Sunday, November 24, 2024
Homeបច្ចេកវិទ្យាក្បួន​ជាន់​​ហ្វ្រាំង​រថយន្ត​​ឱ្យ​បាន​​ត្រឹម​ត្រូវ

ក្បួន​ជាន់​​ហ្វ្រាំង​រថយន្ត​​ឱ្យ​បាន​​ត្រឹម​ត្រូវ

មុនពេលជាន់ហ្វ្រាំងៈ ត្រូវក្រឡេកមើលទៅ រថយន្តដែលនៅពីក្រោយ ដើម្បីប៉ាន់ស្មានមើលថា តើគេអាចជាន់ហ្វ្រាំងតាម អ្នកទាន់ដែរឬអត់? ប្រសិនបើមើលទៅទំនងដូចជា គេជាន់ហ្វ្រាំងតាមមិនទាន់ទេនោះ អ្នកត្រូវជាន់ហ្វ្រាំង រថយន្តតិចៗ ទៅជិតរថយន្តដែលនៅខាងមុខបន្តិច ក៏មិនអីដែរ ព្រោះវាប្រសើរជាងត្រូវគេបុកពីក្រោយ។

ការជាន់ហ្វ្រាំងៈ អ្នកអាចប្រើភ្លើងហ្វ្រាំង ធ្វើជាសញ្ញាដាស់តឿន ដល់អ្នកបើករថយន្តដែលនៅពីក្រោយ ដោយជាន់ហ្វ្រាំងឱ្យភ្លើងហ្វ្រាំងភ្លឺឡើង រួចដកជើងមកវិញ ដើម្បី ឱ្យភ្លើងហ្វ្រាំងរលត់ ហើយសឹមជាន់ម្តងទៀត ដើម្បីឱ្យភ្លើងហ្វ្រាំងភ្លឺភ្លឹបភ្លែតៗ ឱ្យអ្នកបើកបររថយន្តខាងក្រោយចាប់អារម្មណ៍ប្រុងប្រយ័ត្ន។
ការត្រួតពិនិត្យភ្លើងហ្វ្រាំងៈ អ្នកអាចចតរថយន្ត ដោយឱ្យគូទរថយន្តទៅជិតជញ្ជាំង កន្លែងដែលងងឹតៗ រួចជាន់ហ្វ្រាំងសាកមើល នោះអ្នកនឹងអាចដឹងបានថា ភ្លើងហ្វ្រាំងដាច់ ឬអត់? ក្រៅពីនេះ អ្នកមិនត្រូវបន្ថែមប្រព័ន្ធដែលធ្វើឱ្យភ្លើងហ្វ្រាំងលោតភ្លឹបភ្លែតៗ នោះទេ ព្រោះវាអាចបង្កជាបញ្ហាស្មុគស្មាញបាន។
ការជាន់ហ្វ្រាំងរថយន្តក្នុងរយៈចម្ងាយខ្លីឱ្យមានសុវត្ថិភាពៈ ក្នុងករណីប្រថុចញ៉ុច ដែលតម្រូវឱ្យអ្នកជាន់ហ្វ្រាំងភ្លាមៗនោះ អ្នកត្រូវជាន់ហ្វ្រាំងរហូតកង់ជិតឈប់ (ប្រសិនបើជាប្រព័ន្ធហ្វ្រាំងមាន ABS ត្រូវជាន់ហ្វ្រាំងរហូត ABS ហៀបនឹងដំណើរការ)។ អ្នកអាចសាកល្បងហ្វឹកហាត់តិចនិកនេះ នៅលើវិថីធំៗ ពេលដែលគ្មានរថយន្តផ្សេងនៅជិត។
បើកបរកាន់តែលឿនត្រូវមើលកាន់តែឆ្ងាយៈ អ្នកត្រូវមើលទៅកញ្ចក់រថយន្ត ដែលបើកពីខាងមុខផងដែរ ដើម្បីអាចប៉ាន់ស្មានស្ថានការណ៍បានទុកជាមុន។ មនុស្សភាគច្រើន ប្រើពេលប្រហែល ០,៣-០,៥វិនាទី សម្រាប់ការជាន់ហ្វ្រាំង តាំងពីពេលចាប់ផ្តើមក្រឡេកឃើញឧបសគ្គរារាំង។
រថយន្តដែលគ្មាន ABS : ប្រសិនបើអ្នកត្រូវជាន់ហ្វ្រាំងនៅលើថ្នល់រអិល ឬត្រូវជាន់ហ្វ្រាំងរបៀបទាន់ហន់នោះ អ្នកមិនត្រូវជាន់ហ្វ្រាំង រហូតដល់កង់រថយន្តឈប់គាំង មួយកន្លែងនោះទេ។ អ្នកត្រូវតាំងស្មារតី នៅមុនពេលជាន់ហ្វ្រាំង ប្រសិនបើជាន់ហ្វ្រាំង រហូតកង់រថយន្តឈប់គាំងនោះ អ្នកត្រូវជាន់ហ្វ្រាំងម្តងហើយម្តងទៀត។
ការជាន់ហ្វ្រាំងគួបផ្សំជាមួយនឹងការប្តូរលេខៈ ការធ្វើបែបនេះ គ្មានផ្តល់ប្រយោជន៍អ្វីនោះទេ ផ្ទុយទៅវិញ វាថែមទាំងធ្វើឱ្យទម្ងន់រថយន្តគ្មានតុល្យភាព គ្រលែងទៅមកទៀតផង។ ហេតុនេះ នៅពេលបើកបរធម្មតា អ្នកមិនគួរប្តូរលេខ ដើម្បីជាជំនួយដល់ការជាន់ហ្វ្រាំងនោះទេ។
ជាន់ហ្វ្រាំងដើម្បីចតរថយន្តៈ ក្នុងករណីចង់ចតរថយន្ត មុននឹងចូលចត អ្នកត្រូវស៊ីញ៉ូភ្លើង រួចអែបរថយន្តតិចៗ ដោយមើលកញ្ចក់មើលក្រោយផង និងជាន់ហ្វ្រាំងសន្សឹមៗ ដើម្បីឱ្យអ្នកបើកបររថយន្តខាងក្រោយដឹងថា អ្នកចង់ចូលចត។ ពេលចូលដល់កន្លែងសមគួរហើយ សឹមជាន់ហ្វ្រាំងឱ្យជាប់ រួចដោះលេខមកលេខ០ ឬលេខចត “P” សឹមមួលសោពន្លត់ម៉ាស៊ីនរថយន្ត៕

ដោយ: តូច រំលឹក

RELATED ARTICLES