពលនៅខេត្តពោធិ៍សាត់ ត្រូវកងទ័ពសៀមឡោមព័ទ្ធយូរខែ រហូតដល់អស់ស្បៀង ជាហេតុឱ្យមេទ័ព ខ្មែរឈ្មោះតាពេជ្រ ឬតាមឿង សម្រេចចិត្តទៅកេណ្ឌទ័ពបិសាច មកបណ្តេញកងទ័ពបច្ចាមិត្រ។
៣–ចូលលុកចោមវាយ ៖ កាលបើភាគីខាងក្រៅឡោមព័ទ្ធយូរ វាស់ស្ទង់ដឹងថា ភាគីក្នុងបន្ទាយកំពុងហេវហត់ខ្សត់ចំណីអាហារ កើតជំងឺរាតត្បាតពេញបន្ទុក អ្នកឡោមព័ទ្ធនោះត្រូវវាយលុកចូលពីគ្រប់ទិស ដណ្តើមយកជ័យជម្នះ ដូចសង្គ្រាម នៅឈូងសមុទ្រពែក្ស ជាដើម។
៤–ក្លាហានក្រៃលែង ៖ សំដៅដល់មេទ័ព មេកង និងយុទ្ធជន ត្រូវតែក្លាហានអង់អាចគ្រប់គ្នា ដូចរឿង “អ៊ុយលីស វិល វិញ” (Le retour d’Ulysse)បេ ដែលតំណាលពីមេទ័ពអ៊ុយលីស និងបរិវារ ជាសកម្មប្រយុទ្ធ បានធ្វើសង្គ្រាមឈ្នះប្រទេសត្រ័រ ដើម្បីរំដោះព្រះនាងហេឡែន ដែលស្តេចប៉ារីស ចាប់ទៅ។ ពលសេនាតេជោមាស តេជោយ៉ត ក៏សុទ្ធតែក្លាហានអង់អាចដែរ ទើបកងទ័ពសៀមបាក់បបខ្លបខ្លាច មិនហ៊ានរំលោភឈ្លានពានទឹកដីខ្មែរ។
មធ្យោបាយសង្គ្រាមទាំង៤យ៉ាងនេះ គឺជា “យុទ្ធសាស្ត្រវាយលុក” ប៉ុន្តែ បើភាគីម្ខាងទៀតមានមេទ័ពខ្លាំងពូកែ មាន ប្រាជ្ញាមោះមុត ដូច “ព្រះមហោសថ” អាចប្រើ “យុទ្ធសាស្ត្រវាយបក” តទល់វិញយ៉ាងមានប្រសិទ្ធភាព ដែលយើងសូមបង្ហាញ ទឡ្ហីករណ៍ ដូចខាងក្រោម ៖
–ទប់ទល់នឹងការញុះញង់បំបែកឱ្យកើតក្បត់ ៖ ចំណុចនេះ គេត្រូវប្រើល្បិចទល់ល្បិច ដូចរឿង “ទេវទត្តបំបែកសង្ឃ” ដោយប្រើបរិវារឱ្យទៅញុះញង់ព្រះសង្ឃ៥០០អង្គ ឱ្យលែងជឿព្រះពុទ្ធ ប៉ុន្តែ ទីបំផុតព្រះពុទ្ធអង្គ បានប្រើព្រះមហាសារីបុត្រ និងព្រះមហាមោគ្គល្លាន ជាអគ្គសាវ័ក ទៅអូសទាញសង្ឃរត់ចោលជួរទាំងនោះមកវិញ បណ្តាលឱ្យអ្នកបំបែកគេក្អួតឈាម និងត្រូវព្រះធរណីស្រូបទៅ។
–ទប់ទល់នឹងការឡោមព័ទ្ធឱ្យបានយូរ ៖ យុទ្ធសាស្ត្រនេះ មេទ័ពឆ្លាតវៃត្រូវលើកផែនការ “ស្តុកស្បៀង” សម្រាប់បរិភោគ បានយូរឆ្នាំ ដូចព្រះមហោសថ ចេះរក្សាស្បៀងទុកចិញ្ចឹមមនុស្ស១ក្រុងមិថិលា ខណៈដែលកងទ័ពស្តេចចុឡនីព្រហ្មទត្ត ឡោមព័ទ្ធរាប់ខែ ពោលគឺក្នុងក្រុងនោះមិនដល់ដាច់អង្ករ ត្រីសាច់ ទឹក ឬអុសសម្រាប់ចម្អិននោះឡើយ។
–ទប់ទល់នឹងការចូលលុកចោមវាយ ៖ ចំណុចនេះ យើងឃើញព្រះមហាក្សត្រខ្មែរ ពីបុរាណតែងត្រាស់បង្គាប់ឱ្យជីកគូ ចិញ្ចឹមក្រពើ រៀបចម្រូងសម្រាប់ទប់ទល់ចំពោះការវាយលុករបស់បច្ចាមិត្ត។ សូម្បីបន្ទាយលង្វែក ដែលមានដាំប្ញស្សីកម្រាស់ ៨០ម៉ែត្រ ធ្វើឱ្យកងទ័ពសៀមចូលមិនចុះ ប៉ុន្តែ ដោយសារការធ្វេសប្រហែស ចង់បានប្រាក់ឌួង រាស្ត្រចេះតែនាំគ្នាកាប់ឆ្ការ អស់ព្រៃប្ញស្សី ក៏អស់របងការពារបន្ទាយនោះទៅ។
–ទប់ទល់នឹងភាពក្លាហានក្រៃលែង ៖ ចំណុចនេះ បើកាលណាភាគីម្ខាងឡោមព័ទ្ធជាប់ លុះត្រាតែមេទ័ពនៅក្នុងបន្ទាយ បំផុសស្មារតីជាតិនិយម ហ៊ានពលីជីវិតស្ទុះព្រមៗគ្នាវាយបកយកផ្លូវចេញ ឬក៏ហ៊ានធ្វើពលិកម្ម ដូច “អ្នកតាឃ្លាំងមឿង” ទើបអាចទប់ទល់នឹងបច្ចាមិត្របាន។
ដូច្នេះយើងឃើញថា “យុទ្ធសាស្ត្រវាយលុក និងវាយបក” ទាំង៤ប្រការនេះ ជាចំណុចស្លាប់រស់សម្រាប់អ្នកធ្វើសង្គ្រាម លើសមរភូមិក្តៅ ប៉ុន្តែ សម្រាប់អ្នកធ្វើសង្គ្រាមលើសមរភូមិត្រជាក់ ឬនយោបាយ ក៏ត្រូវតែយកយុទ្ធសាស្ត្រនេះមកប្រើដែរ ទើបមានប្រសិទ្ធភាព។ កន្លងមកយើងឃើញថា មានសមាជិកគណបក្សខ្លះ បានរត់ចោលជួរ ចេញពីបក្សមួយទៅចុះចូល បក្សមួយ ដែលការចុះចូលនោះអាចដើរស្របនឹងយុទ្ធសាស្ត្រ “ញុះញង់បំបែកឱ្យកើតក្បត់” នេះឯង។ គ្មានអ្នកណាអាចអូសទាញមនុស្ស១ក្រុមដែលធ្លាប់ស្រឡាញ់គ្នាជិតស្និទ្ធ ឱ្យបែកសាមគ្គីគ្នាដោយមិនប្រើចិត្តសាស្ត្រញុះញង់បំបែកនោះទេ។ ជា ពិសេសនឹងអាចញុះញង់បំបែកបាន លុះត្រាតែមានលាភសក្ការៈឱ្យអ្នកចុះចូលនោះខ្លះ ពុំមែនត្រឹមតែបោយដៃហៅ ស្រាប់តែគេដើរតាមងាយៗនោះឡើយ។ ចំពោះយុទ្ធសាស្ត្រ “ឡោមព័ទ្ធឱ្យបានយូរ” គឺគេមិនចាប់ចងអ្វីទេ គ្រាន់តែរកវិធីឡោមព័ទ្ធ ដោយប្រយោល ឱ្យគូបដិបក្ខជាប់នៅតែមួយកន្លែង ដូចករណីលោកកឹម សុខា ឃុំខ្លួនឯងក្នុងទីស្នាក់ការគណបក្សនោះ អាច មកពីយុទ្ធសាស្ត្រ “ឡោមព័ទ្ធឱ្យបានយូរ” នេះឯង ដើម្បីញ៉ាំងគូប្រជែងឱ្យខ្សោះកម្លាំង។ អ្នកនយោ បាយក៏អាចប្រើយុទ្ធសាស្ត្រ “ចូលលុកចោមវាយ” បានដែរ ប៉ុន្តែ ជាការវាយលុកដោយវោហារសាស្ត្រ ពុំមែនដោយគ្រឿងអាវុធនោះទេ។ រីឯ យុទ្ធសាស្ត្រ “ក្លាហានក្រៃលែង” តម្រូវឱ្យអ្នកនយោបាយជ្រើសរើសសហការីមានភាពស្មោះត្រង់ ក្លាហានអង់អាចក្នុងការ ឃោសនាបញ្ចុះបញ្ចូលប្រជាពលរដ្ឋឱ្យគាំទ្រគោលនយោបាយរបស់ខ្លួន។ បើភាគី “ក” ប្រើ “យុទ្ធសាស្ត្រវាយលុក” ដូចការ រៀបរាប់ខាងលើនេះ ភាគី “ខ” ក៏អាចប្រើ “យុទ្ធសាស្ត្រវាយបក” បានដែរ ប៉ុន្តែ នឹងមានប្រសិទ្ធភាពឬយ៉ាងណា អាស្រ័យ លើមេដឹកនាំបក្ស។
សរុបទៅ “យុទ្ធសាស្ត្រវាយលុក និងវាយបក” ដែលនិយាយពីសង្គ្រាមក្នុងគម្ពីរ “ស្រីហិតោបទេស” បកប្រែពីភាសា សំស្ក្រឹត ដោយព្រះភិក្ខុវីរិយបណ្ឌិតោប៉ាង ខាត់ មានខ្លឹមសារអប់រំជ្រៅដូចមហាសមុទ្រ។ បើអ្នកនយោ បាយចង់ឈ្នះគូប្រជែង លើសមរភូមិត្រជាក់ លុះត្រាតែចេះ “វាយលុក និងវាយបក” នេះឯង តែបើមិនចេះយុទ្ធសាស្ត្រទាំង៤ប្រការនេះទេ ចាំតែ ចុះចាញ់គេទៅ៕
ដោយ ៖ អាចារ្យថាំ