Monday, December 23, 2024
Homeព័ត៌មានជាតិប្រពន្ធទើបស្លាប់ថ្មីៗ ប្តីរកបានស្រីក្មេងទៅស្ទូចត្រី

ប្រពន្ធទើបស្លាប់ថ្មីៗ ប្តីរកបានស្រីក្មេងទៅស្ទូចត្រី

ក្នុងចង្កោម សិល្បៈកំប្លែង ទស្សនិកជន ធ្លាប់ស្គាល់នាយឆ្លាំង តារាកំប្លែង ក្នុងក្រុមនាយក្រឹម ច្បាស់ណាស់ ដោយសរសើរ ពីទេពកោសល្យសម្តែងរបស់នាយ។ ប៉ុន្តែ អ្វីដែលមហាជនចាប់អារម្មណ៍ត្រង់នាយឆ្លាំង ត្រូវប្រពន្ធដើម ស្លាប់ចោលថ្មីៗសោះ ស្រាប់តែអ្នកកំប្លែងនោះ រកបានស្រីក្មេងបណ្តើរគ្នា ទៅស្ទូចត្រី យ៉ាងត្រជាក់…។

ក្នុងឱកាសបានជួបអ្នកយកព័ត៌មានយើង នាយឆ្លាំង តារាកំប្លែងល្បីឈ្មោះគួរសម បានរៀបរាប់រឿងរ៉ាវជីវិតថា លោកមានស្រុកកំណើតនៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ រូបលោកជាកូនទី៣ ក្នុងចំណោមបងប្អូន៤នាក់ ឪពុកឈ្មោះឯម ហ៊ុល ម្តាយឈ្មោះគង លីម ជាកសិករ។ លោកធ្លាប់បានរៀនសូត្រចំណេះទូទៅ ចេះដឹងគួរសមដែរ លុះឈប់រៀន ក៏បានរៀបការជាមួយនារីម្នាក់នៅស្រុកជាមួយ គ្នាឈ្មោះអ៊ឹង សុផល ដោយបង្កើតបានកូន២នាក់ ជាចំណងដៃ និស្ស័យស្នេហ៍ ប៉ុន្តែជាអកុសលភរិយានេះ បានចែកឋាន ចោលប្តីទៅហើយ។

នាយឆ្លាំង និងនាងសី សម្ផស្ស កំពុងស្ទួយត្រី ជាមួយគ្នា

នាយឆ្លាំង បន្តរឿងជីវិតទៀតថា ដោយមាននិស្ស័យសិល្បៈ ពីធម្មជាតិនៅឆ្នាំ១៩៩៦ លោកបានចូលទៅសម្តែងល្ខោនបាសាក់ ជាតួត្លុក ក្នុងវង់ឈ្មោះ “ស៊ីសុវត្ថិ សុជាតា” ដោយទទួលបាន ការគាំទ្រពីទស្សនិកជន និងបានកម្រៃទប់ទល់ជីវភាពដែរ។ លុះមានគេស្គាល់ច្រើន លោកក៏មានលទ្ធភាពទាក់ទងបានចូល សម្តែងនៅស្ថានីយទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ផង។ ក្រោយមកទៀត នាយក្រឹម ក៏បានហៅលោក ចូលសម្តែងកំប្លែងនៅស្ថានីយទូរទស្សន៍បាយ័ន រហូតមក។ និយាយរួមអាជីពសិល្បៈ បានជួយជំរុញគ្រួសារ លោកឱ្យមានសុភមង្គលជានិច្ច ប៉ុន្តែ ជាអកុសល ស្រាប់តែភរិយាជាទីស្រលាញ់ធ្លាក់ខ្លួនមានជំងឺធ្ងន់ ព្យាបាលមិនជា ក៏ទទួលមរណភាពចោលប្តីឱ្យរស់ កំព្រារងាឱរាជាមួយកូន២នាក់ ស្ទើរតែចូលសម្តែង លែងកើត។

នាយឆ្លាំង

នាយឆ្លាំង បន្តទៀតថា លោកតាំងចិត្តថា នឹង កាន់មរណទុក្ខភរិយាឱ្យបានច្រើនឆ្នាំ មិនយកប្រពន្ធថ្មី ភ្លាមៗទេ ប៉ុន្តែ មិនយូរប៉ុន្មានលោកបានជួបស្រីក្មេង ម្នាក់ឈ្មោះស្រី សម្ផស្ស អាយុ២២ឆ្នាំ មានទម្រង់ មុខ និងអាកប្បកិរិយា ប្រហាក់ប្រហែលភរិយា ដែលស្លាប់ទៅ ធ្វើឱ្យលោកចាប់អារម្មណ៍ជាខ្លាំង ដោយពិចារណាថា បើបាននាងមកនែបនិត្យជិតឱរា ប្រហែលជាអាចបំភ្លេចភរិយាអភ័ព្វនោះបាន។ លោកក៏បាន ទាក់ទងនាងសុំធ្វើគូគាប់ទ្រនាប់ចិត្ត ឯនាងក្រមុំ ក៏ មិនប្រកែកអ្វីដែរ ទើបលោកមានឱកាសនាំនាងដើរ កម្សាន្តតាមរមណីយដ្ឋាននានា ជាពិសេស បាននាំនាង មកស្ទូចត្រីកម្សាន្តចងក្រងទំព័រអនុស្សាវរីយ៍មិនអាច បំភ្លេចបាន។ លោកមិនទាន់មានគម្រោងរៀបការ ភ្លាមៗទេ ព្រោះជាប់កាន់មរណទុក្ខផង និងចង់ស្វែង យល់ចិត្តគ្នាឱ្យយូរបន្តិចសិន។

នាងសី សម្ផស្ស

ដោយឡែក នាងសី សម្ផស្ស អាយុ២២ឆ្នាំ បានឱ្យដឹងថា នាងមានស្រុកកំណើតនៅភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាំងពីចូល វ័យក្រមុំមកនាងមិនធ្លាប់មានសង្សារឯណាទេ ប៉ុន្តែ នាងស្រលាញ់អាជីពសិល្បៈ ក៏ក្លាយជាអ្នកនាំកំដរ ក្នុងវង់តន្ត្រីមួយ ដែលមាននាយឆ្លាំង ចូលសម្តែងផងដែរ។ ឱ្យតែបានជួបគ្នាស្ងាត់ៗ ក្រោយពេលសម្តែងនាយឆ្លាំង បានប្រាប់នាងថា រូបរាងរបស់នាងដូចប្រពន្ធ គាត់អ៊ីចឹង និងត្អូញត្អែរ ពីជីវិតពោះម៉ាយឱ្យនាង ស្តាប់ ធ្វើឱ្យទទួលអារម្មណ៍អាណិតគាត់បន្តិចម្តងៗ ក៏ក្លាយ ទៅជាសេចក្តីស្នេហាពេញបេះដូង។ កន្លងមក ក៏មាន កំលោះៗសុំស្នេហ៍ពីនាងដែរ តែនាងសង្កេតឃើញថា គេមានចរិតមិនល្អ ក៏ព្យាយាមបដិសេធស្នេហ៍រហូត។ ជាងនេះទៀត ក៏មានបុរសខ្លះមានប្រពន្ធកូនទៅហើយ ព្យាយាមទាក់ទងនាងធ្វើប្រពន្ធចុង តែនាងមិនភ្លើទេ សុខចិត្តនៅក្រមុំមួយជីវិតវិញ ប្រសើរជាងធ្វើប្រពន្ធចុង គេ ប្រឈមនឹងជម្លោះជាមួយប្រពន្ធដើម ទោះជាបុរស នោះជះប្រាក់ឱ្យនាងយ៉ាងណា ក៏នាងមិនប្រថុយដែរ។


នាងសី សម្ផស្ស បន្តទៀតថា លុះបងឆ្លាំង ទាក់ទងក្រោយគេ នាងក៏យល់ព្រមមិនប្រកែកដោយដឹងថា គាត់ជាបុរសពោះម៉ាយ មានចិត្តស្មោះត្រង់ជាមួយ ប្រពន្ធដើមខ្លាំងណាស់ តែជាអកុសលប្រពន្ធគាត់ ស្លាប់ចោលឱ្យនៅកំព្រាដួងចិត្ត។ បុរសប្រភេទនេះ បើយកប្រពន្ធទី២ នឹងស្មោះត្រង់ដូចប្រពន្ធទី១អ៊ីចឹង ទើបនាងសម្រេចចិត្តឆ្លើយចាស! ជាមួយគាត់ដោយ ហ៊ានដើរកម្សាន្ត និងចេញមកស្ទូចត្រីជាមួយគាត់ ដោយមិនបារម្ភ។ ទោះយ៉ាងណា ក៏ពួកនាងកំពុងស្វែង យល់ចិត្តគ្នាមួយរយៈទៀតសិន មិនទាន់រៀបការភ្លាមៗ ទេ ម៉្យាងចង់សន្សំលុយឱ្យបានសិន ចាំគិតទៀត។ បើ សិនជានាងក្លាយជាប្រពន្ធស្របច្បាប់របស់គាត់ អាចនឹងចូលលេងកំប្លែងក្នុងវង់របស់គាត់តែម្តង ព្រោះនាងមាននិស្ស័យខាងរាំច្រៀងស្រាប់ ទោះជាលេង កំប្លែង ក៏ទៅរួចដែរ។

អ្នកស្រីលក សាម៉ន

អ្នកស្រីលក សាម៉ន អាយុ៥៤ឆ្នាំ ជាម្តាយនាង សម្ផស្ស បានឱ្យដឹងថា គាត់មានកូន៥នាក់ ក្នុងនោះ សម្ផស្ស ជាកូនទី៤។ កូនស្រីនេះមានចំណូលចិត្តខាងសិល្បៈ ស្រាប់តែត្រូវរ៉ូវគ្នា ជាមួយនាយឆ្លាំង ជាអ្នកសិល្បៈដូចគ្នា ទៅវិញ ដែលគាត់មិនអាចឃាត់បានឡើយ។ គាត់ក៏ដឹងដែរថា នាយឆ្លាំង ជាបុរសពោះម៉ាយកូន២ ប្រពន្ធស្លាប់ចោល មិនមានឧបសគ្គអ្វីទេ ប៉ុន្តែ គាត់ទុកពេលវេលាឱ្យពួកគេខំរកលុយសិន ដើម្បីរៀបការតាមប្រពៃណី។
នាងសី ចម្ប៉ា អាយុ២៤ឆ្នាំ ជាបងស្រីបង្កើត ក៏បានឱ្យដឹងដែរថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ ក្នុងហ្វេសប៊ុកស្តីពីមរណភាពរបស់ភរិយានាយឆ្លាំង មក រូបនាងអាណិតគាត់ខ្លាំងណាស់ ដោយយល់ថា នាយឆ្លាំង ជាតារាកំប្លែង បើប្រពន្ធស្លាប់ចោលយ៉ាង នេះច្បាស់ជាបាក់ទឹកចិត្តលេងកំប្លែងលែងកើត។ ឥឡូវ បានដឹងថា នាងសម្ផស្ស ប្អូនស្រីរបស់នាងស្មគ្រ័ចិត្ត ទទួលនាយឆ្លាំង ជាអនាគតស្វាមីនោះ នាងមិនជំទាស់ ទេ ព្រោះសម័យនេះយកពោះម៉ាយចិត្តភក្តី ល្អជាង យកកំលោះចិត្តរាយមាយ។

នាងសី ចម្ប៉ា

គួរបញ្ជាក់ថា នាយឆ្លាំង ជាតារាកំប្លែងក្នុងក្រុម នាយក្រឹម មានទេពកោសល្យសម្តែងខ្ពស់ ធ្វើឱ្យទស្សនិកជនសើចចុកពោះ និងក្លាយជាបុរសពោះម៉ាយ គួរឱ្យអាសូរ។ ឥឡូវនាយ រកបានស្រីក្មេងម្នាក់បណ្តើរ គ្នាទៅស្ទូចត្រី ពិតជាសង្សារនេះជួយគេឱ្យបាត់អផ្សុក មិនខានឡើយ ហើយអាចសម្តែងកំប្លែង បានដូចដើមវិញ បន្ទាប់ពីបាក់ទឹកចិត្ត ព្រោះមរណទុក្ខ មួយរយៈមក…”៕

RELATED ARTICLES