Friday, November 15, 2024
Homeតារាខ្មែរឆាយ វីរៈយុទ្ធ ល្បីចូលហង្សមាស ក្រោយពេលលេចមុខនៅស្ថានីយទូរទស្សន៍

ឆាយ វីរៈយុទ្ធ ល្បីចូលហង្សមាស ក្រោយពេលលេចមុខនៅស្ថានីយទូរទស្សន៍

ឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ដែលជាអ្នកចម្រៀងសំខាន់របស់ផលិតកម្មសាន់ដេ នោះ ថ្មីៗនេះ ស្រាប់តែលេចមុខច្រៀងនៅឆាកតន្រ្ដីកម្មវិធី ”តន្រ្ដីពិសេស” នៅ Studio ហង្សមាស ឯព្រែកឯង ដោយច្រៀងបទ ”គេមិនបានស្រលាញ់យើងទេ” ធ្វើឲ្យអ្នកចម្រៀងដូចគ្នាមានការភ្ញាក់ផ្អើលខ្លាំង ព្រោះថាលោកឆោម ពិតជាបានទៅចូលរួមជាមួយផលិតកម្មរស្មីហង្សមាស ស្ងាត់ទៅហើយ បានជាអាចទៅច្រៀងនៅស្ថានីយទូរទស្សន៍ហង្សមាស បានយ៉ាងនេះ។

ប្រភពពីតារាចម្រៀងនៅខាងក្រៅពីផលិតកម្មរស្មីហង្សមាស បានឲ្យដឹងថា ជាធម្មតាអ្នកចម្រៀងនៅផលិតកម្មសាន់ដេ ថោន និង M ជាដើមនោះ មិនទៅច្រៀងនៅប៉ុស្ដិ៍ហង្សមាស ក្នុង Studio ទេ ព្រោះថៅកែផលិតកម្មហាម គឺលើកលែងតែការប្រំតន្ដ្រីធំៗរបស់ផលិតផលណាមួយដែលគេជ្រើសតារាចម្រៀងនោះ គឺទៅច្រៀងដោយគ្មានបញ្ហាទេ តែពេលនេះ វីរៈយុទ្ធ បែរជាទៅច្រៀងនៅ Studio ហង្សមាស ដែលពីមុនមកគេមិនដែលឃើញទៅវិញ ហេតុនេះហើយបានជាគ្រប់គ្នាច្បាស់ថា ពេលនេះ លោកឆោម ប្រាកដជាក្លាយជាសមាជិកថ្មីរបស់ហង្សមាស​ ទៅហើយ…។

ទោះជាយ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទកាលពីសៀល ថ្ងៃទី០៦ ខែកុម្ភៈ នេះ ឆាយ វីរៈយុទ្ធ នៅតែប្រកែក ដោយថា ការទៅច្រៀងនៅស្ថានីយទូរទស្សន៍ហង្សមាស នោះ គឺជារឿងធម្មតាទៅវិញ និងថា ពេលនេះលោកនៅតែជាអ្នកចម្រៀងរបស់សាន់ដេ ដដែលទៀតផង។

លោកឆាយ វីរៈយុទ្ធ អះអាងថា ”អូ! រឿងទៅច្រៀងនៅស្ថានីយហង្សមាស ហ្នឹង គឺខ្ញុំទៅមែន តែខ្ញុំច្រៀងទូទៅតើ! មិនថាតែប៉ុស្ដិ៍ហង្សមាស ទេ ប៉ុស្ដិ៍ណាក៏ខ្ញុំទៅច្រៀងដូចគ្នាដែរតើ។ ខ្ញុំនៅតែជាអ្នកចម្រៀងរបស់ផលិតកម្មសាន់ដេ ដដែលទេ”។

ថ្វីត្បិតតែឆាយ វីរៈយុទ្ធ ថា រូបលោកនៅតែជាអ្នកចម្រៀងរបស់សាន់ដេ មែន ប៉ុន្តែតន្ដ្រីករល្បីឈ្មោះម្នាក់នៅហង្សមាស បានឲ្យដឹងថា ជាធម្មតា គឺពិតជាមិនអាចទៅរួចមែន ព្រោះច្រៀងនៅ Studio ហង្សមាស នោះ តារាល្បីនៅផលិតកម្មមិនដែលទៅច្រៀងទេ ដោយសារថៅកែរផលិតកម្មរារាំងមិនឲ្យទៅច្រៀង ព្រោះផលិតកម្មមានការប្រកួតប្រជែងគ្នាខ្លាំង។ ចំពោះរឿងឆាយ វីរៈយុទ្ធ ឡើងឆាកហង្សមាស នៅព្រែកឯង នេះ គឺភាគរយខ្ពស់ណាស់ថា ពេលនេះ វីរៈយុទ្ធ ច្បាស់ជាចូលហង្សមាស ពិតប្រាកដទៅហើយ។

តាមព័ត៌មានថា នៅឆ្នាំ២០១៨នេះ ផលិតកម្មរស្មីហង្សមាស ដាក់គោលដៅប្រម៉ាញ់យកតារា៣ដួងទៀតនោះ គឺមាស សុខសោភា, ឆាយ វីរៈយុទ្ធ និងអ៊ីវ៉ា ឲ្យក្លាយទៅជាសមាជិករបស់ខ្លួន ដើម្បីកុំឲ្យមានផលិតកម្មណាអាចប្រជែងជាមួយហង្សមាស បាន។

ឆ្លើយតបសំណួរថា តើឆាយ វីរៈយុទ្ធ ពិតជាចេញពីសាន់ដេ ទៅចូលហង្សមាស មែនឬយ៉ាងណានោះ? អតីតអ្នកចម្រៀង Blue Diamond និង M រូបនេះ បានឲ្យដឹងថា ”និយាយទៅ ខ្ញុំនៅមានការកុងត្រាជាមួយផលិតកម្មសាន់ដេ យូរអង្វែងដែរ អីចឹងមិនទាន់អាចនិយាយរឿងនេះជាមុនបានទេ។ ខ្ញុំអាចប្រាប់ថា ពេលនេះខ្ញុំនៅតែជាអ្នកចម្រៀងរបស់សាន់ដេ ទេ តែពេលខាងមុខយ៉ាងណានោះ យើងមិនអាចនិយាយមុនបានទេ”។

ឆាយ វីរៈយុទ្ធ ជាអ្នកចម្រៀងដែលអាចច្រៀងខ្ពស់ៗ និងសំឡេងទាបបានល្អជាងតារាដទៃ ទើបធ្វើឲ្យហង្សមាស ត្រូវការតារាចម្រៀងកូនប្រសារសេដ្ឋី ហាក់ សែ រូបនេះ មកធ្វើជាសមាជិករបស់ខ្លួនដើម្បីពង្រឹងផលិតកម្ម និងឲ្យតារារបស់ខ្លួនមានបច្ចេកទេសច្រៀងគ្រប់រសជាតិទាំងអស់តែម្ដង។ យ៉ាងណា មុនធ្លាយរឿងថា វីរៈយុទ្ធ បានកក្លាយទៅជាតារាចម្រៀងផលិតកម្មរស្មីហង្សមាស មុននេះអតីតតារាចម្រៀងផលិតកម្មសាន់ដេ លោកណុបសម្បត្តិនីកូ ហៅនីកូ ក៏បានក្លាយទៅជាសមាជិករបស់ហង្សមាស ដែរ ខណៈដែលសុខ ស្រីនាង និងខេមរៈ សិរីមន្ដ បានឈានចូលហង្សមាស មួយជំហ៊ានមុនទៅហើយ។

ឆាយ វីរៈយុទ្ធ ស្ថិតក្នុងចំណោមអ្នកចម្រៀងជួរមុខគេនាពេលបច្ចុប្បន្ន ដោយច្រៀង១កម្មវិធី ស៊ីថ្លៃជាង២ពាន់ដុល្លារឯណោះ តែមហាជនបានលើកឡើងថា តាំងពីលោកឆោម រៀបការប្រពន្ធជាមួយអ្នកនាងសែ ចាន់ឌី កាលពីចុងឆ្នាំ២០១៧មក លោកឆោម ហាក់ដូចជាចុះខ្សោយជាងមុនបន្ដិច។ ប៉ុន្ដែយ៉ាងណា តាមរយៈការមានទឹកដមសំឡេងគ្រលួចនោះ គ្រាន់តែធ្វើបទចម្រៀងត្រូវ គេជឿថា លោកឆោម នឹងល្បីឡើងវិញភ្លាម។

ដោយឡែក អ្នកសិល្បៈមួយចំនួនទៀតបានលើកឡើងថា វីរៈយុទ្ធ ពេលនេះស្ថិតក្នុងចំណោមតារាដែលមានទ្រព្យច្រើន ទោះជាមិនបាច់ច្រៀង ក៏ថៅកែអង្ករជាកូនប្រសារសេដ្ឋី ហាក់ សែ ចាយលុយមិនចេះអស់ឡើយ៕

RELATED ARTICLES