ឱក សុគន្ធកញ្ញា នឹងក្លាយទៅជាកូនក្រមុំរបស់ លោកអ៊ឹង សុខលី ប្អូនលោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែផលិតកម្មរស្មីហង្សមាស ដោយក្រាបផ្ទឹមនៅចុងឆ្នាំ២០១៨នេះហើយ ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺនៅពេលនេះ សង្សារចាស់របស់ឱក សុគន្ធកញ្ញា គឺលោកតន្ត្រីករ រ៉េតធី ដូណា បានប្រកាសថា លោកនឹងទៅញ៉ាំការកញ្ញា ដោយរីករាយ និងគ្មានវិប្បដិសារៈឡើយ…។
ឱក សុគន្ធកញ្ញា ដែលប្រកាសថា នឹងចូលរោងការមិនឱ្យផុតពីអាយុ30ឆ្នាំ ពោលគឺនៅឆ្នាំ2018នេះតែម្តង ជាមួយកូនកំលោះ ដែលគេជឿថា ជាលោកអ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងជាប្អូនលោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែផលិតកម្មរស្មីហង្សមាស នោះ កំពុងត្រូវបានអ្នកគាំទ្រតារាចម្រៀងល្បីល្បាញរូបនេះ និងមហាជនបានអន្ទះសាចង់ដឹងថា តើនាងនឹងចូលរោងការនៅថ្ងៃណាឱ្យពិតប្រាកដទៅ ព្រោះគេគ្រប់គ្នាចង់ឃើញតារាចម្រៀងហង្សមាស រូបនេះ គ្រងឈុតជាកូនក្រមុំមែនទែននោះថា តើនឹងស្រស់ស្អាតយ៉ាងណាទៅ?
ជាមួយគ្នានេះដែរ ក៏មានការលើកឡើងដែរថា មង្គលការឱក សុគន្ធកញ្ញា ដែលធ្វើឱ្យមជ្ឈដ្ឋានមហាជន និងអ្នកសិល្បៈចាប់អារម្មណ៍ជាខ្លាំង ព្រោះថា នាងនឹងក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស នាពេលខាងមុខនេះ ប្រាកដជាធ្វើឱ្យសង្សារចាស់ សុគន្ធកញ្ញា គឺលោកតន្ត្រីកររ៉េតធី ដូណា មានការភ្ញាក់ផ្អើល និងខូចចិត្តមិនអាចថ្លាថ្លែងបានឡើយ ព្រោះថា អនាគតស្វាមីសុគន្ធកញ្ញា លោកអ៊ឹង សុខលី គឺជាមិត្តភក្តិរបស់លោកនាពេលកន្លងមក។
ប្រភពបានឱ្យដឹងថា លោកដូណា បានព្យាយាមគេចមុខចេញពីសុគន្ធកញ្ញា នៅពេលដែលពួកគេបានជួបគ្នាដោយចៃដន្យនៅកម្មវិធីអ្នកសិល្បៈ កាលពីពេលថ្មីៗនេះ ក្រោយពេលដែលដំណឹងស្នេហ៍សុគន្ធកញ្ញា និងប្អូនថៅកែហង្សមាស បានបែកសាយភាយពេញផ្ទៃប្រទេសនោះ ខណៈដែលមិត្តភក្តិលោកដូណា មួយចំនួន បានបង្អាប់តន្ត្រីករល្បីឈ្មោះនេះថា “ពេលអូនល្បី អូនទៅការជាមួយគេ ចោលបង”។
យ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ ជាមួយលោករ៉េតធី ដូណា សង្សារចាស់ឱក សុគន្ធកញ្ញា រូបនេះ បែរជាថា លោកហាក់មិនមានកង្វល់ចិត្តចំពោះការលេចឮនោះច្រើនឡើយ ដោយចាត់ទុកជារឿងបែបធម្មតាទៅវិញ។
លោកដូណា ថ្លែងថា “អូ! រឿងហ្នឹងខ្ញុំដូចជាមិនមានអ្វីត្រូវភ្ញាក់ផ្អើលខ្លាំងទេ។ ជារឿងធម្មតាតើ! គេការ មានអីចម្លែកផង ខ្ញុំមិនចាប់អារម្មណ៍គេការទេ។ មិនអីទេ ខ្ញុំនិងគាត់ (សុគន្ធកញ្ញា) រាប់អានគ្នាធម្មតាៗតើពេលនេះ ឥឡូវមិនសូវទាំងបានជួបគ្នាញឹកញាប់ទេ គឺជួបគ្នាតែនៅពេលមានកម្មវិធី ព្រោះអី ខ្ញុំពេលនេះមិនមែននៅហង្សមាស ទៀតទេ ខ្ញុំចេញពីហង្សមាស យូរហើយតើ! ខ្ញុំធ្វើការឯករាជ្យ ដោយមិនមានកុងត្រាជាមួយខាងណាទេ ផលិតកម្មណាក៏ដោយ ឱ្យតែត្រូវការខ្ញុំធ្វើបទភ្លេងឱ្យ គឺយើងទទួលទាំងអស់ មិនផ្តាច់មុខឱ្យខាងណាទេ។ តាំងពីខ្ញុំចេញពីហង្សមាស មក មិនសូវបានជួបអាកញ្ញា ដែរ គឺទាល់តែមានកម្មវិធីអ្នកសិល្បៈ ឬទៅធ្វើការនៅកម្មវិធីណាមួយជួបគ្នា គឺពួកយើងជាមិត្តរួមការងារទេ គ្មានអីផ្សេងពីហ្នឹងផង”។
តាមប្រភពពីអ្នកស្និទ្ធគ្រួសារឱក សុគន្ធកញ្ញា បានបង្ហើបឱ្យដឹងថា សម្រាប់ដើមឆ្នាំ2018នេះ ឱក សុគន្ធកញ្ញា មិនអាចរៀបចំខ្លួនក្នុងការចូលក្រាបផ្ទឹមបានឡើយ ព្រោះនាងរវល់ការងារសិល្បៈស្ទើរតែពេញតែម្តង ក្នុង1ខែៗ ដែលមិនអាចដកខ្លួនបាន ហេតុនេះហើយ មង្គលការតារាចម្រៀងល្បីឈ្មោះរូបនេះ អាចនឹងរៀបចំនៅចុងឆ្នាំ2018 ច្រើនជាង។
ឆ្លើយតបសំណួរថា តើលោករ៉េតធី ដូណា នឹងទៅចូលរួមមង្គលការឱក សុគន្ធកញ្ញា ដែរ ឬអត់ ប្រសិនបើនាងអញ្ជើញធៀបការ?
លោកដូណា អះអាងមួយៗ ដោយស្រងូតស្រងាត់ថា “ខ្ញុំទៅ បើអាកញ្ញា ហៅការមែននោះ។ មានរឿងអីដែលខ្ញុំត្រូវខូចចិត្ត គ្រាន់តែទៅញ៉ាំការនោះ ឱ្យតែគេហៅ។ ខ្ញុំមិនភ្ញាក់ផ្អើលអីខ្លាំងទេ ប្រសិនបើគាត់ការមែន ជារឿងធម្មតាៗទេ ព្រោះខ្ញុំនិងអាកញ្ញា នៅពេលនេះ គឺនៅតែធ្វើការជាមួយគ្នាធម្មតា រាប់អានគ្នាធម្មតា។ តែថ្ងៃការគាត់ ប្រសិនបើខ្ញុំជាប់រវល់ធ្វើការអីឱ្យគេ ដោយមិនអាចខានបាន អាហ្នឹងខ្ញុំក៏មិនប្រាកដថា ត្រូវតែទៅដែរ។ ប៉ុន្តែ បើថ្ងៃហ្នុងខ្ញុំទំនេរ គឺខ្ញុំនឹងត្រូវតែទៅ”។
ឱក សុគន្ធកញ្ញា មានស្នេហាជាមួយលោករ៉េតធី ដូណា កាលពីឆ្នាំ2005 អំឡុងពេលដែលអ្នកទាំង2 ធ្វើការជាមួយគ្នានៅផលិតកម្ម និងក្លឹបកម្សាន្ត U2 តែចំណងស្នេហ៍នេះ មានអាយុត្រឹមតែ6ឆ្នាំ ក៏រលត់ត្រឹមឆ្នាំ2011 ដោយមានដំណឹងថា អ្នកស្រីអ៊ិន ថាច ម្តាយសុគន្ធកញ្ញា មិនពេញចិត្តលោកដូណា ឡើយ។
ទោះជាយ៉ាងណា ឱក សុគន្ធកញ្ញា នៅពេលដែលរឿងស្នេហានាងជាមួយអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស លោកអ៊ឹង សុខលី កាន់តែល្បីល្បាញដូចអាជីពចម្រៀងដែរនោះ រហូតមកដល់ពេលនេះ នាងនៅតែមិនហ៊ានបណ្តើរសង្សារថ្មីជាចំហដដែល។
ការប្រកាសចូលរោងការយ៉ាងតក់ក្រហល់របស់ឱក សុគន្ធកញ្ញា នៅពេលដែលកេរ្តិ៍ឈ្មោះនាងកំពុងខ្លាំងក្លានោះ ត្រូវបានអ្នកសិល្បៈជាច្រើន លើកឡើងថា គឺព្រោះតែអ្នកចម្រៀងរូបនេះ ខ្លាចចំណងស្នេហ៍មានការប្រែប្រួល ដោយសារតែមានព័ត៌មានថា លោកសុខលី មានស្រីក្មេងតោងស្នេហ៍ច្រើន ហើយថែមទាំងធ្លាប់ប្រេះឆាស្នេហ៍ជាមួយតារាសម្តែងស្រីស្អាត5នាក់មកហើយ មុនពេលចុះចាញ់ស្នេហ៍សុគន្ធកញ្ញា នាពេលនេះ៕