តារាចម្រៀង Original Songs ដែលមកពីអាមេរិក មករស់នៅលើទឹកដីខ្មែរ កញ្ញាឡូរ៉ា ម៉ម ដែលល្បីបទ ”ស្វារាំមុនឃីស” នោះ បានលេចមុខគួរឲ្យភ្ញាក់ផ្អើលក្នុងនាមជា អ្នកដំណាង (Brand Ambassador) របស់រថយន្ដ Porsche ប្រចាំនៅប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១៨នេះ ដោយបានធ្វើសន្និសីទកាសែត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគាសូហ្វីតែល ភ្នំពេញ ភោគីត្រា។
ថ្ងៃនោះផងដែរ គេសង្កេតឃើញមានការដាក់តាំងរថយន្ដទំនើប Porsche ៥គ្រឿងផងដែរ ក្នុងនោះមាន Porsche 2012, Porsche 2015, Porsche 2016 និង Porsche 2018 ដើម្បីបង្ហាញចំពោះមុខអ្នកសារព័ត៌មានជាច្រើនស្ថាប័ន និងតារាចម្រៀងជាអ្នកតំណាងរបស់ Porsche កញ្ញាឡូរ៉ា ម៉ម រួមទាំងក្រុមតារាបង្ហាញម៉ូដជាស្រីស្អាតជាច្រើនដួងផងដែរ។
តារាចម្រៀងឡូរ៉ា ម៉ម និយាយទាំងទឹកមុខសប្បាយរីករាយថា “នេះគឺជាកិត្តិយ និងសប្បាយរីករាយខ្លាំងណាស់ដែលបានក្លាយទៅជា អ្នកតំណាងជាមួយរថយន្ដដ៏ល្បីល្បាញ ដែលផលិតនៅប្រទេសអាឡឺម៉ង់ នេះ ហើយនាងសង្ឃឹមថា នឹងបាន១គ្រឿងជិះដែរ។
ស្រីស្អាតដែលកើតនៅអាមេរិក ប៉ុន្តែមករស់នៅលើទឹកដីខ្មែរ រូបនេះ ថ្លែងថា ”ខ្ញុំមានមោទនភាពណាស់ដែលក្រុមហ៊ុន Porsche បានជ្រើសយករូបខ្ញុំជា អ្នកតំណាងនេះ ព្រោះនេះជាកិត្តិយសមួយដោយសារ Porsche ជារថយន្ដដ៏ល្បីល្បញ។ ខ្ញុំពេញចិត្តនឹងធ្វើការងារជាមួយ Porsche ហើយខ្ញុំមានកុងត្រាជាមួយ Porsche រយៈពេលជាង១ឆ្នាំ។ ខ្ញុំសង្ឃឹមថា នឹងបានរថយន្ដ១គ្រឿងដ៏ទំនើបនេះជិះផងដែរ… (សើច)។ តាមពិតខ្ញុំមិនមែនជាតារាល្បីដល់កំពូល (Pop) អីនោះទេ តែខ្ញុំជាអ្នកចម្រៀង Original Songs មានមោទនភាពខ្លាំងណាស់ដែល Porsche បានជ្រើសរើសយករូបខ្ញុំនាពេលនេះ”។
ឡូរ៉ា ម៉ម មិនបានបញ្ជាក់ថា នាងទទួលបានតម្លៃខ្លួនប៉ុន្មានពីការធ្វើជាអ្នកតំណាងរបស់ Porsche នៅកម្ពុជា ប្រចាំឆ្នាំ២០១៨នេះឡើយ តែអ្នកចម្រៀងរូបនេះរីករាយជាខ្លាំង នៅពេលដែលឃើញស្ពតត្រូវបានដាក់បញ្ចាំងលើស្លាយនៅចំពោះមុខដែលនាងជិះរថយន្ដ Porsche 2018 នោះ។
ឡូរ៉ា ម៉ម ក៏បានទៅតេស្ដម៉ាស៊ីនរថយន្ដទំនើប Porsche 2018 នោះនៅចំពោះមុខអ្នកកាសែតផងដែរ ហើយនាងថា ពិតជាអស្ចារ្យដូចដែលល្បីល្បាញមែន។
អ្នកតំណាងក្រុមហ៊ុន Porsche បានឲ្យដឹងថា “តាំង Porsche ឈានចូលទីផ្សារកម្ពុជា មក ក្រុមហ៊ុនបានលក់អស់ជាង១០០គ្រឿងហើយ ដែលពេលនេះមានរថយន្ដ Porsche នៅតាមដងផ្លូវជាហូរហរផងដែរ។ ដោយឡែក សម្រាប់រថយន្ដ Porsche ឆ្នាំ២០១៨ នេះ នឹងមានលក់នៅកម្ពុជា នៅពាក់កណ្ដាលឆ្នាំ២០១៨នេះហើយ ដោយ ១គ្រឿង មានតម្លៃ២២៤.០០០ដុល្លារ ហើយវាមានលក្ខណៈពិសេស គឺEngine : V6bi-turbo, Hp : 330,0-100 : 5,5s,top speed259Km/h, No ofSeats: 4,1 Optional។
គួរបញ្ជាក់ថា មុនក្លាយទៅអ្នកតំណាងរបស់រថយន្ដទំនើប Porscheនេះ កញ្ញាឡូរ៉ា ម៉ម ក៏ធ្លាប់ជាតារាស្ពតរបស់ក្រុមហ៊ុនទូរស័ព្ទ Smart ផងដែរ ហើយបទចម្រៀងដែលនាងត្រូវបានគេស្គាល់ និងនិយមស្ដាប់ មានដូចជាបទ ”ស្វារាំមុនឃីស”, ”ពេញចិត្តតែបងមួយ”, “ខ្ញុំមិនសុខចិត្តទេ” , “រាំឡូយយ៉ាងហ្នឹងៗ អ្នកណាមិនហ៊ោ”, ”វីរៈភាពក្នុងចិត្ត”…។ គេជឿថា តារាចម្រៀងឡូរ៉ា ម៉ម ដែលមានរូបសម្រស់គួរឲ្យទាក់ទាញរូបនេះ នឹងមានភាពលេចធ្លោជាងនេះជាមិនខាន ក្រោយពេលដែលបានធ្វើជាអ្នកតំណាងឲ្យរថយន្ដ Porsche 2018 នៅកម្ពុជានេះ ហើយមិនយូរទេ គេនឹងឃើញស្រីស្រីស្អាតរូបនេះជិះរថយន្ដ Porsche តម្លៃជាង២០ម៉ឺនដុល្លានោះ ឲ្យផ្អើលតារាៗរួមអាជីពជាមិនខាន ខណៈដែលមុនក្លាយជាតារាតំណាងរបស់ Porsche នោះ តារាចម្រៀងរូបនេះប្រាប់ថា នាងធ្លាប់ជិះរថយន្ដ Lexus ផងដែរ៕