មាស សុខសោភា ដែលធ្វើឲ្យប្រុសៗបះសក់ច្រូង តាមរយៈការថតសម្ដែង MV ផ្ទាល់ខ្លួន បទ ”My Only One” ដែលរងការរិះគន់ច្រើនជាងការគាំទ្រនោះ កាលពីរាត្រីថ្ងៃទី២៩ ខែមករា តារាចម្រៀងថោន រូបនេះ បានលេចមុខក្នុងកម្មវិធីខួប២ឆ្នាំ របស់ក្លឹបកម្សាន្ដ៥៥ នៅជិតវិមានឯករាជ្យ ពេលនេះ សោភា លេងខ្លួនកាន់តែសាហាវជាងពេលមុនៗទៅទៀត ដែលធ្វើឲ្យភ្ញៀវជាច្រើនទៅផឹកស៊ីនៅហាងនោះ តាមសំឡឹងមើលតារារូបនេះឡើងចង់ស្រឡេវភ្នែកអស់ទៅហើយ។
ក្នុងឈុតអាវវៀលក្លៀកខ្លី បញ្ចេញក្បាលពោះ និងរន្ធផ្ចិត គួរឲ្យព្រឺព្រួចនោះ តារាចម្រៀងល្បីរូបនេះស្លៀកខោខូវប៊យរឹបរាង ដែលមានប្រឡោះនៅពីមុខ តាំងពីចុងជើងដល់ចង្កេះ ឃើញសាច់សខ្ចី ដែលជាស្ទីលយុវវ័យសម័យថ្មី ទើបធ្វើឲ្យប្រុសៗដែលចូលទៅផឹកស្រា នៅពេលរាត្រីនៅក្លឹប៥៥ នោះ ស្រែកហ៊ោរកញ្ជ្រៀវពេញហាងតែម្ដង នៅពេលដែលសោភា លេងខ្លួនកាន់តែប្លែកទៅៗបែបនេះ។
មាស សុខសោភា បានច្រៀងបទល្បីៗរបស់ខ្លួនបំពេភ្ញៀវពេលរាត្រីនោះ មានដូចជាបទ ”ដឹងថាបងនៅនឹកគេ”, ”My only One”, ”Monday Night”។ តារាចម្រៀងផលិតកម្មថោន រូបនេះ មានអ្នករាំអមស្រីៗ២នាក់ប៉ុណ្ណោះ ហើយគេឃើញសោភា លេងក្បាច់រាំកាន់តែរស់រវើកជាងមុនទៀតផង ដែលមើលទៅមិនចាញ់ឱក សុគន្ធកញ្ញា ឡើយ។
មាស សុខសោភា ហាក់ដូចជាមិនខ្វល់នឹងសំឡេងស្រែកហ៊ោពីប្រុសៗដែលផឹកស្រានៅពីមុខនាង ដែលពួកគេចង់បន្ទរសំឡេងរឿងនាងស្លៀកពាក់សិចស៊ីមិនប្រណីនោះ។
ដោយឡែក នៅវគ្គទី២ មាស សុខសោភា ស្លៀកឈុតរ៉ូបពណ៌ទឹកក្រូចរមទមធម្មតា ហើយនៅពេលដែលនាងច្រៀងបទ ”អារម្មណ៍ក្លែងក្លាយ” នោះ មិនទាន់ចប់ផង ស្រាប់តែសោភា ត្រូវបានអ្នកគាំទ្រជាច្រើននៅចំពោះមុខនាងនោះ បានហុចនំខេកធំ១ និងនំខេកតូចៗជាច្រើនទៀត រួមទាំងបាច់ផ្កាផង ជូនតារាចម្រៀងរូបនេះ ដោយពួកគេច្រៀងបទ ”Happy Birthday To You”។
តារាចម្រៀងថោន និង Camtrax មាស សុខសោភា សប្បាយរីករាយជាខ្លាំង ហើយនាងបាននិយាយទៅអ្នកគាំទ្រថា “អរគុណដល់អ្នកទាំងអស់គ្នា ចំពោះការស្រលាញ់ និងគាំទ្ររហូតមក។ ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាងខ្ញុំ គម្រប់៤៨ឆ្នាំ…”។
ការរំភើបរបស់សោភា នោះត្រូវបានអ្នកគាំទ្រជាច្រើនស្រែកហ៊ោនៅពេញក្លឹប៥៥ ដោយហៅអ្នកចម្រៀងល្បីរូបនេះថា ”I DOL “។
ទោះជាមាស សុខសោភា ប្រកាសថា ខួបឆ្នាំនេះគម្រប់អាយុ៤៨ឆ្នាំមែន តែការពិតអ្នកស្និទ្ធសោភា បានឲ្យដឹងថា អ្នកចម្រៀងរូបនេះមានអាយុខ្ទង់៣៤ឆ្នាំប៉ុណ្ណោះ ហើយការថា ៤៨ឆ្នាំនោះ គ្រាន់តែជាការចង់ឲ្យក្រុមអ្នកគាំទ្រនាងសើចប៉ុណ្ណោះ ដែលបញ្ជាក់ថា អ្នកចម្រៀងរូបនេះមិនខ្លាចចាស់ឡើយ ហើយបើទោះជានាងចាស់ ក៏នៅតែមានគេគាំទ្រដដែល…។
គួរបញ្ជាក់ថា រយៈពេលចុងក្រោយនេះ មាស សុខសោភា មិនធ្លាប់ធ្វើខួបកំណើតធំដុំដូចតារាសិល្បករដទៃទៀតឡើយ គឺនាងច្រើនតែត្រូវបានក្រុមអ្នកគាំទ្រនាង ធ្វើឲ្យតាមឆាកតន្ដ្រីប៉ុណ្ណោះ។ ប៉ុន្ដែកាលពីឆ្នាំ២០០៩ នៅពេលដែលចំណងស្នេហ៍មាស សុខសោភា និងអាណិកជនខ្មែរ នៅកាណាដា លោកអ៊ឹត រ៉ាដា ល្បីសុសសាយនោះ សោភា បានរៀបចំខួបកំណើតធំក្នុងជីវិតរបស់នាងនៅសណ្ឋាគារផ្កាយ៥ ណាហ្គា វើលដ៍ ដោយចំណាយទឹកប្រាក់អស់ជាង២ម៉ឺនដុល្លារ ដែលការធ្វើខួបនោះ គឺដើម្បីបន្សាបរឿងស្នេហានាងដែលបែកធ្លាយរូបភាពឱបថើបគ្នាយ៉ាងស្រើបស្រាល អំឡុងពេលដែលនាងច្រៀងនៅផលិតកម្មសាន់ដេ នោះ។
ដោយឡែក នៅចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨នេះ មាស សុខសោភា បានប្ដូរការស្លៀកពាក់ថ្មីតាមរយៈការលេងខ្លួនយ៉ាងសិចស៊ី ដូចជាការបង្ហាញខ្លួនក្នុង MV បទ ”My Only One” នោះតារាចម្រៀងរូបនេះថែមទាំងហ៊ានស្លៀកពាក់ជាឈុតអាវស្ដើងរហូតដល់មើលឃើញខោលីអូខាងក្នុងទៀតផង។ មាស សុខសោភា បានរងការរិះគន់ច្រើនតាមរយៈការលេងខ្លួនដូចតារាបរទេសនោះ ប៉ុន្តែអ្នកគាំទ្រនាងបានកាន់ជើងតារារូបនេះថា នោះជាឈុតនៅមាត់សមុទ្រ គឺត្រូវតែស្លៀកបែបនេះ មិនអាចទៅចងក្បិន ឬស្លៀកហូល ផាមួង បានឡើយ។
ប្រភពបានឲ្យដឹងថា គូស្នេហ៍មាស សុខសោភា គឺលោកអ៊ឹត រ៉ាដា ដែលជាវេជ្ជបណ្ឌិតនោះ មិនបានឃាត់ឃាំងអ្នកចម្រៀងរូបនេះក្នុងការលេងខ្លួនសិចស៊ីនោះឡើយ ព្រោះថាតារាចម្រៀងបើស្លៀកពាក់ដដែលៗ នាំតែគេសាំ ហេតុនេះហើយបានលោករ៉ាដា បើកដៃឲ្យសោភា លេងខ្លួនឲ្យអស់ដៃតែម្ដង នៅឆ្នាំ២០១៨នេះ។ អ្វីដែលចម្លែកនោះ គឺមាស សុខសោភា ដែលធ្លាប់តែខ្លាចអ្នកកាសែតក្នុងការបណ្ដើរប្ដីពីមុខកាមេរ៉ានោះ ស្រាប់តែនៅពេលនេះ នាងនិងគូរស្នេហ៍បានកៀកកើយគ្នាឲ្យអ្នកកាសែតឈរថតតាមចិត្ត លែងខ្លាច ឬផ្អើលៗជាមួយអ្នកសារព័ត៌មានទៀតហើយ។ ប៉ុន្ដែនៅពេលដែលអ្នកយកព័ត៌មានយើងសាកសួររឿងពេលណារៀបការតាមប្រពៃណីខ្មែរនោះ សោភា បែរជាថា មិនទាន់កំណត់ពេលជាក់លាក់ឡើយ ដែលអាច២ឬ៣ឆ្នាំខាងមុខទៀតឯណោះ៕