ខេត្តព្រៃវែង ៖ បុរសមានជំងឺសរសៃប្រសាទប្រចាំកាយម្នាក់ ទំនងជាស្ថានភាពជំងឺធ្វើទុក្ខខ្លាំងពេក ទ្រាំទ្រលែងបាន ក៏សម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិចារ ឃុំរំលេច ស្រុកស៊ីធរកណ្តាល។
បុរសគិតខ្លីចងកធ្វើអត្តឃាត មានឈ្មោះស៊ីម ស៊ន់ អាយុ៤៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះស៊ីម ស៊ន់ បានកើតមានជំងឺសរសៃប្រសាទរាប់ឆ្នាំមកហើយ ហើយកន្លងមកក្រុមគ្រួសារធ្លាប់នាំទៅរកគ្រូពេទ្យ គ្រូខ្មែរព្យាបាលដែរ តែមិនមានលទ្ធផលអ្វីសោះ។ លុះមកដល់ថ្ងៃកើតហេតុខាងលើ ខណៈដែលនៅចាំផ្ទះតែម្នាក់ឯង ក្រុមគ្រួសាររវល់ចេញទៅធ្វើការងារអស់ ទំនងជាស្ថានភាពជំងឺធ្វើទុក្ខខ្លាំងពេក ទើបជនរងគ្រោះ បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់របស់ខ្លួនតែម្តង លុះពេលក្រុមគ្រួសារត្រឡប់មកវិញ ប្រទះឃើញ ក៏កើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។
ក្រោយកើតហេតុ សមត្ថកិច្ចជ្ចំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុដែលជនរងគ្រោះដាច់ចិត្តគិតខ្លីធ្វើអត្តឃាតនេះ គឺដោយសារតែជំងឺសរសៃប្រសាទរបស់ជនរងគ្រោះធ្វើទុក្ខ ទើបជនរងគ្រោះ បានយកខ្សែនីឡុងពណ៌ខ្មៅ ចងកភ្ជាប់ទៅនឹងរនុកផ្ទះរបស់ខ្លួន ក្នុងបន្ទប់ បណ្តាលឱ្យស្លាប់។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕