កាលពីរាត្រីថ្ងៃទី០៨ ខែកុម្ភះ តារាចម្រៀងលេចធ្លោមួយរូបរបស់ផលិតកម្មថោន កញ្ញាស៊ូ ស៊ីរីកា បានជួបទុក្ខធំ ដោយសារតែអ្នកម្ដាយជាទីស្រលាញ់បានចែកឋានទៅចោលនាង ដោយគ្មានថ្ងៃវិលត្រឡប់ គឺធ្វើឲ្យនាងយំសោក អាឡោះអាល័យយ៉ាងក្រៃលែង។
ក្រោយពេលអ្នកម្ដាយលាចាកលោកនេះទៅ ស៊ីរីកា បានបង្ហោះសារនៅលើបណ្ដាញសង្គមបញ្ជាក់ពីអារម្មណ៍អាឡោះអាល័យជាពន់ពេកដែលមានខ្លឹមសារថា “កូនសុំទោសអ្នកម្តាយដ៏កម្សត់របស់កូន ម៉ាក់ឈឺណាស់មែនទេ? ពេលនេះម៉ាក់លែងឈឺទៀតហើយ ម៉ាក់បានគេងលក់ស្រួលហើយ កូនសូមឲ្យម៉ាក់ទៅឲ្យបានសុខ អាយុវែង កុំឲ្យអាយុខ្លីដូចជាតិនេះទៀត កើតជាតិណា សូមធ្វើកូនម៉ាក់រហូតណាម៉ាក់ កូនស្រលាញ់ម៉ាក់ខ្លាំងបំផុត”។
សារទួញសោករបស់ស៊ីរីកា បានធ្វើឲ្យមិត្តភក្ដិនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនរំជួលចិត្តអាណិតនាង និងបានលើកទឹកចិត្តនាង ដោយសុំឲ្យនាងរឹងមាំឡើង តស៊ូឡើង ។ អ្នកខ្លះលើកឡើងថា “គាត់ទៅបានសុខហើយបង ត្រូវស៊ូទៅមុខទៀត បងមានការងារច្រើនណាស់ដែលត្រូវធ្វើបង ត្រូវតែរឹងមាំទ្បើងណាបង ស៊ូស៊ូ”។ អ្នកខ្លះទៀតបានលើកចិត្តនាងថា “សូមឲ្យអ៊ំស្រីទៅឲ្យបានសុខណា រឹងមាំឡើងបងស្រីកុំគិតច្រើនណា ពួកខ្ញុំស្រលាញ់បង”។
ទំព័រហ្វេសប៊ុកឈ្មោះ Be pkook បានបង្ហោះសារថា “ពេលនេះបងស្រី ស៊ូ ស៊ីរីកា ដែលជាតារាចម្រៀងនៅផលិតកម្មថោន មានទុក្ខជាទម្ងន់ ដែលបងស្រីត្រូវបានបាត់បង់អ្នកម្ដាយជាទីស្រលាញ់ ដូចនេះសូមបងប្អូនក៏ដូចជាសិល្បៈករទាំងអស់ចូលរួមរំលែកទុក្ខផង?? ដែលតម្កល់នៅវត្តញាណរង្សី ហើយធ្វើកាបូជានៅថ្ងៃទី១០ ខែកុម្ភៈ វេលាម៉ោង 8 ព្រឹក”។
តាមដំណឹងថា អ្នកម្ដាយរបស់តារាចម្រៀងស៊ូ ស៊ីរីកា បានចែកឋានទៅដោយសារតែរោគាពាធ ខណៈដែលចាប់តាំងពីដឹងដំណឹងភ្លាមអ្នកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន រួមទាំងអ្នកនៅក្នុងសង្គមសិល្បៈផង បានចូលរួមរំលែកទុក្ខ និងលើកទឹកចិត្តដល់នាងតាមរយៈហ្វេសប៊ុក គឺចង់នាងរឹងមាំឡើង តស៊ូឡើង ព្រោះនាងនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ៕