កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាលសាលក្រមសម្រេចឲ្យកូនប្រុសនាយហុងដាឈ្មោះខា សុខេន ដោយផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលត្រឹមតែ៧ឆ្នាំប៉ុណ្ណោះ លើសំណុំរឿងសម្លាប់ម្ដាយចុង ឈ្មោះស៊ឹម ចន្ធី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅខុនដូរ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ចំណែកសង្សាររបស់ជនដៃដល់ ខា សុខេន គឺនាងនេត រស្មីកណ្ណិកា អាយុ១៧ឆ្នាំ ត្រូវផ្ដាន្ទាទោសជាប់គុករយៈពេល៥ឆ្នាំ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
នាយហុងដា បានគាំទ្រចំណាត់ការរបស់តុលាការនេះ តែលោកថា ហារទៅវាស្លាក់ខ្ជាក់ទៅវាស្លែង ទើបរឿងនេះលោកសូមឲ្យតុលាការជាអ្នកសម្រេចតាមច្បាប់ទៅចុះ ព្រោះថាខាងណាក៏សាច់ដែរ អីចឹងមានតែច្បាប់ទេ ទើបអាចសម្រចបាន។
នាយហុងដា បានប្រាប់អ្នកកាសែតខ្លីថា ”សមរម្យហើយដែលគេកាត់ទោសនេះ យ៉ាងហោចណាស់អាចឲ្យកូនប្រុសខ្ញុំបានកែខ្លួនដែរ ពេលដែលគេចេញមកវិញនោះ។ គឺនៅលើច្បាប់ទេ ចង់គេកាត់ទោសប៉ុន្មានឆ្នាំក៏ដោយ ព្រោះគេមានភស្ដុតាង ត្រឹមត្រូវ។ ខ្ញុំមិនលូកដៃទេ ទុកឲ្យច្បាប់ជាអ្នកវិនិច្ឆ័យទៅចុះ ព្រោះថាខាងណាក៏សាច់ដែរ អីចឹងមានតែតុលាការទេ ទើបសម្រេចបាន”។
គួររំឭកថា កូនប្រុសនាយហុងដា ដែលជាតំណក់ឈាមជាមួយប្រពន្ធទី១ អ្នកនាងឃ្មឹប ឈ្មោះខា សុខេន នោះបានសម្លាប់ម្ដាយចុងដែលជាប្រពន្ធទី២ របស់នាយហុងដា ឈ្មោះស៊ឹម ចន្ធី កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ដោយធ្វើសកម្មភាពតែម្នាក់ឯង ក្រោយមកសង្សាររបស់ខ្លួន ឈ្មោះនេត រស្មីកណ្ណិកា អាយុ១៧ឆ្នាំ ក៏បានចូលមកទាន់ ក៏បានចូលដៃជាមួយឃាតករអូសសពទៅលាក់ក្នុងបន្ទប់ទឹកហើយបានធ្វើសកម្មភាពលួចដោះគ្រឿងអលង្ការពីសពទៀតផង ហើយពួកគេបានរត់គេចខ្លួនមួយថ្ងៃ ទើបសមត្ថកិច្ចចាប់ខ្លួនបាននៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
យ៉ាងណា សាលក្រមរបស់តុលាការនៅពេលនេះ ក៏មានការរិះគន់ពីមហាជនមួយចំនួនដែរថា ឃាតកម្មសម្លាប់មនុស្ស គួរតែត្រូវផ្ដន្ទាទោសដាក់គុកអស់១ជីវិត តែពេលនេះ តុលាកាឃុំខ្លួនជនដៃដល់តែរយៈពេល៧ឆ្នាំ ហើយអ្នកផ្សំគំនិតត្រឹមតែ៥ឆ្នាំទៅវិញ គឺហាក់ដូចជាមិនសមនឹងទង្វើរដែលពួកគេបានប្រព្រឹត្តឡើយ…។
ដោយឡែក អ្នកនាងឃ្មឹប ហាក់ចង់គេចចេញពីការបង្ហាញចំណាប់អារម្មណ៍លើរឿងសាលក្រមរបស់តុលាការផ្ដន្ទាទោសកូនប្រុសនៅពេលនេះទៅវិញ ដោយអ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅ កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ នេះ តែត្រូវបុរសម្នាក់លើកជំនួស ហើយបែរជាថា អ្នកនាងឃ្មឹប ដេកលក់ទៅហើយ គឺមិនអាចនិយាយទូរស័ព្ទបានទេ ព្រោះបើកភ្នែកមិនរួចផង។ ប៉ុន្ដែកន្លងមក អ្នកនាងឃ្មឹប ថា អ្នកនាងវិលត្រឡប់មកចូលសិល្បៈវិញនៅពេលនេះ គឺដើម្បីរកប្រាក់សម្រាប់ទិញបាយឲ្យកូនជាប់ឃុំខ្លួននៅគុក ហើយអ្នកនាងសង្ឃឹមថា ពេលកូនប្រុសចេញមកវិញ នឹងកែខ្លួនជាមិនខាន។
ដោយឡែក នាយហុងដា ដែលដេកស្ដាយប្រពន្ធទី២ សាច់សខ្ចី អស់៧ខែនោះ ពេលនេះហាក់ដូចជាធូរចិត្តបន្ដិចហើយ ក្រោយតុលាការសម្រេចដាក់គុកកូនប្រុស៧ឆ្នាំនេះ ព្រោះលោកថា នេះជាឱកាសដែលធ្វើឲ្យកូនរបស់ខ្លួនអាចកែប្រែខ្លួន ដើម្បីចាប់ផ្ដើមជាថ្មី ពេលដែលគេចេញពីគុកវិញនោះ៕