តារាចម្រៀងផលិតកម្មសាន់ដេ ណុប សម្បត្តិនីកូ ហៅនីកូ ពេលនេះបានក្លាយជាអ្នកចម្រៀងសមាជិកថ្មីរបស់ផលិតកម្មរស្មីហង្សមាស ជាផ្លូវការហើយ បន្ទាប់ពីផលិតកម្មធំជាងគេក្នុងស្រុកមួយនេះ បានប្រកាសជាផ្លូវការ កាលពីរាត្រីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ថា នីកូ គឺជាតារារបស់ខ្លួនហើយបានចេញជាបទចម្រៀង Audio បើកឆាក តាមរយៈបទ ”ថ្ងៃបែកគ្នា”។
ការក្លាយខ្លួនជាតារាចម្រៀងហង្សមាស របស់នីកូ នៅពេលនេះ គឺធ្វើឲ្យអតីតអ្នកដឹកនាំកម្មវិធីនៅប៉ុស្ដិ៍បាយ័ន តែមិនបានជោគជ័យនេះ ច្រៀង២នាក់បងប្រុសរបស់គេ ណុប បាយ៉ារិទ្ធ នៅទ្រនុំតែមួយដូចគ្នា ទៅនឹងហ្សូណូ និងប្អូនប្រុសរបស់គេ តារាចម្រៀង K ដែរ។
ទោះជាយ៉ាងណា មហាជនមួយចំនួនបានរិះគន់ថា ហង្សមាស ពេលនេះគិតតែពីប្រមូលតារាចម្រៀងមកពីផលិតកម្មផ្សេងៗឡើងគរជើងគ្នាទៅហើយ ខណៈដែលតារារបស់ខ្លួនមានស្រាប់នោះ ខ្លះគ្មានបទចម្រៀងឡើយ។ ប៉ុន្ដែយ៉ាងណា នេះគឺជាយុទ្ធសាស្រ្ដរបស់ក្រុមហ៊ុនហង្សមាស ដើម្បីធ្វើឲ្យផលិតកម្មនេះក្លាយទៅជាផលិតកម្មលែងមានគូប្រជែង ហេតុនេះហើយ ហង្សមាស ត្រូវតែនាំតារាចម្រៀងចូលមកថែមទៀត បើទោះជាតារាទាំងនោះមិនសូវមានទីផ្សារខ្លាំង ដូចជា នីកូ នេះក៏ដោយ។ ជាមួយគ្នានេះ ក៏មានអ្នកខ្លះ Comment ទៅហង្សមាស ឲ្យយកកញ្ញាពេជ្រ សូលីកា ចូលម្ដងទៀត ដើម្បីឲ្យចាប់ដៃគូជាមួយនីកូ ជាដើម។
នីកូ ត្រូវបានផលិតកម្មសាន់ដេ ព្យាយាមលើកស្ទួយដែរ ក្រោយគេចេញពីផលិតកម្ម M មកចូលទ្រនំខ្លួននេះ ដោយថែមទាំងឲ្យតំណែងជាតួឯកក្នុងភាពយន្ដខ្នាតធំរបស់ខ្លួនទៀតផង ប៉ុន្តែនីកូ ហាក់នៅមានទីផ្សារទ្រឹងថ្កល់មិនទៅមុខឡើយ។
ប្រភពបានឲ្យដឹងថា ពេលនេះ នីកូបានចប់កុងត្រាជាមួយផលិតកម្មសាន់ដេ ហើយហេតុនេះបានជារូបគេមានសិទ្ធិក្នុងការជ្រើសរើសយកផលិតកម្មរស្មីហង្សមាស តាមខេមរៈសិរីមន្ដ ដែលជាអតីតារាចម្រៀងសាន់ដេ ដែរ។ យ៉ាងណា នីកូ ដែលមានសមត្ថភាពមធ្យមនោះ នឹងពិបាកប្រជែងទីផ្សារចម្រៀងជាមួយតារាចម្រៀងខ្លាំងៗរបស់ហង្សមាស ជាមិនខាន ដូចជា ម្ចាស់ពាន “The Voice Cambodia” រដូវកាលទី២ ថែល ថៃ, ម្ចាស់ពាន “Cambodian Idol” រដូវកាលទី១ នី រតនា និងម្ចាស់ពាន “I Am a Singer Cambodia” ដួង វីរៈសិទ្ធិ ជាដើម ខណៈដែលកូនប្រុសទាំង៣របស់ព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាថ , សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ នោះក៏កំពុងតែប្រជែងទីផ្សារផ្នែកយុវវ័យនៅហង្សមាស ដែរ។
ការឈានចូលផលិតកម្មរស្មីហង្សមាស របស់នីកូ នៅពេលនេះ គឺជាតារាទី៤ហើយរបស់សាន់ដេ ដែលចូលផលិតកម្មធំនេះ មានដូចជា ឱក សុគន្ធកញ្ញា , សុខ ស្រីនាង , ខេមរៈ សិរីមន្ដ និង នីកូ នេះឯង។
តាមព័ត៌មានបានឲ្យដឹងថា ហង្សមាស នឹងតាមប្រម៉ាញ់តារាសាន់ដេ២ដួងទៀត នៅឆ្នាំ២០១៨នេះ គឺឆាយ វីរៈយុទ្ធ និងអ៊ីវ៉ា។ ប៉ុន្តែគោលដៅធំរបស់ហង្សមាស គឺផលិតកម្មនេះនៅតែចិញ្ចឹមចិត្តចង់បានមាស សុខសោភា របស់ផលិតកម្មថោន ដដែល បើទោះជាសោភា ប្រកែកមិនចូលឡើងរួយមាត់ទៅហើយក្ដី៕