តារាចម្រៀងអ៊ីវ៉ា ធ្លាប់ត្រូវបានគេខ្សឹបប្រាប់ថា នាងបានឈានចូលផលិតកម្មរស្មីហង្សមាស ស្ងាត់ៗ តាំងពីមុនផុតកុងត្រានៅសាន់ដេ ម៉្លេះ ដោយបទចម្រៀងរបស់នាងបានថតជា Audio ហើយ តែមិនទាន់ចេញ ហើយសូម្បីតែមុនថ្ងៃហង្សមាស ធ្វើសន្និសីទកាសែតបង្ហាញសមាជិកថ្មីរបស់ខ្លួន កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នោះ ក៏គេថា តារាចម្រៀងថ្មីរបស់ហង្សមាស នោះ គឺជាអ៊ីវ៉ា ដែរ តែតាមពិត គឺជាកូនប្រុសទាំង៣របស់ព្រាប សុវត្ថិ សោះ។
ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ អ៊ីវ៉ា ហាក់មិនចង់អត្ថាធិប្បាយចំពោះព័ត៌មានលេចឮថា នាងចេញពីសាន់ដេ ចូលទៅហង្សមាស នោះឡើយ ដោយអ្នកចម្រៀងវ័យក្មេងរូបនេះថា នៅពេលបន្តិចទៀត នឹងបានឃើញទាំងអស់គ្នាជាមិនខាន។
ឃីន ស្រីនាថ ហៅអ៊ីវ៉ា ថ្លែងថា “ខ្ញុំថាហើយ មិនមែនខ្ញុំទេ នៅថ្ងៃហង្សមាស ធ្វើសន្និសីទកាសែតនោះ អ្នកខ្លះនៅតែមិនជឿ។ ចំពោះរឿងចូលហង្សមាស ឬអត់នោះ ខ្ញុំមិនចង់និយាយអីច្រើនលើរឿងហ្នឹងទេ គឺចាំបន្តិចទៀត គង់តែដឹង និងឃើញទាំងអស់គ្នាទេ។ មិនយូរទេ នឹងបានឃើញហើយថា ខ្ញុំទៅណានោះ (សើច)”។
អ៊ីវ៉ា ធ្លាប់ប្រាប់ថា មានផលិតកម្មធំ២ បានទាក់ទងនាងកន្លងមកនោះ គឺផលិតកម្មហង្សមាស និងថោន ខណៈដែលនាងមិនទាន់សម្រេចចិត្តច្បាស់លាស់នៅឡើយថា គួរទៅមួយណា ព្រោះបើទ្រនំចាស់របស់នាង ផលិតកម្មសាន់ដេ នៅផ្តល់តម្លៃឱ្យនាង គឺរូបនាងនឹងនៅបន្តច្រៀងឱ្យសាន់ដេ ទៅទៀត។ ប៉ុន្តែ ការអះអាងបែបនេះ ត្រូវបានតារាចម្រៀងផលិតកម្មហង្សមាស មួយចំនួនសើច ព្រោះគេថា អ៊ីវ៉ា ថតសំឡេងនៅហង្សមាស ទៅហើយ គ្រាន់តែនាងលាក់ប៉ុណ្ណោះ។
លោកអ៊ូ វ៉ាវ ឪពុកតារាចម្រៀងអ៊ីវ៉ា បានឱ្យដឹងថា រឿងកូនស្រីគាត់ទៅណា ឬអត់នោះ គឺវាអាស្រ័យទៅលើរូបគាត់ផ្ទាល់ទេ ជាអ្នកសម្រេចចិត្ត តែលោកបានចាត់ទុកថា សាន់ដេ ដូចជាឪពុកម្តាយទី២ របស់អ៊ីវ៉ា ដែរ។
លោកអ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា រៀបរាប់ថា “កូនស្រីខ្ញុំនៅច្រៀងបន្តឱ្យផលិតកម្មសាន់ដេ ទៀត ឬទៅផលិតកម្មផ្សេង ឬអត់នោះ គឺវាអាស្រ័យរូបខ្ញុំជាឪពុកជាអ្នកសម្រេចចិត្តទេ ហើយរឿងនេះចាំមើលបន្តិចទៀតសិន បានដឹង។ តែយ៉ាងណា ខ្ញុំនិយាយតាមត្រង់ចុះថា សាន់ដេ ប្រៀបដូចជាឪពុកម្តាយទី២ របស់អ៊ីវ៉ា អ៊ីចឹង ព្រោះគាត់បានផ្តល់គ្រប់យ៉ាងឱ្យកូនខ្ញុំមានថ្ងៃនេះ គឺកេរ្តិ៍ឈ្មោះត្រូវមហាជនទទួលស្គាល់ និងមានអ្វីៗគ្រប់យ៉ាងនាពេលនេះតែម្តង។ ខ្ញុំនិងកូនស្រីខ្ញុំ មិនភ្លេចគុណសាន់ដេ ទេ គេជួយយើងមែន តែពេលនេះ កូនស្រីខ្ញុំផុតកុងត្រានៅសាន់ដេ ហើយ”។
បើទោះជាលោកអ៊ូ វ៉ាវ ថា កូនស្រីគាត់ អ៊ីវ៉ា ចាត់ទុកសាន់ដេ ដូចជាឪពុកម្តាយទី២មែន តែតាមប្រភពពីក្រុមការងារសាន់ដេ បានបង្ហើបឱ្យដឹងថា អ៊ីវ៉ា តាំងពីល្បីឈ្មោះមក មិនគោរព និងឱ្យតម្លៃទៅលើផលិតកម្មឡើយ គឺរហូតមានពេលខ្លះ សាន់ដេ ទម្លាក់បទចម្រៀងឱ្យច្រៀងហើយ តែនាងបែរជាមិនច្រៀង ហើយដល់ពេលបទនោះ តារាផ្សេងច្រៀងទៅល្បី បែរជាអ៊ីវ៉ា ថា ផលិតកម្មមិនលើកនាងទៅវិញ ហើយចំណុចដែលធ្វើឱ្យអ្នកដឹកនាំសម្តែងនៅសាន់ដេ ឈឺក្បាលនោះ គឺពេលខ្លះ ក្រុមការងាររង់ចាំនាងតែម្នាក់ ក្នុងការថត MV តែចុងក្រោយ អ៊ីវ៉ា បែរជាមិនទៅក៏មានដែរ ទើបធ្វើឱ្យគេរិះគន់ថា អ៊ីវ៉ា បានល្បីចង់ភ្លេចកំណើត។
អ៊ីវ៉ា មិនចង់បកស្រាយរឿងនេះឡើយ ដោយនាងនៅតែអះអាងថា បន្តិចទៀតគង់តែបានដឹងទេថា នាងទៅណាមកណានោះ តែលោកអ៊ូ វ៉ាវ បានព្រមានថា “បើយើងផឹកទឹកត្រពាំង គឺទាល់តែទឹកនោះថ្លាស្អាតដែរ ចុះបើទឹកនោះល្អក់កករ ខាប់កខ្វក់ទៅហើយ តើយើងនៅទ្រាំផឹកទឹកនោះទៀត ឬក៏ទៅរកត្រពាំងថ្មី ទឹកថ្លា ផឹកវិញម្តង?”។
ប្រភពបានឱ្យដឹងថា មុននេះ អ៊ីវ៉ា ហាក់ពិបាកសម្រេចចិត្តក្នុងការចេញពីសាន់ដេ ចូលទៅផលិតកម្មហង្សមាស ព្រោះថា ឪពុកនាង លោកអ៊ូ វ៉ាវ ក៏ជាតារាចម្រៀងសាន់ដេ ដែរ ហេតុនេះហើយបើនាងចូលហង្សមាស គឺមិនអាចនាំយកឪពុកទៅច្រៀងជាមួយបានទេ គឺទៅបានតែម្នាក់ឯងប៉ុណ្ណោះ អ៊ីចឹងហើយបានជានៅអាល័យសាន់ដេ នោះ។
ប៉ុន្តែយ៉ាងណា មហាជនមើលឃើញថា ប្រសិនបើអ៊ីវ៉ា នៅសាន់ដេ គឺរូបនាងនៅតែលេចធ្លោដូចពេលនេះ តែបើនាងចូលទៅហង្សមាស គឺពិបាកក្នុងការប្រឈមជាមិនខាន គឺប្រៀបបានដើរជាន់បន្លាអ៊ីចឹង ព្រោះថា ហង្សមាស មានតារាខ្លាំងៗច្រើន ហើយពេលនេះ ឱក សុគន្ធកញ្ញា គឺជាតួឯកទៅហើយ។
យ៉ាងណា លោកអ៊ូ វ៉ាវ ថា ពេលនេះពាណិជ្ជកម្មធំៗនៅក្នុង កណ្តាប់ដៃហង្សមាស ទាំងអស់ អ៊ីចឹងតារានៅខាងក្រៅដូចជា អ៊ីវ៉ា គឺបានច្រៀងនៅក្រៅមួយៗតែប៉ុណ្ណោះ៕