ភ្នំពេញ ៖ គូស្វាមីភរិយាតារាដែលកំពុងជោគជ័យទាំងក្នុងវិស័យសិល្បៈ និងមុខជំនួញ គឺអ្នកនាងគង់ ចាន់ស្រីមុំ និងលោកគឹម សីហា បានសម្តែងនូវអារម្មណ៍រំភើប និងអន្ទះសារយ៉ាងខ្លាំង ព្រោះតែចង់ឃើញមុខកូនជាទីស្រលាញ់ ដែលកំពុងចាប់កំណើតក្នុងផ្ទៃរយៈពេល៤ខែ ស្របជាមួយគ្នានេះ អ្នកនាងគង់ ចាន់ស្រីមុំ បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការបង្ហោះរូបដ៏សិចស៊ី បង្ហាញពីផ្ទៃពោះរបស់នាង។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកនាងគង់ ចាន់ស្រីមុំ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបង្ហោះរូបថតមួយសន្លឹក ស្ថិតក្នុងសម្លៀកបំពាក់សិចស៊ី ស្បៃពណ៌ខ្មៅ បង្ហាញផ្ទៃពោះ ដែលកំពុងខ្ទាតធំឡើងតាមអាយុកាលកូនក្នុងផ្ទៃ (៤ខែ)។ ជាមួយនេះ អ្នកនាងគង់ ចាន់ស្រីមុំ បានសរសេរសារជាភាសាអង់គ្លេស ភ្ជាប់ជាមួយថា “i can’t wait to see u, i already love ុ. #pregnant#16weeks…”។
គួរបញ្ជាក់ថា ក្រោយពីរៀបអាពាហ៍ពិពាហ៍អស់រយៈពេលជិត២ឆ្នាំរួចមក ទីបំផុត ក្តីស្រមៃនិងការទន្ទឹងរង់ចាំរបស់អ្នកនាងគង់ ចាន់ស្រីមុំ និងស្វាមី បានក្លាយជាការពិតហើយ ដោយពេលនេះ គង់ ចាន់ស្រីមុំ កំពុងពពោះកូនក្នុងផ្ទៃ៤ខែ ដែលនេះគឺជាកាដូធំបំផុតក្នុងជីវិតដែលប្តីប្រពន្ធមួយគូនេះប៉ងប្រាថ្នា។ ចាប់តាំងពីទទួលសញ្ញា និងដឹងថា ភរិយាកំពុងពពោះកូនដំបូង គេសង្កេតឃើញថា លោកគឹម សីហា ហាក់កាន់តែស្រលាញ់ និងយកចិត្តយកថ្លើមភរិយាទ្វេដង ដោយមើលថែមិនឱ្យខ្វះចន្លោះសោះឡើយ ជាពិសេសគឺការហូបចុកសម្រាប់ភរិយា ដើម្បីផ្តល់ទៅឱ្យទារកក្នុងផ្ទៃបានរីកលូតលាស់កាន់ល្អ និងរឹងមាំខ្លាំងឡើង។
គួររំលឹកថា តារាសម្តែងស្រីសាច់សខ្ចី គង់ ចាន់ស្រីមុំ និងលោកគឹម សីហា បានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ដែលពិធីត្រូវបានរៀបចំធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ និងមានភ្ញៀវចូលរួមទាំងក្នុង និងក្រៅរង្វង់សិល្បៈប្រមាណ៦០ទៅ៧០តុ៕